• 2019-04-18 12:00:00
  • ការអប់រំ

សុខចិត្តចាយខ្លួនឯងរៀនសិន ដើម្បីចំណេញឱកាសមាសនៅអាមេរិក (មានវីដេអូ)

  • 2019-04-18 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

លោក ហ៊ួត ពិទូរ្យ ជា​និស្សិត​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​បញ្ញវន្ត​ខ្មែរ​ជាច្រើន​ទៀត ដែល​​កំពុង​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។​ លោក​បាន​ប្រាប់​ពី​បទពិសោធន៍​​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ ជម្នះ​បញ្ហា​នានា​ ទម្រាំ​មាន​ថ្ងៃនេះ ​ដើម្បី​ចែក​រំលែក​ដល់​​យុវជន​ខ្មែរ ដែល​មាន​បំណង​ចង់​មក​រៀន​នៅ​បរទេស ពិសេស​មក​កាន់​សហរដ្ឋអាមេរិក។

អ្វី​ដែល​កាន់​តែ​ពិសេស ក្រោយ​ពេល​រៀន​ចប់ និស្សិត​ខ្មែរ​រូប​នេះ មាន​បំណង​ចង់​ត្រលប់​មក​នៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

លោក ហ៊ួត ពិទូរ្យ

ចុច​ត្រង់​នេះ​ដើម្បី​មើល​វីដេអូ​​សម្ភាស​លោក ហ៊ួត ពិទូរ្យ ជា​និស្សិតខ្មែរលម្អិត​ពី​ការ​សិក្សា​នៅ​អាមេរិក។

ក្នុង​បទសម្ភាសន៍​ជាមួយ Sabay យុវជន​រូប​នេះ​បាន​បញ្ជាក់​ទៅ​កាន់​យុវជន​ខ្មែរ​មួយ​ចំនួន សូម​ស្វះស្វែង​ចាប់​ឱកាស​ ដើម្បី​អាច​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង​ជាមុន ដើម្បី​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​សកល​នា​ពេល​អនាគត។ ​មក​រៀន​អាមេរិក​តាម​រយៈ​អាហារូបករណ៍​ពិត​ជា​រឿង​ល្អ ប៉ុន្តែ​ក៏​សូម​ដឹង​មុន​ដែរ​ថា អ្នក​ជាប់​មួយ​ៗ ​គឺ​មិនមែន​​ងាយ​ស្រួល​ទេ ដោយហេតុ​ថា​សាលា​ទាំង​អស់​មាន​លក្ខខណ្ឌ​កំណត់​ខ្ពស់​ៗ​ណាស់។ បើ​បាន​រៀន​ហើយ តែ​យើង​រៀន​មិន​ពូកែ អាហារូបករណ៍​ក៏​អាច​របូត​វិញ​ដែរ។

លោក ហ៊ួត ពិទូរ្យ បន្ត​ទៀត​ថា ការ​មក​រៀន​នៅ​ទីនេះ​បាន សូម​កុំ​ចាំបាច់​តែ​​អាហារូបករណ៍​ ព្រោះ​ថា​អាមេរិក​មាន​សាលា​ច្រើន និង​ជម្រើស​ផ្សេងទៀត​ដែល​យើង​គួរ​ដឹង ជាក់ស្ដែង​មហាវិទ្យាល័យ​សហគមន៍​នៅ​តាម​រដ្ឋ​និមួយៗ ​មាន​តម្លៃ​សមរម្យ គុណភាព​សិក្សា​ល្អ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ដឹង។

នេះ​បើ​តាម​លោក ហ៊ួត ពិទូរ្យ ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានវិទ្យា ឬ​ភាសា​អង់គ្លេស​ហៅថា (Information System) នៃ​សកល​វិទ្យាល័យ​សហគមន៍ Santa Fe ក្នុង​ទីក្រុង Gainesville នៃ​រដ្ឋ Florida។ លោក​បាន​ផ្លាស់​មក​រស់នៅ​អាមេរិក​ជាមួយ​ក្រុម​គ្រួសារ អស់​រយៈពេល​៤ឆ្នាំ​មក​ហើយ ក្នុង​ជីវភាព​រស់នៅ​មធ្យម (សម្រាប់​អ្នក​នៅ​អាមេរិក)។

ទោះ​បើ​កើត​ក្នុង​ជីវភាព​គ្រួសារ​ល្អ​យ៉ាង​នេះ​ក្ដី តាំង​ពី​បាន​ចូល​រៀន​នៅ​ទីនេះ​មក លោក ហ៊ួត ពិទូរ្យ បាន​បញ្ជាក់​ថា ខ្លួន​មិន​ដែល​ពឹង​ពាក់​លុយ​គ្រួសារ​ជួយ​ទេ។ លោក ​សុខចិត្ត​ហត់​បន្តិច រៀន​ផង ចេញ​ធ្វើការ​ផង​ទោះ​កំប៉ិកកំប៉ុក ក្នុង​នាម​ជា​និស្សិត​ថ្នាក់​បង់ថ្លៃ​សិក្សា ដែល​ចង់​ចេះ​ ចង់​ដឹង​ចំណេះ​ដឹង​ថ្មី​នៅ​បរទេស។

កាល​ទើប​មក​រៀន​ថ្មីថ្មោង និស្សិត​ខ្មែរ​រូប​នេះ​បាន​រំលឹក​ថា ពេល​ខ្លះ​ជួប​បញ្ហា​បាក់ទឹកចិត្ត​ដែរ ព្រោះ​មាន​រឿង​ពិបាក​ច្រើន ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក។ ទោះ​យ៉ាង​នេះ​ក្ដី ដោយសារ​ចិត្ត​ស្រលាញ់​ការ​សិក្សា ទើប​លោក​នៅ​តែ​ព្យាយាម សួរ​នាំ​គេ​ឯង​ក្នុង​ថ្នាក់ ឬ​គ្រូ​ៗ​នៅ​ក្នុង​សាលា ជាហេតុ​លោក​អាច​កែ​ប្រែ​ស្ថានភាព​លំបាក ទៅ​ជា​ឱកាស​ល្អ​ៗ​ដើម្បី​រៀន​បន្ត។ បន្ទាប់​មក​ដោយ​សារ​ការ​ខិតខំ​ប្រែង រៀន​សូត្រ​ មិន​ដែល​អវត្តមាន ទី​បំផុត​លោក​​បាន​លទ្ធផល​សិក្សា​ល្អ ហើយ​សាលា​ក៏​បាន​សម្រេច​ផ្ដល់​បាន​ជំនួយ​ហិរញ្ញវត្ថុ​ជួយ​ដល់​ការ​សិក្សា​មួយ​ផ្នែក​ធំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រៀន​បន្ត។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់