• 2017-07-07 03:04:55
  • ការអប់រំ

យុវជន៣​រូប បាន​ការងារធ្វើ និង​អាជីព ក្រោយ​ចាប់​យក​ជំនាញ

  • 2017-07-07 03:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​បី​នាក់​រួម​មាន កញ្ញា ខឹក សៀប ​យុវតី ឃួន រដ្ឋា និង​យុវជន លាំ ប្រិយ៌ សុទ្ធតែ​​​បោះបង់​ការសិក្សា​នៅ​ថ្នាក់​អនុ និង​វិទ្យាល័យ ប៉ុន្តែ​នាពេលនេះ ពួកគេ​​មាន​ការងារ​ធ្វើ និង​ជំនាញ​ពិតប្រាកដ ក្រោយ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​គ្នា នៅតាម​អង្គការ និង​វិទ្យាស្ថាន​នៅ​កម្ពុជា។ ​

អ្នក​ខេត្ត​សៀមរាប កញ្ញា ខឹក សៀប  អាយុ ២២ ឆ្នាំ ដែល​​សម្រេច​បោះបង់​​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ ព្រោះ​គ្រួសារ​​​មាន​ជីវភាព​ខ្វះខាត បាន​ចាប់​យក​ជំនាញ​វិជ្ជាជីវៈផ្នែក​ចុងភៅ​ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស ​ភូមិភាគ​តេជោសែន​សៀមរាប នៃ​ព្រះរាជាណាចក្រកម្ពុជា តាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា។

កញ្ញា​​និយាយ​ថា ក្រោយ​​​ចូល​រៀន​ជំនាញ​ផ្នែក​ចុង​ភៅ​បាន ​៤ ខែ កញ្ញា​បាន​ចូល​ធ្វើ​ជា​បុគ្កលិក​ផ្នែក​ចុង​ភៅ នៅ​សណ្ឋាគារ​មួយ​ ក្នុង​ខេត្ត​សៀមរាម។ កញ្ញា​បន្តថា ខ្លួន​​មាន​អារម្មណ៍​សប្បាយចិត្តជា​ខ្លាំង ព្រោះ​គិត​ថា​ខ្លួន​​មាន​​ឱកាស​​ចូល​ធ្វើ​​ការផ្នែក​នេះ ក្នុង​សណ្ឋាគារ​លំដាប់​មួយ។ ក្រោយ​​បញ្ចប់​ការ​សិក្សា មាន​ទាំង​បទពិសោធន៍ និង​​ដើម​ទុន​គ្រប់​គ្រាន់​ ថ្ងៃ​អនាគត សៀប ចង់​​​​បើក​ភោជនីយដ្ឋាន​​ផ្ទាល់​ខ្លួន​មួយ នៅ​សៀម​រាបផ្ទាល់​តែ​ម្ដង​។

ចំណែក​យុវតី ឃួន រដ្ឋា អាយុ ១៨ ឆ្នាំ មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​សៀម​រាប​ រស់​នៅ​ភូមិ​នគរភាស១ ឃុំ​នគរភាស ស្រុក​អង្គរជុំ ​ដែល​​ទទួល​បាន​ការ​​បណ្តុះបណ្តាល​ជំនាញ​​វិជ្ជា​ជីវៈ​​ ផ្នែក​អគ្គិសនី តាម​រយៈ​អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា រយៈពេល​បួន​ខែ​ដែរនោះ បាន​លើក​ឡើង​ថា៖ "ខ្ញុំ​ចាប់​យក​ជំនាញ​អគ្គិសនី ខ្ញុំ​គិត​ថា​ជំនាញ​នេះ មិន​សូវ​មាន​អ្នក​រៀន តែ​ខ្ញុំ​មើល​ឃើញ​ថា វា​មាន​ទីផ្សារ​ច្រើន ហើយ​បន្ទាប់​ពី​ខ្ញុំ​រៀន​រយៈពេល​បួន​ខែ ខ្ញុំ​ក៏​ទទួល​បាន​ការងារ​ធ្វើ"។

យុវជន លាំ ប្រិយ៌

​គ្រួសារ​​​មាន​ជីវភាព​​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ដូចគ្នា យុវជន លាំ ប្រិយ៌ អាយុ ២៤ ឆ្នាំ​ បាន​សម្រេច​ចិត្ត​ឈប់​រៀន​ ​ហើយ​​មក​ចាប់​​ជំនាញ​វិជ្ជា​ជីវៈ ផ្នែក​ជួស​ជុល​គោយន្ត តាម​រយៈ​អង្គការ​ខាងលើ​ដដែល ​លើក​ឡើង​ថា បន្ទាប់​​ពី​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​រយៈពេល ៤ ខែ​​ លោក​​បាន​យក​ជំនាញ​នេះ ​ទៅ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ នៅ​ភូមិ​កំណើត ដែល​កំពុង​តែ​មាន​តម្រូវ​ការ​ចាំ​បាច់។

យុវជន​រូប​នេះ​បន្តថា៖​ "​ក្រោយ​ពេល​ខ្ញុំ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ជួស​ជុល​គោយន្ត ​ខ្ញុំ​ទទួល​ប្រាក់​កម្រៃ​​​សម​ល្មម អាចឲ្យ​ខ្ញុំ​ និង​គ្រួសារ មាន​ជីវភាព​ធូធារ​ជាង​មុន​ ដោយ​មិន​បាច់​ធ្វើ​ការ​ចំណាកស្រុក​ ឫ​ស៊ី​ឈ្នួល​គេ​ដូច​ពី​មុន​ ហើយ​ទៅ​ថ្ងៃ​មុខ ​ខ្ញុំ​មាន​គោល​បំ​ណង​ពង្រីក​កន្លែង​ជួល​ជុល​គោយន្ត​ឲ្យ​ធំ និង​អាច​មាន​ទទួល​បង្រៀន​កូន​ជាង​ផង​ដែរ​"៕

អត្ថបទ៖ ហេង នាង

មតិយោបល់
អត្ថបទពេញនិយម