• 2019-07-21 00:00:00
  • សុខភាព

ផ្សែង​ ៥ ប្រភេទ​នេះ ​អាច​​នាំ​គ្រោះថ្នាក់ធំ​ដល់​​អាយុ​​ជីវិតនឹកស្មានមិនដល់!

  • 2019-07-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សម័យ​ទំនើប​នេះ មាន​កន្លែង​ជា​ច្រើន​ដែល​សំបូរ​ទៅ​ដោយ​ផ្សែង​កខ្វក់​​ ដែល​បំពុល​ដល់​សុខភាព​ប្រជាជន​យ៉ាង​ខ្លាំង​​។ ត្បិតអី បញ្ហា​ភាគល្អិត​អ៊ីដ្រូកាបួ ​កាបូនម៉ូណូអុកស៊ីដ និង​សារធាតុពុល​ផ្សេងៗ​ទៀត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស។ ដូចនេះ​ អ្នក​គួរតែ​ព្យាយាម​ចៀសឲ្យ​ឆ្ងាយ និង​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ជា​ពិសេស​សម្រាប់​ផ្សែង​ ៥ ប្រភេទ​ដូចជា ៖

១​. ទឹកកក​ស្ងួត

ទឹកកក​ស្ងួត​ ជា​ទម្រង់​ដ៏​រឹង​មាំ​នៃ​កាបូនឌីអុកស៊ីដ។ ​វា​មាន​ភាព​ត្រជាក់​ខ្លាំង​​ណាស់។ បើ​យក​ដៃ​ទៅ​ប៉ះ​ផ្ទាល់ ​វា​អាច​​​ធ្វើ​អោយ​អ្នករលាក​បាន។ ​ទឹកកក​ស្ងួត​បង្កើត​បាន​ឧស្ម័ន​កាបូនឌីអុកស៊ីដ។ ថ្វី​បើ​កាបូនឌីអុកស៊ីដ​មិន​​ពុល​ក៏​​ដោយ​ តែ​វា​អាច​ផ្លាស់​ប្ដូរ​​សារធាតុ​​របស់​ខ្យល់​ អោយមាន​អុកស៊ីហ្សែន​ទាប។ កំហាប់​ឧស្ម័ន​កាបូនឌីអុកស៊ីដកាន់​តែ​ច្រើន​ អាច​បង្ក​​អោយ​មាន​បញ្ហា​គ្រោះថ្នាក់​ធំ ជា​ពិសេស​ទៅ​​ដល់​​សត្វ​ និង​កូន​ក្មេង​​​។

២. ផ្សែង​ឡាន​

នៅ​កម្ពុជា​​​សម្បួរ​ណាស់​ឡាន​ចាស់ៗ ឬ​ឡាន​មួយ​តឹក​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ ឡាន​ចាស់​​ដែល​ជាន់​ហ្គែ​ចេញ​ផ្សែង​ខ្មៅ​នេះ បំពុល​ដល់​បរិស្ថាន​ និង​សុខភាព​មនុស្ស​យ៉ាង​ខ្លាំង។ ​ផ្សែង​ឡាន​ខ្មៅ ដែល​ជា​កាបូនឌីអុកស៊ីដ​ទាំងនេះ អាច​បណ្ដាល​ឱ្យ​ស្បែក​ខូច ភ្នែក​រលាក​ អាឡែករហ្សី ​​​ប៉ះ​ពាល់​សួត​ ​និង​​បណ្ដាល​អោយ​មាន​បញ្ហា​ផ្លូវ​ដង្ហើម។ ម្យ៉ាង​ វា​ផ្ដល់​​គ្រោះថ្នាក់​ដល់​ទារក​ និង​មនុស្ស​ដែល​ទទួល​រង​ពី​ជំងឺបេះដូង​ពី​ព្រោះ​វា​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ដឹក​ជញ្ជូន​អុកស៊ីហ្សែន។

៣. ផ្សែង​ឧស

ភាគ​ច្រើន​អ្នក​នៅ​តាម​ជនបទ​ចូល​ចិត្ត​ប្រើប្រាស់​ឧស​មក​បង្កាត់​ភ្លើង​ចម្អិន​ម្ហូប​អាហារ​ ឬ​ដាំ​ទឹក។ យ៉ាង​ណា​មិញ ពេល​ដែល​បង្កាត់​ភ្លើង គួរ​តែ​ជៀស​វាង​កុំ​ហិត​ផ្សែង​នោះ​។ ពី​ព្រោះ​វា​អាច​បង្ក​អោយ​សួត​ និង​ផ្លូវ​ដង្ហើម​តូច​ចង្អៀត​។ ជាង​នេះ​ទៅ​ទៀត​ ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី​របស់​វា​គឺ​ រលាក​​ភ្នែក បំពង់ក ច្រមុះ ក្អក ពិបាក​ដកដង្ហើម និង​ជំងឺ​ហឺត​ធ្ងន់ធ្ងរ។ ចំណែក​ផល​ប៉ះពាល់​រយៈ​ពេល​វែង គឺ​អាច​កើត​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​ និង​​ប៉ះពាល់​ជំងឺ​រលាក​សរសៃ​ឈាម​បេះដូង​។

​៤. ផ្សែង​ហ្គាស

ជាតិ​ឧស្ម័ន​ចេញ​ពី​ហ្គាស អាច​សម្លាប់​អាយុ​ជីវិត​មនុស្សបាន​ ប្រសិន​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ប្រើប្រាស់​​ក្នុង​ទី​បិត​ឈឹង​គ្មាន​ចន្លោះ​ចេញ ដូចជា​ក្នុង​ផ្ទះ​ ឬ​ឃ្លាំង​ជា​ដើម។ តួយ៉ាង​ អ្នក​​មិន​អាច​មើល​ឃើញ​ផ្សែង​​​នោះ​ទេ​ តែ​វា​ពិត​ជា​​គ្រោះថ្នាក់​ខ្លាំង។

៥. ផ្សែង​បារី

​បារី​មិនមែន​ប៉ះពាល់​តែ​អ្នក​ជក់​ផ្ទាល់​ទេ ប៉ុន្តែ​អ្នក​ដែល​បាន​ហិត​ផ្សែង​​​ត​ពី​គេ​ដ៏​ទៃ​នោះ ​ក៏​មាន​គ្រោះថ្នាក់​ខ្លាំង​ដែរ។​ ជំងឺ​ចម្បងៗ ដែល​អាច​កើត​មាន​ដោយ​សារ​បារី​មាន​ដូចជា​ ខូច​សួត ជំងឺបេះដូង ពិបាក​ក្នុង​ការ​មាន​កូន ស្ត្រី​មាន​ផ្ទៃពោះ និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក៕

ប្រភព៖ thoughtco | HealthyWA | How Stuff Works | Cleveland Clinic | Tox Town ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម