• 2019-05-09 06:45:00
  • ការអប់រំ

ចប់ហើយ! ប៉ាម៉ាក់ហ៊ានតែធ្វើ១០រឿងនេះ ដូចបំផ្លាញអនាគតកូនចោលទទេៗ

  • 2019-05-09 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 103

ចន្លោះមិនឃើញ

ជាទូទៅ​ឪពុកម្ដាយ និង​អាណាព្យាបាល​គ្រប់រូប​តែងតែ​ស្រឡាញ់​កូន​ដូច​ៗ​គ្នា។ ​ទន្ទឹម​នឹង​ការ​ស្រឡាញ់​នេះ ជា​រឿយ​ៗ​កំហុស​ឆ្គង​របស់​ប៉ា​ម៉ាក់​ភាគច្រើន​ បាន​បង្កើត​នូវ​កំហុស​ឆ្គង​នានា​ដែល​មាន​ឥទ្ធិពល​អាក្រក់​ដល់​កូនៗ ដោយ​មិន​ដឹង​ខ្លួន។

ចៀសវាង​បំផ្លាញ​អនាគត​កូន​ជាទី​ស្រឡាញ់​ អ្នក​មិនគួរ​ចិញ្ចឹម និង​ប្រដៅ​កូន​ តាម​វិធី​ទាំង​១០​ដូច​ខាងក្រោម៖

១០. ហួងហែង​ពេក រហូត​កូន​អស់​ពួក​ម៉ាក​រលីង

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​សមាគម​ចិត្តសាស្ត្រ​អាមេរិក​បាន​កត់​សម្គាល់​ថា នេះ​ជា​ប្រភេទ​ឪពុកម្ដាយ​ដែល​តែងតែ​ហួងហែង​កូន​ៗ​របស់​ពួកគេ​ក៏​ព្រោះ​តែ​ការ​ស្រឡាញ់​ និង​ចង់​ឲ្យ​កូន​មាន​សុវត្ថិភាព​ហួស​ហេតុ។

ដូច្នេះ​ហើយ ពួកគេ​តែង​ប្រាប់​កូន​ៗ​ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ​តាម​ចិត្ត​ខ្លួន សូម្បី​តែ​រឿង​កំប៉ិក​កំប៉ុក​ មិន​ដែល​ទុក​ពេល​ឲ្យ​កូន​ចេះ​គិត ឬ​បង្ហាញ​អារម្មណ៍​តាម​ធម្មជាតិ​របស់​ក្មេងៗ​ឡើយ។ ការ​ចិញ្ចឹម​បែប​នេះ​ នឹង​បង្ក​ឲ្យ​កូន​មាន​បញ្ហា​អាកប្បកិរិយា​ និង​ចូល​ចំណោម​គេ​មិន​ចុះ​ជាមួយ​មនុស្ស​នៅ​ក្នុង​សង្គម។

៩. វៃ​កូន​ជា​ប្រចាំ

អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ការ​ប្រដៅ​កូន​ដោយ​វិធី​វៃ​ដុំ​ អាច​នាំ​បញ្ហា​ច្រើន​ដល់​សុខភាព​។ ឪពុកម្ដាយ​ជាច្រើន​ជឿ​ថា​ការ​វៃ​ដុំ​កូន​ៗ គឺ​ជា​ជម្រើស​ល្អ​ សម្រាប់​ទុក​ចាត់​ការ​កូន​ៗ ពេល​និយាយ​មិន​ស្ដាប់​គ្នា។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​កាល​ពី​ឆ្នាំ​២០១២ បាន​រក​ឃើញ​ថា មាន​ឪពុកម្ដាយ​ដល់​ប្រមាណ​៩៤% មាន​ទម្លាប់​ប្រដៅ​កូន​ដោយ​ការ​វៃ​ដុំ​ជា​ប្រចាំ។

ការ​យល់​ឃើញ​បែបនេះ គឺ​ខុស​ស្រលះ​ពី​លក្ខណៈ​វិទ្យាសាស្ត្រ​ ហើយ​វា​ថែម​ទាំង​នាំ​ឲ្យ​កូន​អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ អ្នក​ជំនាញ​សុខភាព​កុមារ​បាន​បញ្ជាក់​ថា កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​បែប​នេះ តែង​មាន​បញ្ហា​អត្តចរិត​ខ្លាំង ដូចជា​និយាយ​មិន​ចេះ​ស្ដាប់​គ្នា ឬ​រឹងរូស​ខ្លាំង។ ក្រៅ​ពី​នេះ​កុមារ​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវចិត្ត​ទាំង​វ័យ​ក្មេង បេះដូង ​ហឺត និង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក។

៨. ប្រៀបធៀប​កូន​

អ្នក​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទង្វើ​តិចតួច ដែល​អ្នក​តែង​ធ្វើ​ដាក់​កូន​ជាទី​ស្រឡាញ់ ដែល​នាំ​ជា​ការ​ឈឺចាប់​ឲ្យ​កូន​ៗ​មិន​ងាយ​បាត់។ នៅ​ពេល​កូន​ៗ ធ្វើអ្វី​មិន​ទាន់​បាន​ល្អ ឪពុកម្ដាយ​មួយ​ចំនួន​ចូលចិត្ត​ស្ដី​បន្ទោស​ បង្អាប់ និង​ប្រៀប​ធៀប​កូន​ខ្លួនឯង​ទៅ​នឹង​កូន​គេ​មិន​ចេះ​ស្វាង។ ឧទាហរណ៍៖ ១. គ្រាន់​តែ​រឿង​តូច​ប៉ុណ្ណឹង​សោះ ក៏​ឯង​ធ្វើ​មិន​កើត ល្ងង់​មែន!។

២. ឃើញ​ទេ​មើល​កូន​គេ​ឆ្លាត​ណាស់ ធ្វើ​បាន​ល្អ​លើស​ឯង ១០០​ដង​ដឹង​អត់? ឯង​វិញ​អន់​ណាស់ ​គ្មាន​បាន​១​ចំណិត​កូន​គេ​ទេ! នេះ​ជា​សម្ដី​ចាក់​ដោត​ណាស់ ការ​ប្រើ​​សម្ដី​បែប​នេះ ចំពោះ​កុមារ គឺ​ប៉ះពាល់​ខ្លាំង​ដល់​អារម្មណ៍ និង​បង្ក​ជា​ការ​ឈឺ​ចាប់​បំផុត ដែល​អ្នក​គួរ​ចៀសវាង។

៧. គ្មាន​ភាព​ច្បាស់លាស់

អ្នក​គ្មាន​ភាព​ច្បាស់លាស់​ដែល​ជា​គំរូ​ល្អ​ទុក​ឲ្យ​កូន​មើល។ ករណី​ថា​អ្នក​ចង់​ប្រើ​កូន​ឲ្យ​ធ្វើ​អ្វី​មួយ បើ​កូន​មិន​ព្រម​ធ្វើ គឺ​អ្នក​តែង​គ្មាន​ហេតុផល​ពន្យល់​កូន ឬ​សួរ​ពី​មូលហេតុ​សមរម្យ រួច​ហើយ​អ្នក​ក៏​រត់​ទៅ​ធ្វើ​ខ្លួនឯង។

៦. ស្រែក​​ដាក់​កូន​ខ្លាំង​ៗ

នៅ​ពេល​អ្នក​ខឹង​កូន​ហើយ​អ្នក​រើស​យក​វិធី​ស្រែក​ដាក់​កូន​ខ្លាំង​ៗ ដើម្បី​បន្ធូរ​កំហឹង ដើម្បី​ឲ្យ​កូន​ខ្លាច។ អ្នក​យល់​ខុស​ហើយ ព្រោះ​បើ​អ្នក​ប្រកាន់​ឥរិយាបថ​បែបនេះ គឺ​គ្មាន​លទ្ធ​ផល​ល្អ​ទេ​ចំពោះ​កុមារ ហើយ​វា​ក៏​រឹតតែ​ធ្វើ​ឲ្យ​កូន​អ្នក​កាន់តែ​ខូច​ដេញ​ឡើង។

៥. ដាក់​ការ​រំពឹង​ខ្ពស់​ចំពោះ​កូន

ជឿ​ថា​ឪពុកម្ដាយ​គ្រប់រូប គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​ៗ​ខ្លួន​បាន​ល្អ​ប្រសើរ។ យ៉ាង​នេះ​ក្ដី​អ្នក​ក៏​មិន​គួរ​ដាក់​ការ​រំពឹង​ទុក​គ្រប់​រឿង ដូចជា​ការ​សិក្សា​កូន​ត្រូវ​តែ​ជាប់​លេខ ១​ជាប់​ៗ​គ្នា មិនថា​មាន​រឿង​អ្វី​ក៏​ដោយ ហាម​រៀន​ជាប់​លេខ​បាត​តារាង​ដាច់​ខាត។ ​នេះ​ជា​ការ​រំពឹង​ខ្ពស់​ជ្រុល និង​នាំ​សំពាធ​ដល់​​កូន​ៗ រហូត​ប៉ះពាល់​ដល់​អារម្មណ៍​កុមារ លែង​ចង់​រៀន​សូត្រ។

លោក Ryan Hong អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ជាតិ​ប្រទេស​សិង្ហបុរី​បាន​ពន្យល់​ថា ក្មេង​ៗ​តែង​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​ខុស​ឆ្គង ​នៅ​ពេល​ឪពុកម្ដាយ​របស់​ពួកគេ ​ដាក់​ការ​​រំពឹង​លើស​លប់ ថា​ពួកគេ​នឹង​ធ្វើ​អ្វី​១​ល្អ​ឥត​ខ្ចោះ។

៤. ចេះ​តែ​ឆ្ងល់​ថា​ ម៉េច​កូន​​ធ្វើ​រឿង​អាក្រក់​មក​ពី​ណា?

ចំណុច​នេះ​មិន​បាច់​ឆ្ងល់​ទេ កូន​អ្នក​គឺ​គ្មាន​ពិបាក​ទៅ​រៀន​សាលា​ណា​ទេ​អស់​លុយ​មួយ​រៀល​ទេ ក្រៅ​តែ​ឃើញ​សកម្មភាព និង​លឺ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​របស់​ឪពុកម្ដាយ​នឹង​ឯង។ ឧទាហរណ៍ អ្នក​និយាយ​ទូរស័ព្ទ​លេង​ជាមួយ​មិត្តភ័ក្ដិ​អ្នក ហើយ​អ្នក​ភ្លេច​ខ្លួន​ហៅ​គ្នា ឯងៗ ឬ​អញ​ៗ ឬ​ពាក្យ​ប្លែក​ៗ​នានា ខណៈ​កូន​អ្នក​នៅ​ជិត​នោះ។ កុមារ​ដូច​ផ្ទាំង​សំពត់ ស គឺ​ងាយ​ប្រឡាក់ និង​ប្រាកដ​ណាស់ កូន​អ្នក​នឹង​ចេះ​ចាំ​ពាក្យ​អសុរ​ទាំង​នោះ​យ៉ាង​ងាយ​បំផុត។

៣. បន្លាច​កូន!

ការ​ចិញ្ចឹម​កូន​ពិត​ជា​នឿយ​ហត់​ណាស់។ ឪពុកម្ដាយ​ដែល​ហត់​នឿយ និង​ពិបាក​លួង​កូន​ឲ្យ​គេង គឺ​តែង​និយាយ​បន្លាច​កូន​ថា បើ​កូន​មិន​ព្រម​គេង​ទេ​ប៉ា ឬ​ម៉ាក់ និង​ឲ្យ​ប្រមាត់​ប្រមង់ ឬ​ខ្មោច​មក​ចាប់ ឬ​ខាំ​កូន​ឯង​ហើយ! បន្ទាប់​មក​កូន​អ្នក​ខ្លាច​ពេក ក៏​ប្រឹង​បិទ​ភ្នែក​គេង​លក់​ទៅ។ អ្នក​យល់​ថា​វា​មាន​ប្រសិទ្ធ​ភាព​គ្រាន់​បើ។

តែ​ចំណុច​នេះ បើ​តាម​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​ថា​ការ​ភ័យ​ខ្លាច​នឹង​ធ្វើ​​ខួរក្បាល​របស់​យើង​ថយ​ចុះ ដូច្នេះ​កុមារ​មិន​អាច​មាន​ការ​គិត​រហ័សរហួន​អំពី​ព្រោះ​ពួក​គេ​ជួប​រឿង​ភ័យ​ខ្លាច​ច្រើន​ពេក​។

២. កុំ​ប្រាប់​រឿង​មិន​សមរម្យ​ដល់​កូន​

មាតាបិតា​គួរ​ជៀសវាង​និយាយ​អំពី​រឿង​ទាក់ទង​នឹង​ផ្លូវ​ភេទ​ជាមួយ​កូន​តូច ដែល​គ្នា​មិន​ទាន់​ចេះ​គិត និង​បែង​ចែក​ត្រឹមត្រូវ ព្រោះ​វា​អាច​នាំ​បញ្ហា​ដល់​កុមារ។

១. ទម្រើស​កូន​ខ្លាំង​ពេក

ចៀសវាង​កូន​ខូច​ចរិត ឬ​ពិបាក​ប្រដៅ អ្នក​មិន​គួរ​ចិញ្ចឹម​កូន​ដោយ​ការ​ទម្រើស​ជ្រុល​ពេល​ទេ។ ឧទាហរណ៍៖ អ្នក​តែង​មាន​ទម្លាប់​សរសើរ​កូន​ជ្រុល ដូចជា នៅ​លើ​ពិភពលោក​នេះ គឺ​គ្មាន​អ្វី​ដែល​ល្អ​ជាង​កូន​សំណព្វ​ចិត្ត​របស់​ប៉ា​ម៉ាក់​ទេ កូនជារាជនី ទោះ​កូន​ធ្វើ​ខុស ១​លាន​ដង ក៏​ប៉ា​និង​ម៉ាក់​នៅ​តែ​ស្រឡាញ់​ដដែល។

អ្នក​មិន​គួរ​និយាយ​បែប​នេះ​ទេ ព្រោះ​វា​ជា​សញ្ញា នៃ​ការ​បង្រៀន​កូន​គេច​ពី​ការ​ពិត និង​ធ្វើ​ឲ្យ​កូន​អ្នក​ចេះ​កុហក។

ប្រភព៖ Brightside ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់