
- 2018-11-30 02:48:47
- ព័ត៌មាន
ចង់បំពេញមុខគ្រួសាររៀបការបែបប្រពៃណី គួរប្រើប្រាស់សេវាកម្ចីដែរឬអត់?
- 2018-11-30 02:48:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បំពេញមុខគ្រួសាររៀបការបែបប្រពៃណី គួរប្រើប្រាស់សេវាកម្ចីដែរឬអត់?
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះរឿងរ៉ាវទាក់ទងពីសេវាកម្ចីរៀបអាពាហ៍ពិពាហ៍ បានក្លាយជាប្រធានបទដ៏ពេញនិយមមួយ ដោយរាល់គ្នាបានលើកមកវិភាគវែកញែកទៅតាមទស្សនៈ ហេតុផល និងស្ថានភាពហិរញ្ញវត្ថុរៀងៗខ្លួន ទាំងនៅលើបណ្ដាញសង្គម និងក្នុងសហគមន៍ដែលពួកគេរស់នៅ។
មតិមួយចំនួនយល់ឃើញថា ការប្រើប្រាស់សេវាប្រាក់កម្ចីរៀបអាពាហ៍ពិពាហ៍ ជារឿងមិនគួរកើតឡើង ព្រោះវាអាចធ្វើឲ្យអ្នកប្រើប្រាស់ធ្លាក់ក្នុងបំណុលទាំងមិនទាន់មានលំនឹងសេដ្ឋកិច្ចគ្រួសារ ច្បាស់លាស់។ ក្រៅពីនោះ វាក៏អាចបង្កជាបន្ទុកក្រោយពេលរៀបការរួច ត្បិតចំណូលដែលរកបានមួយផ្នែក នឹងត្រូវកាត់ចេញទៅសងសេវាកម្ចី។ មានអ្នកខ្លះទៀតលើកឡើងថា បើមិនទាន់មានលទ្ធភាពអាចទ្រទ្រង់ពិធីរៀបការខ្លួនបានទេ គួរតែទុកពេលរកចំណូលបន្ថែម និងសន្សំឲ្យគ្រប់សិន។ ហេតុផលគឺ មិនត្រឹមតែធ្វើឲ្យអ្នកធូរខ្លួនក្រោយក្រាបផ្ទឹមនោះទេ ថែមទាំងអាចជួយឲ្យដៃគូរទាំងសងខាងមានឱកាសសិក្សាពីការប្ដេជ្ញាចិត្ត ដែលខិតខំប្រឹងតស៊ូរកលុយជាមួយគ្នាទាំងមិនទាន់មានងារជាប្ដីប្រពន្ធក៏ដោយ។
ទន្ទឹមនឹងនោះក៏មានមតិមិនយល់ស្របខ្លះដែរ ជុំវិញការអះអាងខាងលើ ត្បិតសម័យនេះការរៀបការតាមបែបប្រពៃណីនៅតែត្រូវបានចាត់ទុកថាជារឿងដែលមិនអាចជៀសបាន ហើយគម្រោងនៃសេវាផ្ដល់កម្ចី ក៏មានលក្ខខណ្ឌល្អប្រសើរ សម្រាប់អ្នកដែលចង់សាងគ្រួសារឲ្យទាន់ឆ្នាំខែល្អ។
ទទួលស្គាល់ថា ពាក្យ "កម្ចី ឬ ចងការ" ស្មើនឹងបំណុលដែលបុគ្គលបានខ្ចីត្រូវសងឲ្យអស់វិញតាមកុងត្រា ឬរយៈពេលណាមួយដែលបានកំណត់។ នៅកម្ពុជា មានការអនុវត្តច្រើនមកហើយ នូវដំណើរការកម្ចីនានា ដូចជាកម្ចីទិញអចលនទ្រព្យ ឬកម្ចីសម្រាប់សាងអាជីវកម្មជាដើម ហើយពិតជាអាចជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋពិតមែន។
ឯសេវាកម្ចីរៀបអាពាហ៍ពិពាហ៍នេះវិញ ក៏មិនមែនជាជម្រើសដែលយុវវ័យសម័យថ្មីគួរមើលរំលងទាំងស្រុងដែរ ព្រោះវាទំនងពិតជាអាចឲ្យដៃគូសម្រេចក្ដីប្រាថ្នារៀបអាពាហ៍ពិពាហ៍ក្នុងពេលសមប្រកបបាន បើខ្លួនពិតជាមនុស្សដែលមានម្ចាស់ការ មានអាជីពពិតប្រាកដ រកចំណូលបាននឹងន មានទំនួលខុសត្រូវ និងចេះរៀបចំផែនការជីវិតច្បាស់លាស់។
ចំពោះទស្សនៈពី លោក គឹម លីនដូ ដែលជាប្រធានផ្នែកហានិភ័យ និងប្រតិបត្តិ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Royal Micro Finance យល់ថា៖ "ការខ្ចីលុយយកមករៀបការ គឺជាការបំពេញនូវក្តីសុបិនមួយដ៏ជាក់លាក់របស់ខ្លួនក្នុងការសាងគ្រួសារ ប្រសិនបើប្រាក់កម្ចីនោះសមស្របតាមចំណូល និងលទ្ធភាពសងត្រឡប់។ កម្ចីនេះទៀតសោត គួរតែត្រូវបានប្រើប្រាស់ជាប្រាក់បម្រុង ដើម្បីបង្គ្រប់ទៅលើផ្នែកណាមួយក្នុងគម្រោងចំណាយអាពាហ៍ពិពាហ៍ មិនមែនសម្រាប់ការផ្គត់ផ្គង់ការចំណាយទាំងស្រុងឡើយ។ ធ្វើបែបនេះគឺ ដើម្បីជៀសផុតពីការប្រឈមមុខជាមួយនឹងហានិភ័យលើការចំណាយផ្សេងៗពេលអនាគត។
ជាក់ស្ដែងសម្រាប់លក្ខខណ្ឌនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Royal ក្នុងការផ្ដល់កម្ចី ក្រុមការងារតែងតែធ្វើសិក្សាយ៉ាងលម្អិត លើស្ថានភាពចំណូល អត្តចរិត ប្រវត្តិសងទៅលើកម្ចីពីអតីតកាលប្រសិនបើមាន និងលទ្ធភាពសងត្រលប់ផងដែរ។ ទាំងនេះ គឺដើម្បីប្រាកដពីភាពជាក់លាក់ ទៀងទាត់ដែលអាចធ្វើទៅបាន និងមានទំនួលខុសត្រូវខ្ពស់។ ឈរលើគោលការណ៍ឥណទានច្បាស់លាស់នេះ ទើប អតិថិជនដែលបានប្រើប្រាស់សេវាកម្ចីអាពាហ៍ពិពាហ៍ពីគ្រឹះស្ថានខាងលើ មិនដែលមានការយឺតយ៉ាវក្នុងការសងត្រលប់វិញឡើយ។
លោកបានបញ្ជាក់ថា អ្វីដែលសំខាន់គឺគ្រឹះស្ថានផ្តល់កម្ចីត្រូវដើរតួនាទីជាអ្នកប្រឹក្សាហិរញ្ញវត្ថុ និងផ្តល់យោបល់ មិនមែនសម្លឹងមើលតែផលចំណេញនោះទេ៕