- 2019-02-18 05:38:04
- ការអប់រំ
កុំឲ្យជីវិតតែលតោលគ្មានទិសដៅពិតប្រាកដ អ្នកគួរងាកមករៀនពីរឿងទាំងនេះ
- 2019-02-18 05:38:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យជីវិតតែលតោលគ្មានទិសដៅពិតប្រាកដ អ្នកគួរងាកមករៀនពីរឿងទាំងនេះ
ចន្លោះមិនឃើញ
អារម្មណ៍ច្របូកច្របល់ មិនដឹងថាខ្លួនឯងកំពុងចង់បានអី ចង់ទៅណា? តែងកើតឡើងពេលដែលអ្នកចាប់ផ្តើមដឹកនាំជីវិតតាមរបៀបមនុស្សធំ ព្រោះថាវាទាមទារពេលវេលាដើម្បីឲ្យអ្នកអាចស្គាល់ច្បាស់ពីខ្លួនឯង។ ដូច្នេះដើម្បីឲ្យខ្លួនឯងកាន់តែយល់ច្បាស់ និងដឹងពីគោលដៅខ្លួនឯងពិតប្រាកដនោះ អ្នកគួរតែចាប់ផ្ដើមគិតគូរ និងធ្វើនូវរឿងទាំងនេះ ៖
១. បោះចោលរឿងដែលរំខានអ្នក៖ ស្វែងរករឿងដែលតែងតែមករំខានចិត្តអ្នកឲ្យបានរួចហើយរៀនកាត់វាចេញពីជីវិតអ្នកឲ្យអស់បន្តិចម្ដងៗ។ ជាក់ស្ដែងដូចជាភាពភ័យខ្លាច ការគិតអាក្រក់ៗ ការរាប់អានមនុស្សខុស ឬការរុញរាពេលធ្វើអ្វីមួយជាដើម។ ទាំងអស់នេះអ្នកមិនត្រូវស្ពាយវាជាប់ខ្លួនឡើយ ព្រោះវាអាចឲ្យអ្នកគាំងមិនអាចធ្វើអ្វីចេញ។
២. យល់ច្បាស់ពីជំនាញរបស់ខ្លួនឯង៖ មនុស្សគ្រប់គ្នា គឺមានជំនាញរៀងៗខ្លួន ខ្លួនឯងពូកែអី? ចេះធ្វើអីខ្លះ? នេះជាអ្វីដែលអ្នកត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ហើយត្រូវផ្ដោតឲ្យខ្លាំងដើម្បីសម្រួចវា។ ការស្គាល់ពីសមត្ថភាពខ្លួនឯងគឺអាចនាំអ្នកទៅរកគោលដៅជីវិតបានយ៉ាងជាក់លាក់ដោយមិនដើរខុសអ្វីដែលអ្នកចង់បាន។
៣. ពង្រីកដែនសមត្ថភាពខ្លួនឯង ដើរចេញពី Comfort Zone៖ ចំណុចនេះគឺសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែធ្វើ ព្រោះបើអ្នកនៅតែមួយកន្លែងដែលអ្នកគិតថាស្រួលហើយនោះ ជីវិតអ្នកគ្មានន័យ គ្មានការរីកចម្រើនឡើយ។ ជីវិតដែលអ្នកត្រូវស្គាល់គឺនៅមានច្រើនរសជាតិទៀត ហើយអ្នកនឹងកាន់តែយល់ពីជីវិតខ្លួនឯងកាន់តែច្បាស់នៅពេលដែលអ្នកកាន់តែប្រឡូកច្រើន។
៤. រៀនគិតឲ្យបានធំ ឲ្យបានខ្ពស់៖ បើអ្នកគិតធំ អ្នកក៏កាន់តែធ្វើធំដែរប៉ុន្តែបើអ្នកគិតតូច អ្នកនឹងធ្វើតូច ដូច្នេះហើយត្រូវរៀនគិតឲ្យបានធំទោះបីអ្នកមិនទាន់បានធ្វើក៏ដោយ។ ការគិតឲ្យបានខ្ពស់ នឹងធ្វើឲ្យអ្នកកាន់តែចម្រើន ហើយជំរុញឲ្យអ្នកកាន់តែជោគជ័យក្នុងជីវិតកាន់តែខ្លាំងឡើងដែរ។
៥.បោះជំហានទៅមុខឲ្យបានរាល់ថ្ងៃ ទោះជាជំហាននោះខ្លីក៏ដោយ៖ អ្នកមិនគួរនៅនឹងថ្កល់រាល់ថ្ងៃដោយមិនមានការរីកច្រើន ឬ ប្រែប្រួលជាវិជ្ជមានណាមួយឡើយ។ ត្រូវតែដើរទៅមុខទោះវាបានតិចតួចក៏ដោយ។ ត្រូវស្វែងរកអីដែលធ្វើឲ្យខ្លួនឯងអភិវឌ្ឍ ឲ្យខ្លួនឯងរឹងមាំ នឹងធ្វើឲ្យខ្លួនឯងខ្ពស់ទៅៗជានិច្ច មិនមែនដើរថយក្រោយឡើយ៕
អត្ថបទទាក់ទង៖ រឿងតូចៗងាយៗដែលអ្នកគួរទម្លាប់ធ្វើដើម្បីឲ្យជីវិតកាន់តែរីករាយ និងស្រស់ស្រាយ