• 2019-12-12 03:00:03
  • ការអប់រំ

ប្រវត្តិសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលាតត្រដាងនៅក្នុងសៀវភៅថ្មី

  • 2019-12-12 03:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅដែលមានចំណងជើងថា “ប៊ុន រ៉ានី-ភរិយាបុរសខ្លាំងនៃកម្ពុជា” រៀបរាប់ពីប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចេញផ្សាយជាសាធារណៈ កាលពីព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ នៅឯហាង ប៊ុក កាហ្វេ។

លោក ឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ និងជាសាស្រ្តាចារ្យព័ត៌មាន បានពិពណ៌នាថា ដើម្បីបានសៀវភៅនេះ លោកបានសន្សំឯកសារជាច្រើនឆ្នាំ ដោយរួមទាំងការប្រមូលព័ត៌មានទាំងពី សម្តេចតេជោ ផង និងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផង។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ លោក ឆាយ សុផល បានបញ្ជាក់ថា ការសរសេរសៀវភៅបែបប្រវត្តិសាស្រ្ត ពិសេសសៀវភៅប្រវត្តិថ្នាក់ដឹកនាំកំពូលពិតជាមិនងាយស្រួលនោះទេ ពោលគឺត្រូវទទួលខុសត្រូវទាំងចំពោះមុខប្រវត្តិសាស្រ្ត និងចំពោះមុខច្បាប់ ព្រមទាំង ក្រមសីលធម៌ វិជ្ជាជីវៈផង។

ខ្ញុំគិតថា យើងគ្រប់គ្នាបានស្គាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទូទៅហើយ ប៉ុន្តែមានមនុស្សតិច ណាស់ ដែលបានស្គាល់ពីដំណើរជីវិតរបស់លោកតាំងពីលោកនៅកុមារភាព”។

លោកបន្តថា សៀវភៅនេះបានឆ្លុះបញ្ចាំងអំពីជីវិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ ដែលលោកបានឆ្លងកាត់កាលៈទេសៈដ៏លំបាកគ្រប់បែបយ៉ាង រហូតប្រទេសទទួលបានសុខសន្តិភាពទាំងស្រុង នាពេលបច្ចុប្បន្ន ពោលគឺសៀវភៅរៀបរាប់ចាប់តាំងពីលោកនៅកុមារភាព ជាទ័ពព្រៃដៃកាន់កាំភ្លើង យាមយប់យាមថ្ងៃដើម្បីការពារជំរំលាក់ខ្លួន ជាគ្រូពេទ្យ ជាអ្នកទោសដែលត្រូវបានកងឈ្លបខ្មែរក្រហមតាមសម្លាប់ទាំងម្តាយនិងកូន រហូតលោកបានក្លាយជាមាតាមនុស្សធម៌ និងជាស្រ្តីទី១នៃប្រទេស។

បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះ គឺថា ដោយឆ្លងកាត់សង្រ្គាម និងជាកងទ័ពរំដោះជាតិ សម្តេចកិត្តព្រឺទ្ធបណ្ឌិត ចេះបាញ់កាំភ្លើងជាច្រើនប្រភេទ រួមនិងការបោកគ្រាប់បែកផង ហើយនេះទំនងមានតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មួយរូបគត់ដែលជាភរិយាថ្នាក់ដឹកនាំកំពូលនៃប្រទេស ទាំងនៅកម្ពុជា និងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកនេះហើយស្ទើរមួយជីវិត លោកធ្លាប់បានឆ្លងហែលជីវិតគ្រប់រសជាតិ ផ្អែម ល្វីង ជូរចត់ ទុក្ខសោក សង្រេងក្នុងវាលវដ្ដសង្សារ ទម្រាំបានមកដល់សព្វថ្ងៃនេះ។

មួយជីវិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានបាត់បង់កូនពីរនាក់ ហើយលោកឳពុកបង្កើតត្រូវបានក្រុមខ្មែរក្រហមឡើងបាញ់សម្លាប់នៅលើផ្ទះនៅឆ្នាំ១៩៨០។

សៀវភៅនេះក៏បានរៀបរាប់ការបែងចែកពេលវេលារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាជីដូនជាកូន ជាម្តាយ ជាភរិយានាយករដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំកំពូលនៃកាកបាទក្រហមកម្ពុជា ព្រមទាំងវិធីសាស្រ្តនៃការអប់រំកូនៗផងដែរ។

តើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអារម្មណ៍យ៉ាងណា នៅពេលគេប្រមាថរូបលោក និងគ្រួសារ? ចម្លើយក៏មាននៅក្នុងសៀវភៅនេះដែរ។

សូមបញ្ជាក់ថា សៀវភៅនេះមានចំនួនជាង ៣០០ទំព័រ បោះពុម្ពចំនួន៣ម៉ឺនច្បាប់ ហើយមិត្តអ្នកអានអាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួននៅទូទាំងប្រទេស ព្រមទាំងនៅ Monument Book នៅផ្សារទំនើប អ៊ីអ័ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។

សៀវភៅនេះក៏មានចែកជូនសាកលវិទ្យាល័យ និងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុងផងដែរ ដើម្បីឲ្យជនរួមជាតិបានអានជាពុទ្ធិជំនួយស្មារតី។

បន្ថែមពីនេះ សៀវភៅក៏មានបំណងចូលរួមក្នុងពិធីពិព័រណ៌សៀវភៅកម្ពុជាលើកទី៨ នៅបណ្ណាល័យជាតិ នាថ្ងៃទី១៣-១៥ ធ្នូ ព្រមទាំងចូលរួមអបអរទិវាខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ នេះផងដែរ៕

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទពេញនិយម