• 2017-05-11 03:07:06
  • ការអប់រំ

​​អតីត​​និស្សិត​ខ្មែរ​ បញ្ចប់​ការ​សិក្សា​​​​នៅ​​ជប៉ុន​ ​ប្រាប់​ពី​ឧបសគ្គ​ធំ​ៗ​ ពេល​ទៅ​រៀន​នៅ​​​ទី​នោះ​​​

  • 2017-05-11 03:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ការ​ពិត​ណាស់​ ​បន្ទាប់​​ពី​ជាប់​​​អាហារូបករណ៍​ទៅ​សិក្សានៅ​​ក្រៅ​ប្រទេស​រួច​ហើយ​ ​វា​មិន​មែន​មាន​ន័យ​ថា​ ​អ្វី​ៗ​​ត្រូវ​​ចប់​សព្វ​គ្រប់​នោះ​ដែរ​ ​ព្រោះ​ថា​ឧបសគ្គ​​ និង​ ការ​លំបាក​​ គឺ​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​។​ ជាក់ស្ដែង​​​ អតីត​​និស្សិត​ខ្មែរ​​ ចំនួន​៤​រូប​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ នៅ​​ឯ​ប្រទេស​ជប៉ុន​ ​បាន​រៀបរាប់​ពី​ការ​លំបាក​​រៀង​ៗ​​​ខ្លួន​ អំឡុង​ពេល​ទៅ​សិក្សារៀនសូត្រ នៅ​ទី​នោះ​​។

​១​ ​អាកាស​ធាតុ​​

​​បើ​តាម​ការ​លើក​​ឡើង​របស់​ ​កញ្ញា​ ​អាំង​ ហ៊ាក​ ​​ដែល​ជា​អតីត​និស្សិត​​អាហារូបករណ៍​មួយ​រូប​​​រៀន​នៅ​ជប៉ុន​​​ ​បាន​អោយ​ដឹង​​ថា​​ ​អ្វី​ដែល​ជា​ការ​លំបាក​​ខ្លាំង​សម្រាប់​កញ្ញា​ដំបូង​គេ​នោះ​គឺ​បញ្ហា​អាកាស​ធាតុ​។​ កញ្ញា​​ថា ​ដោយ​​​សារ​ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ដែល​​មាន​​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ ​ហើយ​មាន​រដូវ​ក្ដៅ​រយៈ​ពេល​ខ្លី​​ប៉ុណ្ណោះ​ ​ម្ល៉ោះ​ហើយ​​​វា​បាន​ធ្វើ​អោយ​កញ្ញា​ពិបាក​ទ្រាំ​​ជាមួយ​ភាព​ត្រជាក់​នៃ​អាកាស​ធាតុ​​នេះ​។​ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ ​ក៏​​កញ្ញា​បាន​​តស៊ូ​យក​ឈ្នះ​​លើ​ឧបសគ្គ​​មួយ​នេះ​ ដោយ​សារ​តែ​ចិត្ត​ស្រលាញ់​ការ​សិក្សា​​ដែល​មាន​គុណ​ភាព​ខ្ពស់​នៅ​ឯ​ប្រទេស​ជប៉ុន​ ព្រម​ទាំង​ទទួល​បាន​កម្លាំង​ចិត្ត​ពី​គ្រួសារ​ ក៏​ដូច​ជា​មិត្ត​ភក្តិ​នៅ​ទី​នោះ​​​ផង​ដែរ​។​​​​​​​

​២​ ​​ម្ហូប​​អាហារ​

​ចំណែក​​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ជប៉ុន​​មួយ​រូប​ទៀត​គឺ​ លោក​ ​ហិន​ រចនា​​​ បាន​លើក​ឡើង​ថា​​ ការ​លំបាក​ជា​ចម្បង​របស់​លោក​គឺ ​​​បញ្ហា​ម្ហូប​​អាហារ​។​ ​លោក​បាន​ប្រាប់​ថា​ ​​​កាល​ពី​ដំបូង​គឺ​លោក​​មិន​​ចេះ​ធ្វើ​ម្ហូប​នោះ​ទេ​ ​ហើយ​ពេល​ធ្វើ​ម្ហូប​ម្ដង​ៗ​ ​អ្វី​ដែល​​ពិបាក​ជាង​គេ​គឺ​ ​លេប​ម្ហូប​ដែល​ខ្លួន​ចម្អិន​នោះ​​។​ ​លោក​បន្ត​ថា​ ​ទាំង​ហត់​ ទាំង​ញ៉ាំ​មិន​ឆ្ងាញ់​ ធ្វើ​អោយ​លោក​មាន​អារម្មណ៍​លំបាក​យ៉ាង​ខ្លាំង​។ ​ប៉ុន្តែ​ក្រោយ​ៗ​មក​ ​លោក​​ក៏​ចាប់​ផ្ដើម​​​ទម្លាប់​រៀន​ធ្វើ​ម្ហូប​បន្តិច​ម្ដង​ៗ​ និង ​ពេល​ខ្លះ​​ចេញ​ទៅ​​ក្រៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្ត​ភក្តិ​​​ជា​ដើម​។​​​​

៣​ ​ការ​ចាយ​វាយ​ និង ​បញ្ហា​ភាសា​​

ងាក​មក​ លោក​ វ៉ា កូរ៉ា​​​ វិញ​ម្ដង​ ​បាន​ថ្លែង​ថា​ ​​ពេល​ខ្វះ​លុយ​ចាយ​ គឺ​ជា​ឧបសគ្គ​​ដ៏​ធំ​​​បំផុត​សម្រាប់​រូប​លោក​។​ ​​និស្សិត​​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​​ជប៉ុន​​​​រូប​នេះ​បាន​​បន្ត​ថា​ កាល​​នោះ​អាហារូបករណ៍​របស់​លោក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​មធ្យម​ប៉ុណ្ណោះ​ ​ដូចនេះ​លោក​ត្រូវ​រក​ការ​ងារ​ក្រៅ​​ម៉ោង​បន្ថែម​​ធ្វើ​ ​ដើម្បី​​​សម្រួល​ដល់​ការ​ចាយ​វាយ​នានា​អំឡុង​ពេល​​រស់​នៅ​​។​ ​បញ្ហា​មួយ​ទៀត​នោះ​គឺ​ ​លោក​ជួប​ប្រទះ​នឹង​បញ្ហា​ភាសា​ផង​ដែរ​ ​ដោយ​ដំបូង​ឡើយ​ លោក​​មិន​សូវ​ចេះ​និយាយ​​ភាសា​ជប៉ុន​ស្ទាត់​នោះ​ឡើយ​ ​​ហើយ​មាន​អារម្មណ៍​ថា​ខ្លាច​ៗ​។​ ​លុះ​​ក្រោយ​មក​ទើប​លោក​​ខិត​ខំ​រៀន​ភាសា​ជប៉ុន​​ និង​ ​​ហ៊ាន​និយាយ​លេង​​​ជាមួយ​​និស្សិត​​ជប៉ុន​​​ និង​ ប្រជាជន​ក្នុង​តំបន់​ជា​ដើម​។​​​​​​​​​​​​​

៤​ ​នឹក​ក្រុម​គ្រួសារ

​​រីឯ​ ​​លោក​ យី រ៉ូសា​​​ ដែល​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ជប៉ុន​ផង​ដែរ​នោះ​ ក៏​បាន​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ផង​ដែរ​​អំពី​ការ​លំបាក​។​ លោក​ថា​​​​​ឧបសគ្គ​​សម្រាប់​លោក​នោះ​​គឺ​​ការ​បែក​ចេញ​​ពី​ក្រុម​គ្រួសារ​។​​​​​ ​​លោក​​ពន្យល់​​ថា​ ​អារម្មណ៍​ឯ​កា​​មួយ​នេះ​វា​បាន​​ធ្វើ​អោយ​លោក​នឹក​ឃើញ​ពី​ពេល​វេលា​​រស់​នៅ​ជាមួយ​ឪពុកម្ដាយ​ ​បង​ប្អូន​ មិត្តភ័ក្ដិ​ ​កាន់​តែ​ខ្លាំង​ឡើង​។​ ហើយ​​​កាល​ពី​​មុន​លោក​មិន​ដែល​ចាប់​អារម្មណ៍​នឹង​​របស់​ទាំង​​នេះ​​ឡើយ​​​ ​ចាប់​ពី​ពេល​នោះ​មក​ ​ទើប​លោក​យល់​ថា​ ក្រុម​គ្រួសារ​ និង​ ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​គឺ​​មាន​តម្លៃ​ខ្លាំង​សម្រាប់​រូប​លោក​។​​ ​វេលា​ក្រោយ​មក​ ​លោក​​ក៏​ព្យាយាម​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ទៅ​ពួក​គាត់​ និង​ ​ចំណាយ​ពេល​​រៀន​សូត្រ​អោយ​​បាន​ច្រើន​ដើម្បី​បំភ្លេច​អារម្មណ៍​ឯ​កា​។​ ជាពិសេស​​​គឺ​ពេល​ទំនេរ​ ​លោក​បាន​​​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​នានា​​ផង​ដែរ​។​​​​​​​​​​​

​និស្សិត​​កម្ពុជា​ជាង​១​ពាន់​នាក់​ធ្លាប់​​​​បាន​ទៅ​សិក្សា​នៅ​ជប៉ុន​តាម​រយៈ​អាហារូបករណ៍​ MEXT

​ចង់​ទៅ​រៀន​នៅ​ជប៉ុន​ទេ?​ បើ​ចង់​ ដាក់​ពាក្យ​អោយ​លឿន​មក​!​

​មក​ដល់​ហើយ​!​ ​អាហារូបករណ៍​ថ្នាក់​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង វិស្វកម្ម​​​​ ទៅ​រៀន​នៅ​ជប៉ុន

អត្ថបទ៖ ចន្ថា

មតិយោបល់
អត្ថបទពេញនិយម