• 2019-03-27 04:36:48
  • សេដ្ឋកិច្ច

​ត្រឹម​រយៈ​ជិត​បី​ខែ​សោះ កម្ពុជា​នាំ​ចេញ​ចេក​អំបូង​លឿង និង​ស្វាយ​រាប់​តោន​ ទៅ​ក្រៅ​​ប្រទេស​​​

  • 2019-03-27 04:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​រយៈពេល​ជិត ៣ខែ​ក្នុង​ឆ្នាំ ២០១៩នេះ ​កម្ពុជា​បាន​នាំ​ចេញ​ចេក​អំបូង​លឿង​ប្រមាណ ១ម៉ឺន៦ពាន់តោន​ និង​ផ្លែ​ស្វាយ​បានជិត ១ម៉ឺន ៥​​ពាន់តោន ទៅ​កាន់​ទីផ្សារ​បរទេស។ នេះ​បើ​តាម​ប្រសាសន៍​ ឯកឧត្តម​ វេង​ សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ថ្លែង​អ្នកសារព័ត៌មាន​​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​​អាហ្វ្រិក​​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី ​២៦ ខែ​មីនា ម្សិល​​មិញ។

ឯកឧត្ដម​បន្ថែ​ម​ថា បូក​រួ​ម​ទាំង​ផលិតផល​​កសិកម្ម​ដទៃ​ទៀត​មាន​អង្ករ និង​ដំឡូង​មីជា​ដើម​​ កម្ពុជា​បាន​នាំ​ចេ​ញ​ទៅ​កាន់​ទីផ្សារ​បរទេស​រហូត​ដល់​ទៅ​ប្រមា​ណ​២ លាន​តោន​ ក្នុង​ពេល​ជិត​បី​ខែ​ កន្លង​មក​នេះ។ តាម​ទិន្នន័យ ដែល​គិត​ត្រឹម​ថ្ងៃទី ២៥ ខែ​មីនា ម្សិល​មិញ​នេះ ​ក៏​មានការ​បែង​ចែក​ជាពីរ​ផងដែ​រ​ពោល​ គឺ​ការ​នាំចេញ​ផលិត​កសិកម្ម​តាម​ផ្លូវការ មាន​ជាង ១លាន ៤សែនតោន និង​ការ​នាំ​ចេញ​ក្រៅ​ផ្លូវ​ការ​ជាង ១លានតោនទៀត ខណៈ​ការ​នាំ​ទិន្នផល​កសិកម្ម​ទៅកាន់​បរទេស​ដំណើរ​ការ​​​ល្អ​​​ប្រសើរ។

ឯកឧត្ដម​បន្ត​ថា បច្ចុប្បន្ន​ទីផ្សារ នាំ​ចេញ​ផលិត​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា រួមមាន​ប្រទេស​បារាំង ប្រមាណ ៤០% ទីផ្សារ​ប្រទេស​ចិន​ប្រមាណ ៤០% រួម​ទាំង​ទីផ្សារ អឺរ៉ុប និង​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ​ការ​នាំចេញ​ចេក​អំបូង​លឿង​ពី​កម្ពុជា​ ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន បាន​​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​​នៅ​ខែ​មករា​ឆ្នាំ ​២០១៩​នេះ​ ក្រោយ​កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធីសារ​មួយ អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន។ ប្រទេស​ចិន បាន​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​ចេញ​ចេក​៣០ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ចេក​អំបូង​លឿង​​កម្ពុជា​ទទួល​ទិន្នផល​ល្អ និង​ការ​​ចាប់អារម្មណ៍​ខ្លាំង​​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​​នា​ពេល​នេះ​ពិត​ជា​បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​របស់​ក្រុមហ៊ុន​ផង​ និង​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​​ផង ក្នុង​ការ​គោរព​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ នៃ​ការ​ដាំ​ដុះ និង​ការ​វេច​ខ្ចប់​តាម​ស្តង់ដារ​អនាម័យ​ខ្ពស់។ លទ្ធផល​នេះ​ក៏​​បាន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​ក្រសួង​ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ ក្នុង​ស្រុក​បង្កើន​តម្លៃ​បន្ថែម បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចំណាក​ស្រុក​តាម​រយៈ​ការ​អភិវឌ្ឍ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម។ ​

ឯកឧត្ដម រដ្ឋមន្ត្រី​កាល​ពី​ពេល​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ឆ្នាំ ២០១៩នេះ កម្ពុជា​អាច​នាំ​ចេញ​ចេក​អំបូង​លឿង ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជាង ១លានតោន ។ ការ​អះអាង​របស់​ឯកឧត្ដម​​រដ្ឋមន្ត្រី​ដូចនេះ ធ្វើឡើង​បន្ទាប់​ពី​ឯកឧត្ដម​បាន​សង្កេត​ឃើញ​ថា ត្រឹម​ដើម​ឆ្នាំ​២០១៩​ តែប៉ុណ្ណោះ​ កម្ពុជា​បាន​នាំ​ចេញ​ចេកអំបូង​លឿង​បាន​ប្រមាណ​ជាង​ ៦ ០០០​តោន​រួច​ទៅ​ហើយ ​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

​តាម​ការ​ប៉ាន់​ប្រមាណ​ កម្ពុជា​អាច​នាំ​ផលិត​ទិន្នផល​កសិកម្ម​ឆ្នាំ ២០១៨ -២០១៩ បាន​ប្រមាណ ២៧​​លាន​​តោន ដែល​ចរាចរណ៍​នាំចេញ​ទៅ​ក្រៅ​ប្រទេស​យ៉ាង​ប្រសើរ៕    

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទថ្មី