• 2018-03-05 04:04:50
  • ការអប់រំ

ចង់ជាប់អាហារូបករណ៍ទៅចិនងាយបំផុត បើដឹងពីគន្លឹះទាំងនេះ

  • 2018-03-05 04:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃនេះ Sabay ​សូមណែនាំ​ប្រិយមិត្ត​ ​ជាពិសេស​យុវជន​កម្ពុជា​កំពុង​ស្វែងរក​ការ​ដាក់​អាហារូបករណ៍​ទៅសិក្សា​នៅប្រទេស​ចិន​សម្រេច​បាន​ជោគជ័យ​។ ​លោក ​ហេង ចាន់ហាក់ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​និស្សិត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋប្រជា​មានិត​ចិ​ន ​និង​ជារៀម​ច្បង​ធ្លាប់​មាន​បទ​ពិ​សោធន៍​រៀន​នៅ​ប្រទេសចិន ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​ការ​អប់រំ​ភាសា​អង់គ្លេស​ និង​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ច្បាប់​ស្ដីពី​សិទ្ធិ​មនុស្ស នឹង​ចែករលែក​បទសោធន៍ អត្ថប្រយោជន៍​​​ និងណែនាំ​ធ្វើយ៉ាង​ណា​ដើម្បី​ជាប់​អាហារូបករណ៍​ទៅ​ប្រទេស​ចិន។

(​លោក ​ហេង ចាន់ហាក់​ អតីតនិស្សិតរៀននៅប្រទេសចិន)

​​ Sabay: តើមាន​ប៉ុន្មាន​ជំហាន ​ដើម្បី​ដាក់​អាហារូបករណ៍​ជាប់​ដោយ​ជោគជ័យ​?

​លោក ​ហេង ចាន់ហាក់​៖ "ជំហាន​ជាខ្លីគឺថា​ ​ដំបូង​យើង​ត្រូវដឹង​ក្នុង​ចិត្ត​ថា យើង​ចង់រៀននៅ​សាកលវិទ្យាល័យ​ណា... ចង់បាន​អាហារូបករណ៍​បែបណា ​និង​កន្លែងណា​ដែល​យើង​ចង់​ទៅរៀន​។ ​ម្យ៉ាងវិញ​ទៀត ​ដើម្បី​ដាក់អាហារូបករណ៍​ជោគជ័យ​ ​សិស្ស​និស្សិត​ត្រូវតែ​ត្រៀម​រួចជា​ស្រេច​ ពិសេស​គឺស្គាល់​អាស័យ​ដ្ឋាន​សាលា​(Website)​ ​និង​ទម្រង់​បែបបទ​ដាក់ពាក្យ​(Application) សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​ខ្លួន(Personal Statement) ​ចំណេះ​ដឹងភាសា​អង់គ្លេស​ច្បាស់លាស់​ (Language Proficiency) បទ​ពិសោធន៍​ការងារ​(បើមាន)​និង​សញ្ញាបត្រ​បញ្ជាក់​ការសិក្សា​"។

លោក​បន្តថា​៖ "​សម្រាប់​បទពិសោធន៍​ខ្ញុំផ្ទាល់​ ការដាក់​អាហារូបករណ៍​ទៅរៀន​នៅចិន​ ​ថ្នាក់​អនុបណ្ឌិត​ និង​បណ្ឌិត​ ​មានឱកាស​ច្រើន​ជាង​បរិញ្ញាបត្រ​... ​ព្រោះថា​សិស្ស​នៅចិន​ម្នាក់ៗ​ ក៏សម្រុក​ចូលរៀន​ថ្នាក់​បរិញ្ញា​បត្រ​ច្រើន ហេតុ​ដូច្នេះ​យើង​ពិបាក​នឹង​ជាប់​"។​ ​រីឯការ​រស់​នៅ​ និង​ប្រពៃណី​នៅ​ចិនគឺ​ស្រដៀង​គ្នា​នៅ​កម្ពុជា​។ ​លោក​បន្ថែម។

Sabay: ​តើ​និស្សិតទៅរៀន​នៅ​ចិន ​ត្រឡប់​មក​វិញនឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចម្ដេច​ខ្លះ?

លោក ​ហេង ចាន់ហាក់​៖ ​"បើ​យើងស្រមៃ​ទៅ​គឺធំណាស់​។ ​បើយើង​គិតពី​អនាគត​ ឬ​របរ​រក​ទទួលទាននោះ​​ ​ចិន​ជាអ្នក​វិនិយោគ​ធំនៅ​ស្រុកខ្មែរ ​ហើយ​ជំនួយពី​ចិនច្រើន​ជាងគេ​ ហើយ​ក្រុមហ៊ុន​ភាគច្រើន​គឺជា​ចិន។​ ​បើ​យើង​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ចិន​ ​យ៉ាង​ហោច​ណាស់​យើង​ចេះ​ភាសា​ចិន និង​​ឆាប់ទទួល​បាន​ការងារ​ ហើយ​អាច​ទទូល​ប្រាក់ខែ​ពី ៦០០ទៅ ៨០០ដុល្លារ ​ពេល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ "។

Sabay: ​មិនចេះ​ភាសា​ចិន​ តែចេះ​អង់គ្លេស​ អាចដាក់​អាហារូបករណ៍​ដែរទេ​?

លោក ​ហេង ចាន់​ហាក់៖ "បាន! ​អាហារូបករណ៍​មាន​ពីរ​ប្រភេទ​ ដោយ​មួយ​ជា​កម្មវិធី​សិក្សា​ជា​ភាសា​អន្តរជាតិ​ (អង់គ្លេស) ​មួយ​ទៀត​ជា​ភាសា​ចិន​។ ​ការដាក់​អាហារូបករណ៍​ ​អង់គ្លេស​ ​មាន​ភាព​តឹង​រឹង​បន្តិច​ ​តែ​បើបាន​ជាប់ហើយ​គឺ​ងាយ​ស្រួល​រៀន​ជាង​ភាសាចិន​ ព្រោះ​ថា​និស្សិត​ក្រៅស្រុក​​ទៅរៀននៅ​ចិន​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​និស្សិត​ចិន​ដែរ"។

Sabay: ​ចំពោះ​តេស្ត IELT ​ចាំបាច់​ត្រូវតែ​មាន​ដែរ​ឬទេ​?

លោក ​ហេង ចាន់ហាក់៖ "អាស្រ័យទៅលើសាលាខ្លះ ​ ប៉ុន្តែ​ពិន្ទុ IELT សម្រាប់​អនុបណ្ឌិត​ អាច​ចាប់​ពី 6.5 និង ​បណ្ឌិត ​ចាប់ពី​ 7.0”។ សិស្ស​និស្សិត​អាចតាម​ដាន​អាហារូបករណ៍​ទម្លាក់​ផ្ទាល់​ពីរដ្ឋាភិបាល​​ចិន​តាម​រយៈ ​បណ្ដាញ​សង្គមហ្វេស​បុក​របស់ សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋប្រជា​មានិតចិ​ន

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី