• 2019-07-18 01:49:20
  • ការអប់រំ

អតីត​បេក្ខនារី​និទ្ទេស A ពីរ​រូប ផ្ដាំ​សិស្ស​ប្អូន​ថា កុំ​ឲ្យ​ភ័យ​នៅ​ពេល​ប្រលង

  • 2019-07-18 01:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ថន រតនា បេក្ខនារី​និទ្ទេស A ឆ្នាំ ២០១៨ កត់​សម្គាល់​ឃើញ​ថា នៅ​អំឡុង​ពេល​ប្រលង បញ្ហា​ដែល​បេក្ខជន​ប្រឈម​ខ្លាំង​ជាង​គេ គឺ​ភាព​ភ័យ​ខ្លាច ដែល​បន្លាច​ពួក​គេ​ឲ្យ​ភ្លេចភ្លាំង​នូវ​អ្វី​ដែល​បាន​រៀន​កន្លង​មក​។ នាង​ថា ភាព​ភ័យ​ខ្លាច​ឲ្យ​គុណវិបត្តិ​ពីរ​យ៉ាង​ដល់​បេក្ខជន ទី​មួយ ភ្លេច​នូវ​មេរៀន ដែល​បាន​រៀន​កន្លង​មក ទី​ពីរ ធ្វើ​ឲ្យ​អារម្មណ៍​មិន​ស្ងប់ វិលវល់​គិត​អ្វី​ក៏​មិន​ចេញ និង​មិន​ដាច់​ស្រេច​។

ភាព​ភ័យ​ខ្លាច​កើត​ពី ការ​មិន​ទុក​ចិត្ត​ខ្លួន​ឯង ខ្វល់ខ្វាយ​ច្រើន​ពេក​ពី​វិញ្ញាសា​ប្រលង មិន​ដឹង​ថា​គេ​ចេញ​អ្វី រតនា​បន្ថែម​។

យុវតី​រូប​នេះ​បាន​ថ្លែង​លើក​ទឹក​ចិត្ត​បេក្ខជន ដែល​នឹង​ត្រូវ​ចូល​ប្រលង​ឆ្នាំ​នេះ​ថា កុំ​ភ័យ​ខ្លាច និង​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់ កុំ​ខ្វល់ខ្វាយ កុំ​រាយមាយ​ច្រើន​ពេក​។ វិញ្ញាសា​ដែល​ចេញ​មក វា​អត់​មាន​អ្វី​ក្រៅ​ពី​ក្នុង​មេរៀន​ដែល​បាន​រៀន​រួច​ហើយ​នោះ​ទេ​។

ចំណែក​ឯ កញ្ញា​ពេជ្រ ស្រីនីន បេក្ខនារី​និទ្ទេស A ឆ្នាំ ២០១៨ ក៏​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ត្រូវ​គិត​ថា​ខ្លួនឯង​ធ្វើ​បាន កុំ​មាន​ការ​បារម្ភ​ច្រើន​ពេក​។ ព្រោះ​មុន​ប្រលង​យើង​ម្នាក់ៗ សុទ្ធតែ​ខំ​ប្រឹង​រំឭក​មេរៀន​ទាំង​អស់​គ្នា យ៉ាង​ហោច​ណាស់​ពេល​ប្រលង បើ​មាន​ចន្លោះ​កន្លែង​ណា​មួយ ក៏​យើង​មាន​តម្រុយ​ខ្លះ​ដែរ គិត​បណ្ដើរ សរសេរ​បណ្ដើរ​ទៅ ជួនកាល​ក៏​អាច​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ឡើង​វិញ​ដែរ​។ បើ​អាល័យ​តែ​ភ័យ​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ​។

យោង​តាម​ប្រកាស របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ការ​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៩–២០ ខែ​កក្កដា ឆ្នាំ ២០១៩ ។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់
អត្ថបទពេញនិយម