• 2019-11-08 02:43:11
  • ព័ត៌មាន

អាហារូបករណ៍​អេសស៊ីជី បំពេញ​ក្ដី​សុបិន​ដល់​សិស្ស និស្សិត​ក្រីក្រ​

  • 2019-11-08 02:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូនស្រី ហ៊ីន សុវល័ក្ខណ៍ និងប្អូនប្រុស ហៀវ លីហុ័ង ដែលជាអតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន បានបង្ហាញនូវ​ការដឹង​គុណដល់ក្រុមហ៊ុន អេសស៊ីជី ដែល​បាន​ជួយជ្រោមជ្រែងដល់សិស្សានុសិស្សកម្ពុជាអស់រយៈពេលជាង៦ ឆ្នាំមកហើយ ដោយបានជួយឱ្យអ្នក​ទាំងនោះ​សម្រេចនូវក្តីសុបិនរបស់ខ្លួន និងទទួលបានឱកាសអសម្រាប់អនាគតដ៏ប្រសើរ។

អេសស៊ីជី ដែលជាក្រុមហ៊ុនសម្ភារសំណង់ឈានមុខគេនៅអាស៊ាន មានបំណងប្រាថ្នាក្នុងការជួយដល់សហគមន៍ដែលខ្លួនដំណើរការអាជីវកម្ម។ អេសស៊ីជី បានបង្កើតនូវកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិននេះតាំងពីឆ្នាំ២០១៤ ដែលផ្តល់អាហារូបករណ៍សរុបជាង ១​០០០ នាក់ដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនឱកាសក្នុងការសិក្សាដោយបានផ្តល់អាហារូបករណ៍ដល់សិស្សដែលខ្វះលទ្ធភាពក្នុងការសិក្សាទាំងថ្នាក់វិទ្យាល័យ និងថ្នាក់សាកលវិទ្យាល័យ។ ដោយមានការជ្រោមជ្រែងពី អេសស៊ីជី ចែករំលែកក្តីសុបិន សិស្សមួយចំនួនបានបន្តការសិក្សានៅសាកលវិទ្យាល័យជាមួយនឹងការសិក្សាដ៏ល្អ និងមានឱកាសដ៏ល្អប្រសើរក្នុងការសម្រេចនូវក្តីសុបិនរបស់ខ្លួន។

ប្អូនស្រី ហ៊ីន សុវល័ក្ខណ៍ ដែលជាសិស្សទទួលបានជោគជ័យដោយសារការទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិនជាច្រើនឆ្នាំថា៖ «ឥឡូវនេះខ្ញុំជានិស្សិតឆ្នាំទី៣ ជំនាញឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឥឡូវនេះក្តីសុបិនខ្ញុំមិនមែននៅត្រឹមតែជាក្តីសុបិនទៀតទេ ប៉ុន្តែវាលើសពីក្តីសុបិនទៅទៀតព្រោះថាវាបានក្លាយជាការពិត។ ដោយសារតែខ្ញុំមកពីគ្រួសារក្រីក្រដូច្នះទើបខ្ញុំមិនដែលស្រមៃថាខ្ញុំអាចមកដល់ថ្ងៃនេះទេ។ អេសស៊ីជី ចែករំលែកក្តីសុបិន មិនត្រឹមតែបានជួយខ្ញុំផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលើកទឹកចិត្តខ្ញុំផងដែរដោយបានជួយឱ្យខ្ញុំអាចឆ្លងកាត់នូវឧបសគ្គជាច្រើនក្នុងជីវិតទោះបីជាខ្ញុំក្រីក្រយ៉ាងណាក៏ដោយ»។

ប្អូនស្រីបន្តថា៖ «ខ្ញុំមិនដែលភ្លេចនូវភាពលំបាកនៅក្នុងជីវិតខ្ញុំឡើយ ដូច្នេះជាការតបស្នងសងគុណ ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្ញុំឱ្យបាននោះគឺបំណងប្រាថ្នាក្នុងការជួយដល់គ្រួសារ សង្គម និងជាពិសេសសិស្សក្រីក្រដែលជួបការលំបាកដូចជារូបខ្ញុំ»។

ប្អូនប្រុស ហៀវ លីហុ័ង ដែលជាសិស្សទទួលបានជោគជ័យដោយសារការទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ក៏បានបន្ថែមទៀតថា៖ «ក្តីសុបិនរបស់ខ្ញុំមិនត្រឹមតែបានក្លាយជាការពិតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើសពីក្តីស្រមៃរបស់ខ្ញុំទៅទៀត។ ឥឡូវខ្ញុំជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថាន CamEd Business School។ កាលពី ៥ ឆ្នាំមុនខ្ញុំមិនដែលស្រមៃថាខ្ញុំអាចមកដល់ថ្ងៃនេះឡើយ ព្រោះតែខ្ញុំមកពីគ្រួសារក្រីក្រ។ បន្ទាប់ពីទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិននេះមក ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ ឧបសគ្គជាច្រើនក្នុងជីវិតខ្ញុំត្រូវបានកាត់បន្ថយ ហើយវាបានជំរុញទឹកចិត្តឱ្យខ្ញុំខិតខំតស៊ូកាន់តែខ្លាំងដើម្បីសម្រេចនូវក្តីសុបិនរបស់ខ្ញុំ»។

ប្អូនប្រសុ​បន្តថា៖ «ខ្ញុំមិនមែនទទួលបានអាហារូបករណ៍តែម្តងប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីខ្ញុំខិតខំប្រឹងប្រែងសិក្សា អេសស៊ីជី នៅតែបន្តជួយជ្រោមជ្រែងដល់ខ្ញុំជាបន្តបន្ទាប់រហូតដល់ខ្ញុំរៀនចប់ថ្នាក់វិទ្យាល័យទទួលបាននិទ្ទេស A។ វាពិតជាសមិទ្ធផលដ៏ធំធេងសម្រាប់ខ្ញុំហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន បានធ្វើឱ្យក្តីសុបិនរបស់ខ្ញុំក្លាយជាកាពិត និងសម្រេចនូវក្តីប្រាថ្នារបស់ខ្ញុំសម្រាប់អនាគតដ៏ប្រសើរ»។

ឯកឧត្តម Panyarak Poolthub ដែលជាឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា​ បានបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ អេសស៊ីជី ក្នុងការបង្កើតនូវកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤។ ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់សម្រាប់ទំនួលខុសត្រូវចំពោះសង្គម និងបានលើកកម្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សដែលគួរឱ្យស្ញប់ស្ញែញ។ គ្មានអ្វីសំខាន់ជាងយុវជនជំនាន់ក្រោយឡើយដែលពួកគាត់គឺជាសសរទ្រូងនៃប្រទេសជាតិដ៏មានសក្តានុពលជាពិសេសសម្រាប់ប្រទេសកម្ពុជា»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេសស៊ីជីកម្ពុជា សម្រាប់ការជួយជ្រោមជ្រែងដ៏មានតម្លៃនេះដល់ការអប់រំនៅកម្ពុជាដោយបានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាតាមរយៈកម្មវិធី “អាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន” ដោយខ្ញុំបានដឹងថាកម្មវិធីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះដែលបានផ្តល់អាហារូបករណ៍លើសពី ១ ១០០ នាក់ សម្រាប់សិស្សពូកែ»។

អេសស៊ីជី មិនឈប់នៅត្រឹមនេះឡើយ ប៉ុន្តែ អេសស៊ីជី មានបំណងប្រាថ្នានៅតែបន្តផ្តល់កម្លាំងចិត្ត និងជួយជ្រោមជ្រែងដល់ការអប់រំនៅកម្ពុជា និងជួយដល់សហគមន៍ ដែលការជួយជ្រោមជ្រែងនេះវាមានន័យលើសពីកម្មវិធីអាហារូបករណ៍ទៅទៀត។ ថ្ងៃនេះ អេសស៊ីជី ផ្តោតសំខាន់ទៅលើការធ្វើឱ្យក្តីសុបិនក្លាយជាការពិតដែលមិននៅត្រឹមតែជាអាហារូបករណ៍ ប៉ុន្តែគឺជាអ្វីដែលអាចបំពេញនូវបំណងប្រាថ្នាសម្រាប់សិស្សានុសិស្ស គ្រួសារ និងសហគមន៍ផងដែរ៕

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទពេញនិយម