• 2020-03-17 07:08:43
  • ព័ត៌មាន

មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី សម្រាប់អាជីវករផ្សារឃ្លាំងរំសេវ បើកដំណើរការឆាប់ៗនេះហើយ

  • 2020-03-17 07:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី មានទីតាំងនៅលើដីទំនេរមួយកន្លែង ជាប់សាលមហោស្រពចេនទ្បា នឹងក្លាយទៅជាទីតាំងប្រកបអាជីវកម្មថ្មីសម្រាប់អាជីវកររបស់ផ្សារឃ្លាំងរំសេវចាស់ ក្នុងការពង្រីកអាជីវកម្ម ទិញ-លក់ បោះដុំគ្រឿងបន្លាស់ ផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកវិទ្យាទូរសព្ទដៃ និងអេឡិចត្រូនិកទូទៅពេញលេញថ្មី មួយដែលមានផាសុកភាព និងទំនើបទាន់សម័យដ៏ធំក្នុងទីក្រុងភ្នំពេញ។ មជ្ឈមណ្ឌលបចេ្ចកវិទ្យានេះនឹងជំនួសឲ្យ​​ទីតាំងផ្សារឃ្លាំងរំសេវចាស់ ដែលធ្លាប់ជាទីតាំងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងការទិញ-លក់ និងផ្តល់សេវាកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរសព្ទដៃ ព្រមទាំងគ្រឿងអេឡិចត្រូនិកទូទៅសម្រាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។

តាមការបញ្ជាក់ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដោយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាជីវករផ្សារឃ្លាំងរំសេវ ហើយការចុះឈ្មោះបានបញ្ចប់ ទៅប្រកបដោយភាពជោគជ័យខ្ពស់។ ក្រុមហ៊ុននឹងផ្តល់​ឲ្យ​អាជីវករទាំងអស់ចូលធ្វើអាជីវកម្ម ដោយមិនគិតថ្លៃឈ្នូលតូប ១០០ ភាគរយ រយៈពេលបីខែពេញ ចាប់ពីខែកក្កដា ឆ្នាំ២០២០ តទៅ។ ក្រុមហ៊ុន ជឿជាក់យ៉ាងមុតមាំបំផុតថានឹងអាចដឹកនាំអាជីវករផ្សារឃ្លាំងរំសេវទាំងអស់ ឈានទៅរកភាពជោគជ័យកាន់តែខ្លាំងទ្បើង ស្ថិតក្នុងបរិយាកាសល្អ ទំនើប និងប្រសើជាងមុន។

ដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ចជាតិ និងជួយជ្រោមជ្រែងការ ពង្រីកអាជីវកម្មរបស់អាជីវករផ្សារឃ្លាំងរំសេវ និងអាជីវករដទៃក្នុងវិស័យនេះ ក្រុមហ៊ុនក៍បានចាប់ដៃគូសហការជាមួយផ្សារទំនើបអូឡាំព្យា ក្នុងការបង្កើតគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាទីពីរ ដែលកាន់តែឈានមុខ និងទំនើបជាងនេះទៀត ហើយនឹងមានវត្តមាននៅក្នុងចុងឆ្នាំ ២០២០ ខាងមុខនេះផងដែរ។ គម្រោងនេះនឹងផ្តល់អាទិភាព​ឲ្យ​អាជីវករផ្សារឃ្លាំងរំសេវដែលសហការណ៍ជាមួយក្រុមហ៊ុនក្នុងការពង្រីកអាជីវកម្មបន្ថែមទៀត។

ដោយសារមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ មានទីតាំងជាប់ផ្សារឃ្លាំងរំសេវចាស់ស្រាប់ គម្រោងនេះ នឹងធ្វើ​ឲ្យ​អាជីវករ និងអតិថិជនទាំងអស់ងាយស្រួលក្នុងការស្វែងរក ក៏ដូចជាសម្រួលដល់ការពង្រីកអាជីវកម្ម ក្នុងបរិយាកាសរចនាបទសំណង់ទំនើបទាន់សម័យ និងមានផាសុកភាពបានយ៉ាងខ្ពស់។ គម្រោងនេះរំពឹងថានឹងអាចចូលរួមចំណែកបន្តអភិវឌ្ឍ និងពង្រីកវិស័យទីផ្សារផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ​ឲ្យ​កាន់​តែមានភាពសម្បូរបែបដូចទៅនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់។ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ នឹង​រួមបញ្ចូលគ្នាជាមួយការលក់ដូរគ្រឿងបរិក្ខារបច្ចេកវិទ្យា និងផ្គត់ផ្គង់សេវាកម្មគ្រប់ប្រភេទទាំងអស់រាប់រយមុខពាក់ ព័ន្ធនឹងបច្ចេកវិទ្យា និងគ្រឿងអេទ្បិចត្រូនិក៕

មតិយោបល់