• 2019-01-30 12:31:37
  • ការអប់រំ

៧ចំណុចបញ្ជាក់ថាអ្នកកំពុងដើរលើផ្លូវត្រូវ ល្មមធូរទ្រូងបន្តដំណើរទៅមុខដោយជឿជាក់

  • 2019-01-30 12:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ចាប់​ផ្តើម​រៀន​ធ្វើការ​សម្រេច​ចិត្ត​លើ​បញ្ហា​ជីវិត​ដោយ​ខ្លួនឯង ​គឺ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​ព្រោះ​នៅក្មេង​វ័យ​ បទពិសោធន៍​ជីវិត​ក៏​ខ្ចី ​ពេល​ខ្លះ​អ្នក​អាច​នៅ​សង្ស័យ​ជម្រើស​របស់​ខ្លួន​ថា​​ត្រឹមត្រូវ​ឬអត់។ មិនថ្វីទេ ព្រោះ​ពេល​ខ្លះ​ទោះ​កំពុង​ដើរ​ផ្លូវខុស នៅ​អាច​កែសម្រួល​បាន​បើអ្នកដឹងខ្លួន​ទាន់​ពេលវេលា។

អ្នក​អាច​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ឥត​មន្ទិល ប្រសិនបើ​ពិនិត្យ​មើល​ថា​រាល់ថ្ងៃ ខ្លួន​ឯង​មាន ៧ចំណុចនេះ ដូចជា៖​

១. រំភើប​នឹង​ថ្ងៃ​ថ្មី៖ ពេល​អ្នក​ភ្ញាក់​ពី​ដំណេក​រាល់​ព្រឹក មាន​អារម្មណ៍​ថា​រំភើប​ និង​ពេញ​ដោយ​កម្លាំង ជំរុញ មិន​ខ្ជិល​ច្រអូស ឬ​ទម្រន់​ឡើយ។ អ្នក​ដឹង​ថា​ថ្ងៃ​នេះ​អ្នក​ត្រូវ​ធ្វើ​កិច្ចការ​អ្វីខ្លះ ​ហើយ​ត្រូវ​សម្រេច​វា​បាន​ដោយ​របៀប​ណា។ ​អ្នក​តែង​ដឹង​ច្បាស់​ពី​ជំហាន​បន្ទាប់​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​កាន់​តែ​ធំ។

២. ទោះ​ហត់​នឿយ​ តែ​​ពេញចិត្ត៖ ពេល​ខ្លះ​អ្នក​ត្រូវ​ចំណាយ​ទាំង​កម្លាំង​កាយ​ចិត្ត​ និង​ពេលវេលា​​ដើម្បី​សម្រេច​គោល​ដៅ​ដែល​កំណត់ទុក ហើយ​ទោះ​រវល់​យ៉ាង​ណា​ អ្នក​ហាក់​ដូច​ជា​ភ្លេច​ការនឿយហត់​អស់រលីង។

៣. ផ្ដោត​លើ​ដំណើរ​ការ​ជាជាង​លទ្ធផល ៖ អ្នក​តែ​ង​មានអារម្មណ៍​​ថា​ទោះជា​បាន​លទ្ធផល​ចេញ​មក​បែប​ណា​ក៏​ដោយ អ្នក​នឹង​មិន​ស្តាយ​ក្រោយ​ជា​​ឡើយ សំខាន់​គឺ​អ្នក​បាន​ប្រឹង​ធ្វើ​វា​អស់​ពី​សមត្ថភាព​ជានិច្ច។

៤​. ពោរ​ពេញ​ដោយ​ជំនឿ​ចិត្ត ៖ បើ​ទោះ​អ្នក​មិនធ្លាប់​មាន​បទពិសោធន៍​ធ្វើ​កិច្ចការ​នោះ​ពី​មុន​មក​ក្តី តែ​អ្នក​ពោរពេញ​ដោយ​កម្លាំង​ជំរុញ និង​ភាព​ជឿ​ជាក់ ហ៊ាន​ទទួល​យក​ការ​ប្រឈម​ថ្មី​ដោយ​ភាព​អង់អាច។

(រូបតំណាង)

៥. មាន​ភាព​អំណត់ និង​ប្រឹង​អស់​ពី​លទ្ធភាព ៖ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​រាល់​ការងារ​របស់​ខ្លួន​ ធ្វើ​វា​ឲ្យ​​អស់​ពី​សមត្ថភាព​ និង​ល្អ​បំផុត​នៅ​ពេល​នេះ​ដើម្បី​បង្កើត​អនាគត​តាម​គម្រោង​ផែនការ​ច្បាស់លាស់។ សម្លឹង​ទៅ​មុខ​ដោយ​វិជ្ជមាន ហើយ​មើល​ទៅ​អតីត​ជា​មេរៀន។

៦. ចង់​ចេះ​ចង់​ដឹង​មិន​ឈប់​ឈរ៖ ​អ្នក​តែង​ខិតខំ​ស្វែង​រក​ចំណេះ​ដឹង​បន្ថែម​រាល់​ថ្ងៃ​ និង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ចម្ងល់​ជា​ច្រើន​ដែល​​ត្រូវ​ស្វែង​រក​ចម្លើយ​។ អ្វី​ដែល​អ្នក​ចេះ​ក្នុង​ថ្ងៃនេះ វា​នឹង​ហួសសម័យ​ក្នុង​ថ្ងៃ​ស្អែក បើ​អ្នក​ឈប់​រៀន​សូត្រ​អ្នក​នឹង​ត្រូវ​គាំង​នៅ​មួយ​កន្លែង​។​

៧. មិន​ខ្លាច​ភាព​លំបាក ៖ ទោះ​ការងារ​នោះ​ហាក់​ដូច​ជា​លំបាក​ខ្លាំង​យ៉ាង​ណា​ក៏ដោយ​ ក៏​អ្នក​ជម្នះ​ចង់​ធ្វើ​វា។ ក្នុង​កម្រិត​ណា​មួយ​នោះ​អ្នក​យល់​ថា​វា​មានត​ម្លៃ​ក្នុង​ការ​ដកពិសោធន៍។ អ្នក​ជឿ​ជាក់​ថា​មាន​តែ​ត្រូវ​ហែល​ឆ្លង​ការ​លំបាក​ប៉ុណ្ណោះ​ទើប​ធ្វើ​ឲ្យ​អ្នក​រីក​ចម្រើន​ និង​កាន់​តែ​ខ្លាំង។​

៨. មនុស្ស​សំខាន់​ជុំវិញ​ខ្លួន​​​អ្នក​មាន​សេច​ក្តី​សុខ៖ មនុស្ស​​ជុំវិញ​ខ្លួន​អ្នក ពិសេស​គឺ​បង​ប្អូន​សាច់ញាតិ​ និង​ឪពុក​ម្តាយ​មាន​មោទនភាព​ និង​អំណរ​ចំពោះ​ការ​សម្រេច​បាន​របស់​អ្នក ហើយ​អ្នក​ក៏​មិន​ស្ទាក់ស្ទើរ​និយាយ​ពី​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​ទៅ​កាន់​អ្នក​ដទៃ​ដែរ។ ទាំង​នេះ​នឹង​បន្ថែម​កម្លាំងចិត្ត ដល់​អ្នក​កាន់​តែ​ខ្លាំង​ឲ្យ​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​សម្រេច​កិច្ចការ​កាន់​តែ​ធំ​ដុំ​បន្ថែម​ទៀត៕

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់