• 2019-10-18 02:45:33
  • ការអប់រំ

និស្សិត​ធ្វើបទបង្ហាញ​ពីចំណុចពិសេស​របស់​ខេត្ត​៦​ជាប់ទៅទស្សនកិច្ច​នៅជប៉ុន​

  • 2019-10-18 02:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ឆ្នាំ​ទី​បី​មក​ពី​សាកល​វិទ្យាល័យ​នានា​ក្នុង​ប្រ​ទេស​កម្ពុជា​ចំនួន​​២៤រូប​​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទៅ​ធ្វើទស្សនកិច្ច​សិក្សា​រយៈពេល​មួយ​សប្ដាហ៍​នៅ​ប្រ​ទេសជ​ប៉ុន​​បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​ធ្វើ​បទបង្ហាញ​​និង​យក​ឈ្នះលើ​ក្រុម​ផ្សេង​ៗ​សរុប​១២២​ក្រុម។

កាលពី​ម្សិល​មិញ​នៅ​CJCC ស្ថានទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​បាន​រៀប​ចំការ​ប្រ​កួត​ប្រ​ជែង​ធ្វើ​បទបង្ហាញ​ក្រោម​ប្រ​ធាន​បទ​ «​ស្រុក​កំណើត​ខ្ញុំ» ដើម្បី​ជ្រើស​យក​ក្រុម​ដែល​ឈ្នះ​ចំនួន​ប្រាំ​មួយ​ទៅ​ទស្សនកិច្ច​ផ្លាស់​ប្ដូរ​វប្បធម៌​ជាមួយ​និស្សិត​ជប៉ុន​នៅ​ដើម​ឆ្នាំ​២០២០។

កម្មវិធី​ JENESYS​២០១៩ មាន​និស្សិត​ចំនួន​១២២​ក្រុម​​ឬ​ស្មើ​នឹង​៤៨៨​នាក់​បាន​ដាក់ពាក្យ​ចូល​រួម​​ប្រ​កួត​ធ្វើ​បទ​បង្ហាញ។ ក្រោយ​ការ​ជ្រើស​រើស ក្រុម​ចំនួន​១២​ត្រូវ​បាន​ជាប់​និង​អនុញ្ញាត​ឲ្យ​ធ្វើ​បទបង្ហាញ​ជា​សាធារណៈ​នៅ​CJCC កាលពី​​ម្សិល​មិញ។

និស្សិត​ចូល​រួម​សរុប​៤៤នាក់ មាន​១២​ក្រុម មក​សាកល​វិទ្យាល័យ​ផ្សេងៗគ្នា​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​នីមួយៗមាន​រយៈពេល​១០​នាទី​ដើម្បី​ធ្វើ​បទ​បង្ហាញ​របស់​ខ្លួន ដោយ​អាច​ជា​ការ​សម្ដែង រាំរបាំ ឬការ​និ​យាយ​ណែនាំ​អម​​ដោយ​វីដេអូ​ខ្លី​ផង។

ក្រោយការ​ធ្វើបទ​បង្ហាញ​គណៈកម្មការ​បាន​ដាក់ពិន្ទុ​ឲ្យ​ក្រុម​ចំនួន​ប្រាំ​មួយ​ឈ្នះការ​ប្រ​កួត​នេះ។ ក្រុម​ទាំង​ប្រាំ​មួយ​​បាន​លើក​ប្រ​ធាន​បទ​បង្ហាញ​តាម​រយៈ​វីដេអូ រាំរបាំ និង​សម្ដែង​ជា​រឿង​ខ្លី​ ក្រោម​ប្រ​ធាន​បទ ផ្សេង​គ្នា រួម​មាន​ «​ស្រុក​ខ្ញុំ​ចម្លាក់​ខ្ញុំខេត្ត​កណ្ដាល កេដំណែល​វប្បធម៌​នៃខេត្តពោធិ៍សាត់ អាពីងខេត្ត​កំពង់ចាម​ ព្រះ​វិហារ​ស្រុក​កំណើត​ខ្ញុំដែនដីនៃមាសបៃតង របាំ​បាត់​ដំបង​ និង​ខេត្តរតនគិរីកន្លែង​ដែល​យើង​ហៅ​ថា​ផ្ទះ»។

(កញ្ញា អ៊ូ វង្សពិទូ(ខាងស្ដាំ) និង​មិត្ត​រួម​ក្រុម​លើក​ប្រ​ធានបទអាពីង​ខេត្ត​កំពង់ចាម)

កញ្ញា អ៊ូ វង្សវិទូ ជា​សមាជិក​ក្រុម​និយាយពី​អាពីង​ នៅ​ខេត្ត​កំពង់​ចាម បាន​ប្រាប់​Sabay ក្រោយ​ប្រកាស​លទ្ធ​ផល​ថាមូល​ហេតុ​ដែល​ក្រុម​ទាំងមូល​សម្រេច​ជ្រើស​រើស​ប្រ​ធានបទ អាពីង យក​មក​ធ្វើបទបង្ហាញ ព្រោះ​ថា​អាពីង​មានការ​ពេញ​និយម​ ហើយ​មាន​​អ្នក​ទទួលទាន​ច្រើន ទាំងបរទេស​ និង​ខ្មែរ។

ក​ញ្ញា​បន្ថែមថា​៖ «មាន​អារម្មណ៍​ថា​ចង់ជាប់​កម្មវិធី​ហ្នឹងយូរ​ហើយ សប្បាយ​មែនទែន​បង វា​ជាឱកាស​ល្អ​សម្រាប់​ពួក​យើង​ទៅ​ជប៉ុន ពួក​យើង​ខំប្រឹង​មែនទែន​បង​ដើម្បី​កម្មវិធី​មួយ​ហ្នឹង...​អាពីង​ជា​សត្វ​ល្អិត​តែ​ល្បី​ឈ្មោះ​អ្នក​ណាៗ​ក៏ចាប់​អារម្មណ៍​​​ទាំងខ្មែរ និង​បរទេស វាមាន​រស់ជាតិ​ឆ្ងាញ់​​»។

​​អ្នក​ស្រី​ ខាអូរី តាណាបេ លេខាទី​១​នៃ​ស្ថានទូតជាប៉ុនប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​ក្រោយ​ប្រកាស​លទ្ធ​ផល​ថា​និស្សិត​ដែល​ត្រូវ​ជ្រើស​រើស​នេះ​នឹង​ត្រូវទៅ​ទស្សនកិច្ច​នៅប្រ​ទេសជប៉ុន​នៅ​ចុងខែមករា ឆ្នាំ២០២០ រយៈពេល​មួយ​សប្ដាហ៍​។ អ្នកស្រី​បន្តថា​អ្នកទាំងនោះនឹង​ត្រូវទៅទីក្រុង​តូក្យូ និង​ខេត្ត​តូកុស៊ីម៉ា ដើម្បី​ជួប​ជាមួយ​និស្សិត​ជប៉ុន​នៅទីនោះ។

(ក្រុម​និស្សិត​ឈ្នះ​លើ​ប្រ​ធានបទ​​ខេត្តរតនគិរីកន្លែង​ដែល​យើង​ហៅ​ថា​ផ្ទះ)

អ្នកស្រីបន្តថា៖ «និស្សិត​ខ្មែរអា​ច​ស្គាល់ពី​វប្បធម៌​ ប្រពៃណី សង្គម​ជប៉ុន​បានតាម​រយៈ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ឬ​ស្នាក់​នៅ​តាម​ផ្ទះ​ប្រជា​ជន​ជប៉ុន...​​ក្រុម​ទាំង​ប្រាំមួយ​នឹង​ធ្វើបទ​បង្ហាញ​រួម​មួយ​នៅ​ប្រទេស​ជប៉ុន​»។

​​​គួរ​បញ្ជាក់ថា​កម្មវិធី​JENESYS របស់រាជរដ្ឋាភិបាល​​ជប៉ុននេះ​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ២០០៧ ដែល​មាន​អ្នក​ចូល​រួម​រហូត​​ដល់​២៥០០​នាក់រួច​មក​ហើយ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់