• 2018-10-19 12:01:00
  • ការអប់រំ

ថា​មិន​ចង់​និយាយ​ទេ គឺ​ថា ចេញ​​ដាំ​បាយ​លើក​ដំបូង ម៉ែ​ភ្លាត់​មាត់​ស្រែក​ពេញ​ផ្សារ

  • 2018-10-19 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិល​មក​កាន់​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" យើង​ម្ដង​ទៀត...លើក​នេះ លោក សូនី មក​ពី​ខេត្ត​បាត់​ដំបង បាន​ចែក​រំលែក​បទ​ពិសោធន៍ កាល​ពី​លោក​រៀន​ដាំ​បាយ​លើក​ដំបូង លទ្ធផល​ចេញ​មក​ពិត​មិន​គួរ​ឲ្យ​ជឿ។

ដើម​ឡើយ មិន​ដែល​នឹក​គិត​ថា នឹង​បាន​ឱកាស​និយាយ​រឿង​នេះ​ចេញ​ឲ្យ​គេ​សើច​ទេ ប៉ុន្តែ​ទើប​ឃើញ​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" នេះ គិត​ថា ដាក់​មួយ​រឿង​ចែក​គ្នា​ហួស​ចិត្ត​ដែរ​ហ្មង​ទៅ គឺ​ពាក់ព័ន្ធ​នឹង​ការ​ដាំ​បាយ។

ខ្ញុំ​បាទ ឈ្មោះ សូនី ជា​អ្នក​ខេត្ត​បាត់ដំបង មាន​ម្ដាយ​ជា​អាជីវករ​លក់​នៅ​ផ្សារ​បឹង​ឈូក ហើយ​ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្សារ​ប្រមាណ ១០០​ម៉ែត្រ។ ដោយ​សារ​ម៉ាក់​រវល់​លក់ គាត់​មិន​ដែល​មក​ញុំា​បាយ​នៅ​ផ្ទះ​ទេ អីចឹង​រាល់​ថ្ងៃ គឺ​ខ្ញុំ​ជា​អ្នក​យក​បាយ​ទៅ​ឲ្យ​ម៉ាក់​រាល់​ថ្ងៃ។ខ្ញុំ​កាល​ណោះ មាន​វ័យ​ប្រមាណ​ជា ៨-៩ ឆ្នាំ ហើយ​ការងារ​ខ្ញុំ ក្រៅ​ពី​រៀន​សូត្រ មាន​តែ​ប៉ុណ្ណឹង គឺ​យក​បាយ​ឲ្យ​ម៉ាក់​ហ្នឹង​ឯង។

ថ្ងៃ​មួយ ហេតុ​តែ​ចង់​ឲ្យ​ម៉ាក់​សរសើរ ចង់​ធ្វើ​ជា​កូន​ល្អ ខ្ញុំ​ស្រាប់​តែ​កើត​មាន​គំនិត​មួយ គឺ​នឹង​រៀន​ដាំ​បាយ​ឲ្យ​ម៉ាក់​ញុំា​ម្ដង។ ដូច្នេះ​ហើយ ដើម្បី​ចេះ​ដាំ ខ្ញុំ​បាន​លួច​សួរ​យាយ​ទួត​របស់​ខ្ញុំ​ពី​របៀប​ដាំ ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ យាយ ទួត ក៏​ប្រាប់​តាម​ដំណើរ​ថា ដំបូង​បង្កាត់​ភ្លើង ព្រោះ​កាល​ណោះ មិន​មាន​ហ្គាស ឬ​ឆ្នាំង​ខ្សែ​ភ្លើង​អី​ទេ អំឡុង​ទសវត្សរ៍ ៨០ ជាង។ បន្ទាប់​ត្រូវ​ដាក់​អង្ករ​ក្នុង​ឆ្នាំង រួច​លាង ២​ទឹក ហើយ​ដាក់​ឲ្យ​ដាំ​ឲ្យ​ពុះ រួច​សម្រិត​ទឹក​ចេញ​ខ្លះ ហើយ​ដាក់​ផ្ងំ​ប្រមាណ ១៥នាទី​អីចឹង​ទៅ។

"ដូច​ជា​មិន​មាន​អី​ពិបាក​ផង...ចាំ​មើល​ថ្ងៃ​ណា​មួយ​ដាំ​បាយ​យក​ឲ្យ​ម៉ាក់ ដើម្បី​ឲ្យ​គាត់​សរសើរ​ម្ដង!" ខ្ញុំ​នឹក​ក្នុង​ចិត្ត ក្រោយ​ពី​បាន​ការ​ណែនាំ​ពី​យាយ​ទួត​ហើយ។ ថ្ងៃ​មួយ​ឱកាស​ក៏​មក​ដល់ ពេល​ដែល ពុក​ខ្ញុំ​ គាត់​ជាប់​កិច្ចការ​ប្រជុំ​នៅ​កន្លែង មក​មិន​ទាន់​ធ្វើ​បាយ​ម្ហូប​ឲ្យ​ម៉ាក់ ខ្ញុំ​ក៏​ចាប់​ផ្ដើម​បញ្ចេញ​ថ្វី​ដៃ ជាមួយ​ការ​រំពឹង​ថា ថ្ងៃ​នេះ​ម៉ាក់​នឹង​សរសើរ​ថា ខ្ញុំ​ជា​កូន​ល្អ កូន​ឆ្លាត​មិន​ខាន។

ដំបូង​ចាប់​ផ្ដើម​បង្កាត់​ភ្លើង និង​ធ្វើ​តាម​យាយ​ទួត​ប្រាប់​បន្ត​បន្ទាប់ អត់​មាន​រំលង​អី​មួយ​ឡើយ។ ប៉ុន្តែ​ត្បិត​ថា ជា​ការងារ​លើក​ដំបូង ភ្លើង​ដែល​ខ្ញុំ​បង្កាត់​នោះ វា​មិន​សូវ​ឆេះ​ល្អ​ប៉ុន្មាន​ទេ គឺ​បក់​ផង ផ្លុំ​ផង ទម្រាំ​បាន​បាយ​ដោះ​យក​ទៅ​ឲ្យ​ម៉ាក់(ដាំ​តែ​បាយ​ទេ ឯ​ម្ហូប​ចាំ​ឲ្យ​ម៉ាក់​ទិញ​នៅ​ផ្សារ​ខ្លួន​ឯង​ចុះ មិន​ចេះ)។ រៀប​ចំ​ដួស​ដាក់​ស្រាក់​រួច​រាល់ ខ្លួន​ឯង​ក៏​ទៅ​មុជ​ទឹក សិត​សក់ ស្លៀក​ពាក់​អី​ម៉ា​ស្អាត និយាយ​រួម គឺ​ត្រៀម​ខ្លួន​ទៅ​ទទួល​យក​ការ​សរសើរ​ពី​ម៉ាក់​នៅ​ឯ​ផ្សារ។

ប្រមាណ​១០​នាទី ដោយ​ថ្មើរ​ជើង ខ្ញុំ​ក៏​មក​ដល់​កន្លែង​ម៉ាក់​ខ្ញុំ​លក់​នៅ​ផ្សារ​នៅ​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់ គឺ​ម៉ោង​បាយ​ល្មម និយាយ​ទៅ​គឺ​លៃ​ម៉ា​អេម មិន​ឲ្យ​ម៉ាក់​រមួល​ពោះ​ឡើយ។ "ម៉ាក​នេះ បាយ...”។ ម៉ាក់​ខ្ញុំ​ក៏​ទទួល​ស្រាក់​បាយ​ពី​ដៃ​ខ្ញុំ ហើយ​បើក​គ្រប​ឡើង។ "ស្អី​គេ​ហ្អែង​ហ្នឹង​អា​ឃ្នី...!!!” ម៉ាក់​ខ្ញុំ​ភ្លាត់​មាត់ ជាមួយ​សំណើច ម៉ាក់​ខ្ញុំ​គាត់​អ្នក​មាត់​លឺ​ស្រាប់​ផង មាន​អី លឺ​ពេញ​ផ្សារ​ហ្នុង​ឯង។

“គឺ​បាយ​ហ្នឹង​ម៉ាក់!” ខ្ញុំ​ឆ្លើយ​ទៅ​គាត់។ "ហើយ​បាយ​ស្អី​ឯង អង្ករ​នៅ​ជា​អង្ករ ទឹក​នៅ​ជា​ទឹក​ហ្នឹង! អាណា​ដាំ?”។ ម៉ាក់​ខ្ញុំ​អស់​សំណើច ហើយ​សួរ​រន្ថើន​មក​ខ្ញុំ ខ្ញុំ​ក៏​ប្រាប់​ថា ខ្ញុំ​អ្នក​ដាំ។ តាម​ពិត​ពេល​កំពុង​តែ​ដាំ​បាយ​នោះ ខ្ញុំ​កើត​ចិត្ត​អន្ទះសា​ខ្លាំង​ណាស់ ចង់​ឲ្យ​តែ​បាន​បាយ​ឆាប់​ៗ យក​ទៅ​ម៉ាក់ ដើម្បី​បាន​ការ​សរសើរ ហាហា។ ដូច្នេះ​ផ្សំ​នឹង​ភ្លើង​ពុំ​សូវ​ឆេះ​ផង ចាំ​យូរ​ពេក ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដួស​វា​ដាក់​ស្រាក់។

ថា​ល្ងង់​ក៏​បាន ថា​ឆ្លាត​ក៏​បាន​ដែរ ព្រោះ​ខ្ញុំ​ពេល​នោះ ស្រាប់​តែ​លេច​គំនិត​មួយ​មក​ពេល​បាយ​នៅ​លើ​ចង្ក្រាន​នៅ​ឡើយ​ថា។ "មិន​អី​ទេ ដួស​យក​ទាំង​ទឹក​អីចឹង​ហ្នឹង​តា​ហ្មង​ទៅ ព្រោះ​ទម្រាំ​ដើរ​ដល់​ផ្សារ ទឹក​បាយ​នោះ វា​នឹង​រីង​អស់​បាត់​ហើយ...ហាហា...ខ្ញុំ​ប្រាប់​ម៉ាក់​តាម​ដំណើរ​អីចឹង ស្រាប់​តែ​ម៉ាក់​ខ្ញុំ គាត់​ផ្ទុះ​សំណើច​ម្ដង​ទៀត ហាស ហាស...ឯ​អ្នក​ជិត​ខាង​គាត់ ក៏​សើច​ចង់​ឈ្លក់​បាយ​ដូច​គ្នា។

“អូយ...ល្ងង់​អី​ល្ងង់​ម៉េស អាឃ្នី" ម៉ាក់​នៅ​តែ​ឧទាន​ជាមួយ​សំណើច...បន្ទាប់​ពី​សើច​អស់​ចិត្ត គាត់​បាន​ប្រាប់​របៀប​ដាំ និង​បាន​ឲ្យ​យក​បាយ​នោះ ត្រឡប់​មក​ផ្ទះ​វិញ ឲ្យ​យាយ​ទួត ជួយ​កែ​កុន។ យ៉ាង​ណា ខ្ញុំ​នៅ​តែ​មិន​បោះ​បង់ ថ្ងៃ​បន្ទាប់ ក៏​សាក​ដាំ​ម្ដង​ទៀត នឹង​អាច​ជា​ការ​បាន​ជាង​លើក​ដំបូង។ មែន...ដូច​ការ​គិត...ម៉ាក់​សរសើរ​ថា​កូន​ល្អ កូន​ចេះ...ហាស សប្បាយ​ចិត្ត​មួយ​ភ្លែត​ហ្នឹង​ឯង...។

ប៉ុន្តែ​តាំង​ពី​ហ្នុង​មក ក្លាយ​ជា​អ្នក​ដាំ​បាយ​រហូត...អ្នក​ដែល​ស្រួល​គឺ ពុក​ខ្ញុំ​វិញ ព្រោះ​គាត់​មិន​បាច់​ប្រញាប់​មក​ដាំ​បាយ​ឲ្យ​ម៉ាក់​ដូច​មុន​ទេ។ អីចឹង​បាន​ថា ការងារ​ខ្លះ បើ​មិន​ចេះ កុំ​ចង់​ចេះ តែ​ចេះ គឺ​...ធ្វើ​រហូត​អីចឹង...!ហាហា បើ​មិន​ចេះ​ស្រួល​ខ្លួន​សឹង​អី ដល់​ពេល​ចេះ ដល់​ម៉ោង​ដាំ​បាយ នៅ​ឯណា ធ្វើ​អី​ក៏​ដោយ ត្រូវ​តែ​មក​ដាំ​បាយ បើ​ខកខាន ដឹង​តែ រំពាត់ ឡើង​ខ្នង​ហើយ​។ ហ៊ឺ...មើល​ទៅ​ជំនួញ​មួយ​នេះ ដូច​មិន​ចំណេញ​ទេ ខុស​ខ្លួន​អស់ ខិខិខិ!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម