- 2018-12-02 07:13:28
- ការអប់រំ
សិស្ស-និស្សិត មួយក្រុមជួបជុំគ្នា រំលឹកអតីតកាលកម្សត់អំឡុងពេលរៀនសូត្រស្ទើរបោះបង់ចោលការសិក្សា
- 2018-12-02 07:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្ស-និស្សិត មួយក្រុមជួបជុំគ្នា រំលឹកអតីតកាលកម្សត់អំឡុងពេលរៀនសូត្រស្ទើរបោះបង់ចោលការសិក្សា
ចន្លោះមិនឃើញ
សិស្ស-និស្សិត ក្រីក្រមួយក្រុមបានមកជួបជុំគ្នានៅសាលា USA international school ត្រើយខាងកើតស្ពានច្បារអំពៅ ដើម្បីរំលឹករឿងរ៉ាវកម្សត់មួយចំនួនដែលធ្លាប់ឆ្លងកាត់ស្ទើរបោះបង់ចោលការសិក្សាព្រោះតែជីវភាពខ្វះខាត។ ប៉ុន្តែក្រោយពីការប្រឹងប្រែងព្យាយាមរៀនសូត្រ និងទទួលបានការជួយឧបត្ថម្ភពីមូលនិធិអាមេរិកកាំង-កម្ពុជា សម្រាប់ការអប់រំ ដែលហៅកាត់ថា (CAFFE) បានធ្វើឲ្យពួកគេខ្លះរៀនចប់ជំនាញ និង ខ្លះបញ្ចប់ថ្នាក់ឧត្ដមសិក្សា ហើយមានការងារធ្វើល្អៗ គ្រាន់ចិញ្ចឹមជីវិតមកដល់ពេលសព្វថ្ងៃនេះ។
អតីតនិស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយម្នាក់ក្នុងចំណោមសិស្ស និស្សិតជិត ២០នាក់ ដែលបានមកជួបជុំគ្នា កាលពីថ្ងៃទី ១ វិច្ឆិកា អ្នកនាង ណុប ច័ន្ថា បានរំលឹករឿងរ៉ាវថា ដោយសារជីវភាពក្រីក្រស្ទើរបោះបង់ចោលការសិក្សាទៅហើយ ប៉ុន្តែបានជំនួយឧបត្ថម្ភពីអង្គការស្បៀងអាហារពិភពលោក ទើបផ្លាស់ប្ដូរពីការសិក្សានៅខេត្តកំពត មកបន្តរៀនថ្នាក់ទី ១០ និង ១១ នៅវិទ្យាល័យអង្គរជុំ ខេត្តសៀមរាប។ យ៉ាងណាក៏ដោយជំនួយមានរយៈពេលត្រឹមតែ២ឆ្នាំ មិនអាចធ្វើឲ្យការសិក្សារៀនចប់ចុងចប់ដើមឡើយ គឺក្រោយមកបានការឧបត្ថម្ភពីមូលនិធិ CAFFEE) ទើបជួយឲ្យការសិក្សារហូតដល់ចប់ថ្នាក់វិទ្យាល័យ និងបានបញ្ចប់ថ្នាក់សិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ដោយជោគជ័យនៅអំឡុងឆ្នាំ ២០១៤។ ការផ្ដល់នូវចំណេះដឹងនេះហើយ ទើបធ្វើឲ្យនាងសម្រេចក្ដីបំណងខ្លួនឯង ពីការរកប្រាក់រៀនមិនចង់បាន ឥលូវមានសេដ្ឋកិច្ចឯករាជ្យអាចមានលទ្ធភាពចាយវាយបានគ្រប់គ្រាន់ និង សល់ប្រាក់ខ្លះជួយផ្គត់ផ្គង់អ្នកផ្ទះ ក្រោយពីបានរៀនចប់និងមានការងារធ្វើនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងមួយ។
កញ្ញា ជា សុជី រៀនជំនាញនៅសាលាឯកជនមួយ បានរៀបរាប់ដែរថា គ្មានសង្ឃឹមឡើយថាអាចរៀនចប់ថ្នាក់វិទ្យាល័យ ព្រោះជីវភាពក្រីក្រ។ ក្រីក្រ សុជី ដែលជាកូនកំព្រា រស់នៅជាមួយជីដូនតាំងពីនៅតូច បានចិញ្ចឹមមាន់លក់យកប្រាក់ទៅរៀនតាំងពីថ្នាក់បឋមរហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ។ និយាយទាំងអួលដើមក លាយឡំដោយកែវភ្នែករលីងរលោងផងនោះ សុជី បានរៀបរាប់ថា នៅអំឡុងពេលរៀននៅវិទ្យាល័យ នាងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញអាហារ និងគ្មានលុយទិញសម្ភារៈប្រើប្រាស់នោះទេ ម៉្លោះហើយនាងបានឆ្លៀតរកប្រាក់ តាមរយៈមើលកង់នៅសាលា ដូរយកបាយមួយពេល រហូតរៀនចប់នៅវិទ្យាល័យ។ ប៉ុន្តែការរៀនសូត្រនៅតែមិនអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបានឡើយ ទើបក្រោយមកនាងទទួលបានមូលនិធិ CAFFE ជួយឧបត្ថម្ភរៀននៅសាលាជំនាញ ទើបចប់បានការងារធ្វើនៅភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះ។
ស្ដាប់ការរៀបរាប់របស់ប្អូនស្រី ជា សុជី
អ្នកស្រី សុង លីសា រស់នៅខេត្តសៀមរាប បច្ចុប្បន្នមានកូនមួយ ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ អំឡុងឆ្នាំ ២០១៤ បានរំលឹកអតីតកាលដ៏លំបាកដែរថា អ្នកស្រី គ្មានលទ្ធភាពរៀននោះឡើយ ហើយស្ទើរតែរកអាហារ ៣ពេល មិនបានផង ដោយជួនកាលដើរបេះត្រកួនតាមរបងសាលា យកមកឆាជាមួយមីញុំា នៅអំឡុងពេលរៀនវិទ្យាល័យ។ និយាយបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ សីលា សម្ដែងអារម្មណ៍ថា ស្ទើរតែគ្មានសង្ឃឹមឡើយថាបានរៀនចប់ថ្នាក់មហាវិទ្យាល័យ ប៉ុន្តែបានមូលនិធិ CAFFEE បានជួយឲ្យរៀនចប់សាកលវិទ្យាល័យបៀលប្រាយ ហើយសព្វថ្ងៃបានការងារធ្វើនៅមន្ទីរកិច្ចការនារីខេត្ត។
នេះជាការរៀបរាប់របស់ អ្នកស្រី សុង លីសា
ក្រៅពីសិស្ស-និស្សិត ដែលបានរៀបរាប់អំពីទុក្ខលំបាកខាងលើ អតីតសិស្ស-និស្សិត មួយចំនួនក៏បានរៀបរាប់ស្រដៀងគ្នាដែរថា ដោយសារតែស្ថានភាពក្រីក្រ ឪពុក ម្ដាយ ខ្លះបានចំណាកស្រុកចេញទៅធ្វើការជាពលករនៅថៃ និងខ្លះត្រូវលក់ដី-ស្រែ ដើម្បីឲ្យកូនបានសិក្សា ប៉ុន្ដែការជួយរបស់អាណាព្យាបាលបានត្រឹមតែអនុវិទ្យាល័យ និង វិទ្យាល័យប៉ុណ្ណោះ ម៉្លោះហើយទើបបានមូលនិធិ CAFFE បានជួយឧបត្ថម្ភជាកម្លាំងចិត្ត និង ប្រាក់ឧបត្ថម្ភខ្លះៗ រហូតដល់រៀនចប់ជំនាញឯកទេស និង ថ្នាក់ឧត្ដមសិក្សា។
មូលនិធិអាមេរិកកាំង-កម្ពុជា សម្រាប់ការអប់រំ ដែលហៅកាត់ថា (CAFFE) បានបង្កើតឡើងនៅអំឡុងឆ្នាំ ២០០៩ ដោយលោក ម៉សល ឃីម ដែលជាកូនខ្មែរ រស់នៅអាមេរិក។
លោក ម៉សល ឃីម ប្រធានមូលនិធិ កម្ពុជា-អាមេរិក សម្រាប់ការអប់រំ ហៅកាត់ CAFFE បានប្រាប់ Sabay ថា នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឪពុក-ម្ដាយ របស់លោក ត្រូវបានពុលពតសម្លាប់អស់ ហើយនៅអំឡុងឆ្នាំ ១៩៨២ លោកបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅអាមេរិក។ នៅពេលមានលទ្ធភាព ហើយនៅពេលបានមកដល់ស្រុកខ្មែរ ឃើញថា ប្រជាជនមួយចំនួនប្រឈមនឹងបញ្ហាជីវភាព ហើយឈានទៅបោះបង់ចោលការសិក្សា ទើបលោកសម្រេចចិត្តបង្កើតមូលនិធិ និងកៀរគរថវិកា ពីបងប្អូននៅអាមេរិក ដើម្បីជួយសិស្ស និស្សិតក្រីក្រ នៅកម្ពុជា។
មូលនិធិ ដែលបានចាប់ផ្ដើមអស់រយៈពេលប្រមាណជា ១០ឆ្នាំមកនេះ ដោយបានជួយសិស្ស និស្សិតក្រីក្រ ប្រមាណជាជិត ៣០នាក់មកហើយមកទល់នឹងឥលូវ។ ក្រៅពីជួយឧបត្ថម្ភជាថវិកាដល់សិស្ស និស្សិតក្រីក្រ មូលនិធិ ក៏បានជួយជាសម្ភារៈដល់សិស្ស ក៏ដូចជា សាលាខ្វះខាតមួយចំនួននៅតាមបណ្ដាខេត្តផងដែរ។
លោក ម៉សល ឃីម បានមានប្រសាសន៍ថា ការមកដល់ស្រុកខ្មែរលើកនេះ គឺចង់ជួបសិស្ស និស្សិតដែលធ្លាប់ទទួលមូលនិធិថា តើពួកគេបានអភិវឌ្ឍកម្រិតណា ហើយតើពួកគេនៅចង់បានអ្វីទៀត តើមូលនិធិអាចជួយអ្វីខ្លះដល់អ្នកផ្សេងទៀត។ លោក ឃីម ជនជាតិខ្មែរ រស់នៅអាមេរិក បានលើកឡើងថា "ទោះជាខ្ញុំនៅឆ្ងាយរាប់ពាន់ ម៉ឺនគីឡូម៉ែត្រក៏ដោយ ក៏ខ្ញុំភ្លេចខ្មែរ ហើយទឹកចិត្តរបស់មនុស្សបើចង់ជួយទោះឆ្ងាយយ៉ាងណាក៏អាចជួយបានដែរ ជាក់ស្ដែងមូលនិធិនេះ គឺចង់ជួយពួកគេឲ្យចាកផុតពីភាពក្រីក្រ តាមរយៈផ្ដល់ចំណេះ ជំនាញ ជាបំណិនជីវិតទៅថ្ងៃអនាគត"៕