• 2016-12-06 03:11:41
  • ការអប់រំ

ឆ្ងល់​អត់​! ម៉េច​បាន​ជា​មាន​ត្រី​​នៅ​លើ​ភ្នំ​?

  • 2016-12-06 03:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដង​ម្កាល ពេល​ដែល​យើង​ដើរ​លំហែ​កាយ​តាម​ព្រៃ​ជ្រៅ រឺ ភ្នំ​ធំ​ៗ​ដែល​មាន​សំណើម​ខ្ពស់​ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​ដុះ​ណែន​ណាន់​តាន់​តាប់​លើ​គ្នា យើង​អាច​សង្កេត​ឃើញ​មាន​កូន​ថ្លុក រឺ​ត្រពាំង​តូច​ៗ ដែល​មាន​ទឹក​ថ្លា​ឈ្វេង​ និង រុក្ខជាតិ​តូច​ៗ​ដុះ​តាម​មាត់​ទឹក​ផង​ដែរ​។ បើ​យើង​សង្កេត​អោយ​បាន​ច្បាស់ យើង​នឹង​ឃើញ​មាន​កូន​ត្រី​តូច​ៗ​ដែល​កំពុង​ហែល​លេង​ក្នុង​ទឹក​ត្រជាក់​ស្រឹម​ៗ​នោះ​ទៀត​ផង​។  មិន​តែ​ប៉ុណ្ណោះ​ នៅ​តាម​ដើមឈើ​ធំ​ៗ​ដែល​មាន​ក្រហូង​អាច​ដក់​ទឹក​បាន​ខួប​ប្រាំង​ខួប​វស្សា ​ក៍​អាច​មាន​កូន​ត្រី​ តូច​ៗ​រស់​នៅ​ក្នុង​ទឹក​នោះ​ផង​ដែរ​។ ចម្ងល់​គឺ​ថា តើ​ត្រី​ទាំង​នោះ​អាច​ឡើង​ទៅ​លើ​ភ្នំ រឺ ដើម​ឈើ​ដោយ​របៀប​ណា?

បើ​យោង​តាម​សៀវភៅ​ "មួយ​សែន​បញ្ហា" ​របស់​សាស្ត្រាចារ្យ​ ប្រាជ្ញ​ ជុំ​បាន​​បក​ស្រាយ​ថា​ ជា​ការ​ពិត មូល​ហេតុ​ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​បាតុភូត​ធម្មជាតិ​មួយ​ ដែល​ឧស្សាហ៍ កើត​ឡើង​នៅ​លើ​ផែនដី​យើង​ ដែល​គេ​អោយ​ឈ្មោះ​ថា “បាតុភូត​ខ្យល់កួច រឺ ព្យុះ​កំបុត​ត្បូង”។  នៅ​ពេល​ដែល​បាតុភូត​ខ្យល់​កួច​នេះ​កកើត​ឡើង​នៅ​ឯ​សមុទ្រ រឺ មហាសមុទ្រ  កម្លាំង​ខ្យល់​ដ៏​មហិមា​បាន​ត្របាញ់​នាំ​យក​របស់​ជា​ច្រើន​ មិន​ថា​បំណែក​ទូក​នេសាទ​ របស់​របរ​លើ​កប៉ាល់​ដឹក​ទំនិញ​ ទឹក​សមុទ្រ​រាប់​សិប​ម៉ែត្រគីប និង​ភាវៈ​មាន​ជីវិត​មួយ​ចំនួន​ ដូចជា​ត្រី​តូច ធំ​ជា​ដើម។

វា​បាន​ឆក់​យក​របស់​ទាំងអស់​នេះ​ទៅ​លើ​អាកាស​ រួច​បោក​បក់​ទៅ​ កាន់​ទី​ជិត​ រឺ ឆ្ងាយ​ទៅ​តាម​កម្លាំង​ខ្យល់។ ប៉ុន្តែ កាល​ណា​កម្លាំង​ព្យុះ​ទាំងនោះ​ថយ​ចុះ​អានុភាព​របស់​វា​បន្តិច​ម្ដង​ៗ​  ទាំង​របស់​របរ ទាំង​ភាវៈ​មាន​ជីវិត និង ទឹក​ភ្លៀង​ជា​ច្រើន ត្រូវ​បាន​ធ្លាក់​ត្រឡប់​មក​កាន់​ផែនដី​វិញ។ ចំណែក​ឯ​មួយ​ភាគ​ក៏​បាន​ធ្លាក់​ចុះ​ទៅ​តាម​ព្រៃ​ភ្នំ​នានា  ដែល​បង្កើត​បាន​ជា​កូន​ថ្លុក រឺ ត្រពាំង​តូច​ៗ នៅ​តាម​ជ្រលង​ភ្នំ​ និង ទឹក​ដក់​លើ​ក្រហូង​ដើមឈើ​ ដែល​មិន​ជ្រាប​ទឹក​នោះ​ឯង។

ពិសេស​ដោយសារ​តែ​លក្ខខ័ណ្ឌ​អំណោយ​ផល ព្រម​ទាំង​មាន​សត្វ​ល្អិត​តូច​ៗ​ជា​ចំណី​អាហារ​ផង​  ទើប​កូន​ត្រី​ទាំង​នោះ​អាច​ចិញ្ចឹម​ជីវិត​ និង បង្ក​កំណើត​ជា​បន្តបន្ទាប់​នៅ​លើ​ភ្នំ និង ដើម​ឈើ​ទាំង​នោះ​បាន​។

ប្រែ​សម្រួល​ដោយ​៖​ ចន្ថា

មតិយោបល់