• 2018-11-12 11:51:00
  • ការអប់រំ

អ្វី​ទាំង​អស់ គឺ​មក​ពី​រើស​បាន​នាឡិកា បើ​មិន​អីចឹង ប្រាកដ​ជា​គ្មាន​រឿង​ទេ!

  • 2018-11-12 11:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ...ចាប់​ផ្ដើម​សប្ដាហ៍​ថ្មី​ជា​មួយ​រឿង ហួស​ចិត្ត​ថ្មីៗ ចែក​រំលែក​ដោយ​ប្រិយមិត្ត​យើង​ទៀត។ ថ្ងៃ​ច័ន្ទ​នេះ បង​ប្រុស​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ មាន​រឿង​មាន​រ៉ាវ​ជាមួយ នាឡិកា ដៃ មិន​ដឹង​ថា នាឡិកា​បាន​ធ្វើ​អី​គាត់​ទេ។

បាទ ជម្រាប​សួរ​បង​ប្អូន...និយាយ​មែន មក​ដល់​សព្វ​ថ្ងៃ ពេល​ខ្លះ​ខ្ញុំ​នៅ​តែ​គិត​ថា អ្វី​ដែល​ពុក​បាន​ធ្វើ​មក​លើ​ខ្ញុំ គឺ​ដូច​មិន​ត្រូវ...ឥឡូវ​បង​ប្អូន​ចាំ​ស្ដាប់។ ខ្ញុំ​បាទ ជា​អ្នក​ពោធិ៍សាត់ ប៉ុន្តែ​សុំ​មិន​ជម្រាប​ថា ស្រុក​ណា​ភូមិ​ណា​ទេ...កាល​នៅ​រៀន​អនុវិទ្យាល័យ​អំឡុង​ឆ្នាំ ៩០ជាង សាលា​របស់​ខ្ញុំ រមែង​ចែក​វេន​យាម​នៅ​ថ្ងៃសៅរ៍ អាទិត្យ ដើម្បី​មើល​ការពារ​ដំណាំ​ដំឡូង​ដែល​មាន​ដាំ​នៅ​ក្នុង​បរិវេណ​សាលា។

រូប​តំណាង

នៅ​ក្នុង​សាលា មាន​អណ្ដូង​២ គឺ​អណ្ដូង​ស្នប់​មួយ អណ្ដូង​យោង​ដោយ​ដៃ​មួយ សម្រាប់​ប្រើ​ប្រាស់...ត្បិត​ថា អណ្ដូង​ស្នប់​ស្រួល​ប្រើ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​យក​ទឹក​មក​ញុំា​ទេ ក្រៅ​ពី​ដើម្បី​ស្រោច​ស្រព​ដំណាំ​ផ្សេង​ៗ​ក្នុង​សាលា ត្បិត​ថា ទឹក​វា​ចេញ​មក​មិន​សូវ​ល្អ។ ភាគ​ច្រើន សិស្ស​ទៅ​ញុំា​ទឹក​អណ្ដូង​ដៃ(អណ្ដូង​រៀប​ថ្ម​បាយ​គ្រាម) ព្រោះ​មាន​ទឹក​ថ្លា​ល្អ និង​ត្រជាក់ ប៉ុន្តែ​ពិបាក​បន្តិច​ត្រង់​ថា មិន​មាន​យោង(ឧបករណ៍​ដង​ទឹក​ពី​អណ្ដូង)​សម្រាប់​ដង ឬ​យោង​ទឹក​ពី​អណ្ដូង​ទេ។

ចង់​ញុំា គឺ​ត្រូវ​ចុះ​ទៅ​ដួង​ដោយ​ផ្ទាល់​ដោយ​ខ្លួនឯង។ នៅ​ថ្ងៃ​មួយ ដែល​ជា​ថ្ងៃ​ក្រុម​ខ្ញុំ​ត្រូវ​ចាត់​តាំង​ឲ្យ​យាម ខ្ញុំ​បាន​ទៅ​ចុះ​ក្នុង​អណ្ដូង​ដង​ទឹក​ផឹក ក្រោយ​ពី​ផឹក​រួច​ហើយ ខ្ញុំ​ក៏​ឡើង​មក​វិញ ក៏​ប្រទះ​ឃើញ នាឡិកា ដៃ​មួយ​ម៉ាក Seiko ដែល​ជា​ម៉ាក​ល្បី​ជាង​គេ​សម័យ​នោះ នៅ​ក្បែរ​មាត់​អណ្ដូង...ខ្ញុំ​គិត​ថា ម្ចាស់​នាឡិកា បាន​ដោះ​វា​ទុក​នៅ​មាន​អណ្ដូង​មុន​ពេល​ចុះ​ទៅ​ផឹក​ទឹក ព្រោះ​ខ្លាច​រហូត​ជ្រុះ​ទៅ​ក្នុង​អណ្ដូង។ សរុប​មក គឺ​ខ្ញុំ​រើស​បាន​នាឡិកា​នេះ យក​ទៅ​ផ្ទះ​ជាមួយ​ចិត្ត​សប្បាយ​រីករាយ។

ទៅ​ដល់​ផ្ទះ ខ្ញុំ​បាន​ឲ្យ​ទៅ​ពុក ព្រោះ​ជា​នាឡិកា​មនុស្ស​ធំ ខ្ញុំ​ពាក់​មិន​ត្រូវ​ទេ។ ពុក​ក៏​ត្រេក​អរ​ដែរ និង​បាន​សួរ​ពី​ដំណើរ​រឿង ព្រោះ​គាត់​ខ្លាច​ខ្ញុំ​យក​របស់​គេ...ក្រោយ​ពី​ដឹង​ថា​ខ្ញុំ​រើស​បាន​ហើយ គាត់​យក​នាឡិកា​នោះ​ពាក់​រហូត​មក។ ប្រមាណ​ជា ១​ខែ​ក្រោយ​មក នៅ​ថ្ងៃ​មួយ​បន្ទាប់​ពី​ចេញ​ពី​សាលា​មក​ផ្ទះ​វិញ ខ្ញុំ​ឃើញ​ពុក​ព្យួរ​នាឡិកា​នោះ នៅ​នឹង​ដែក​គោល​ជាប់​សរសេរ​ក្រោម​ផ្ទះ ហើយ​គាត់​ទៅ​ធ្វើ​ការ​បាត់​ហើយ។

ខ្ញុំ​គិត​ថា ពុក​ប្រហែល​ជា​ភ្លេច...ដូច្នេះ​ត្បិត​ដឹង​ថា វា​ធំ​ជាង​ដៃ​មែន ប៉ុន្តែ​ដោយ​សារ​មាន​ចិត្ត​ស្រឡាញ់​ដែរ ព្រោះ​កាល​ណោះ មាន​នាឡិកា​នេះ គឺ​ឡូយ​ជាង​គេ​ហើយ អីចឹង​ហើយ​ខ្ញុំ​ក៏​យក​មក​ពាក់​នៅ​នឹង​ដៃ ដោយ​ពាក់​អូស​មក​ដល់​កំភួន​ដៃ​ទើប​ណែន។ រសៀល​ខ្ញុំ​ក៏​ដល់​ម៉ោង​ចូល​រៀន​ជា​ថ្មី ខ្ញុំ​ក៏​បាន​ពាក់​នាឡិកា​នោះ​ទៅ​សាលា​សិន ចាំ​ត្រឡប់​មក​វិញ ចាំ​យក​ឲ្យ​ពុក​វិញ។

រូប​តំណាង

ម៉ោង​ចេញ​លេង ខ្ញុំ​ក៏​បាន​ទៅ​ផឹក​ទឹក​នៅ​អណ្ដូង​ថ្មី​បាយ​គ្រាម​នោះ​ទៀត...ពេល​ចុះ​ដល់​ជិត​បាត​អណ្ដូង​ល្មម​ឱន​ដង​ទឹក​បាន ខ្ញុំ​ក៏​ឱន​ដង​ទឹក ស្រាប់ "ផ្លូក" នាឡិកា របូត​ជ្រុះ​ចេញ​ពី​ដៃ ធ្លាក់​ចូល​ទឹក​បាត់។ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ ព្រោះ​អណ្ដូង​មិន​រាក់​ប៉ុន្មាន​ទេ ខ្ញុំ​បាន​ព្យាយាម​យក​ឈើ​វែង​ៗ មក​រាវ​សាក ប៉ុន្តែ​ប្រហែល​កន្លះ​ម៉ោង អត់​បាន​លទ្ធផល​ទេ។ ខ្ញុំ​ក៏​សម្រេច​ថា បោះបង់​ចោល​ការ​ព្យាយាម​ត្រឹម​ប៉ុណ្ណឹង ខ្ញុំ​គិត​ថា របស់​រើស​បាន វា​បាត់​ទៅ​វិញ ហើយ​បាត់​នៅ​កន្លែង​រើស​បាន​ទៀត វា​ដូច​ជា​ចៃដន្យ​ពេក ណ្ហើយ​វា​មិន​មែន​របស់​យើង​ទេ។

ល្ងាច​ចេញ​ពី​សាលា ទៅ​ដល់​ផ្ទះ​វិញ ពុក​សួរ​ថា "អា​ក្អូន ឯង​មាន​ឃើញ​នាឡិកា​ពុក​ព្យួរ​ទុក​នៅ​សសរ​ទេ?”។ ខ្ញុំ​ឆ្លើយ​កុហក​ថា "អត់​ឃើញ​ផង!”។ ពុក​ខ្ញុំ​ក៏​សង្កត់​សួរ "ច្បាស់​ហើយ​អ្ហេស...ប្រយ័ត្ន​ពុក​ដឹង​ថា កុហក ពុក​វៃ​ហើយ​ណា ប្រាប់​មក ឃើញ​អត់!”។ ដោយ​សារ​ក្មេង​ផង មិន​មាន​ទេពកោសល្យ​សម្ដែង​លាក់​បាំង​ឲ្យ​ដល់​កម្រិត​កំពូល ខ្ញុំ​ក៏​បាន​ប្រាប់​ពុក​តាម​ត្រង់​ថា ខ្ញុំ​ឃើញ និង​បាន​ពាក់​ទៅ​សាលា ហើយ​ក៏​ជ្រុះ​ចូល​អណ្ដូង​កន្លែង​ដែល​ខ្ញុំ​រើស​បាន​នោះ​បាត់​ទៅ​វិញ​ហើយ។

ខ្ញុំ ប្រាប់​គាត់ ព្រោះ​គិត​ថា ពុក​នឹង​មិន​ប្រកាន់​ខឹង​នឹង​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​បាន​ប្រាប់​គាត់​ត្រង់​ហើយ ម្យ៉ាង​របស់​នោះ មិន​ជា​របស់​ដែល​ប្រើ​លុយ​ទៅ​ទិញ​ផង ពោល​គឺ​ជា​របស់​ដែល​ខ្ញុំ​រើស​បាន​ទៀត។ តែ​គេ​ថា មនុស្ស​គិត មិន​ដូច​ទេវតា​គិត​មែន បង​ប្អូន​អ្ហើយ ពុក​ចាប់​ដៃ​ជាប់ យក​ខ្សែ​ក្រវាត់​វាត់​ខ្វាច់​ៗ...ខ្ញុំ​យំ​រមួល​ខ្លួន។ ពុក​គាត់​ខឹង​ថា ធំ​ប៉ុណ្ណឹង​ហើយ នៅ​ភ្លើ​ឲ្យ​ជ្រុះ​បាត់​របស់​ទៀត...។

គាត់​លេង​ម៉ា​អស់​ចិត្ត...ទើប​ឈប់...ក្រោយ​មក​ខ្ញុំ​ចេះ នឹក​ហួស​ចិត្ត​ថា អ្ហេ របស់​ខ្ញុំ​រើស​បាន​ខ្លួន​ឯង ធ្វើ​បាត់​ខ្លួន​ឯង បែរ​ជា​ត្រូវ​រំពាត់...បើ​កុំ​រើស​បាន ប្រាកដ​ជា​គ្មាន​រឿង​ទេ...តាម​មើល​នេះ​ហើយ គេ​ថា បាប​កម្ម​មែន​ទេ​បង​ប្អូន...តែ​បាបកម្ម​យ៉ាង​ម៉េច បើ​ខ្ញុំ​មិន​មែន​ទៅ​លួច​របស់​គេ​ឯណា គឺ​ខ្ញុំ​រើស​បាន​ទេ​តើ...! ហ៊ឹម...អីចឹង​បាន​ថា របស់​រើស​បាន​ខ្លះ ​មិន​ប្រាកដ​ថា​ល្អ​ទេ...តិច​ឃើញ​គេ​ជ្រុះ​លុយ ១០ម៉ឺន​ដុល្លារ​អី​ទៅ​រើស ហឹម...!

អត្ថបទ៖ ទារិកា

មតិយោបល់