• 2019-02-19 12:49:21
  • ការអប់រំ

មើលឱ្យដឹងរវាងមនុស្សល្អពិត​ និង​ល្អ​ក្លែង​ក្លាយ កុំឲ្យលង់​ជឿខុសនាំខកចិត្ត

  • 2019-02-19 12:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យើង​មិន​គួរ​ចេះ​តែ​ដើរ​សេពគប់​មនុស្ស​គ្រប់​គ្នា​មិន​រើស​មុខ​នោះ​ទេ ព្រោះ​បើ​ដើរ​ចូល​ខុស​មនុស្ស ចំ​ប្រភេទ​បោក​ប្រាស់ ឬ​ដើរ​ខ្សែ​លើ​យើង​នោះ អាច​នាំ​គ្រោះ ឬ ​ខូច​ឈ្មោះ​ពិបាក​ស្រោច​ស្រង់​ណាស់។ តែ​ធម្មតា​រស់​នៅ​ក្នុង​សង្គម មិន​អត់​ទេ ឱកាស​ដែល​អ្នក​អាច​ជួប​ស្គាល់​មនុស្ស​ប្រភេទ​នេះ។ ដូច្នេះ​យល់​ល្អ គួរ​រៀន​ចេះ​មើល​ និង​បែងចែក​ឲ្យ​ច្បាស់​រវាង​មនុស្ស​ល្អ និង​ល្អ​ក្លែងក្លាយ​ ពេល​ខ្លះ​បើ​ជ្រុល​ជា​ស្គាល់​ហើយ​ក្តី បើ​ដឹង​ទាន់ កុំ​បណ្តោយ​ខ្លួន​ទៅ​ស្និត​ស្នាល​ឲ្យ​សោះ។

ចំណុច​ដែល​មនុស្ស​ល្អ​ក្លែងក្លាយ ខុស​ប្លែក​ពី​មនុស្ស​ល្អ​ពិត​ មាន​ដូចជា​៖

១.​ គោរព​តែ​អ្នក​ធំ មើល​ងាយ​អ្នក​តូច៖ មនុស្ស​ល្អ​ពិត​តែង​តែ​គោរព​និង​ឱ្យ​តម្លៃ​គ្រប់​គ្នា​ជុំ​វិញ​ខ្លួន​។ រី​ឯ​មនុស្ស​លាក់​ពុត​វិញ​គោរព​តែ​មនុស្ស​ដែល​មាន​អំណាច​ និង​មាន​ផល​ប្រយោជន៍​ឱ្យ​ខ្លួន ​ហើយ​តែង​តែ​មើល​ងាយ​អ្នក​ទន់​ខ្សោយ ​ដែល​គេ​គិត​ថា​គេ​មិន​ដល់​ខ្លួន​។​

២.​ គ្មាន​ជំហរ​ផ្ទាល់​ខ្លួន តែ​ៗស្ករ ៗ ហៃ​អើយ​តាម​គេ៖ មនុស្ស​ល្អ​ពិត​មិន​ងាយ​​ធ្វើ​អ្វី​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ដទៃ​ បើ​សិន​រឿង​នេះ​ខុស​ពី​ឆន្ទៈ​របស់​គេ​។​ គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​គេ​ដោយ​មិន​គិត​ពី​សម្ដី​អ្នក​ដទៃ។​ ចំណែក​ឯ​មនុស្ស​ល្អ​លាក់​ពុត​វិញ​ច្រើន​តែ​ខ្វាយ​ខ្វល់​ខ្លាច​អ្នក​ដទៃ​ដឹង​ពុតខ្លួន ហើយ​​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​​ខ្លួន​ឯង​មាន​ចំណែក​ក្នុង​កែវភ្នែក​អ្នក​ដទៃ ចូល​ចិត្ត​តែ​ហៃ​អើ តែ​ៗ​ស្ករ​ៗ។

៣. ​អួត​អាង សម្ញែង ឥទ្ធិពល​ និង​ទ្រព្យសម្បត្តិ៖ មនុស្ស​គេ​ល្អ​ពិត​មិន​ដែល​និយាយ​ពី​ខ្លួន​គេ​ ឬ​និយាយ​ពី​អ្វី​ដែល​គេ​មាន​ និង​បាន​ធ្វើ​នោះ​ទេ​។ គេ​តែង​លាក់​ទុក​ម្នាក់​ឯង​ ហើយ​គិត​ថា​រឿង​បែប​នេះ​មិន​ចាំ​បាច់​ទៅ​ដើរ​និយាយ​ប្រាប់​ឱ្យ​គេ​ដឹង​ទេ។ សម្រាប់​មនុស្ស​ល្អ​ក្លែង​ក្លាយ​វិញ​តែង​តែ​អួត​ប្រាប់​គេ​ពី​អ្វី​ដែល​ខ្លួន​មាន​ពេល​ខ្លះ​លើស​ពី​ការ​ពិត​ ដើម្បី​ឱ្យ​គេ​ចាប់​អារម្មណ៍ និង​ស្ងើច​សរសើរខ្លួន​។

៤.​ និយាយ​ពី​មុខ​អ្នក​ផ្សេង ពី​ក្រោយ​ផ្សេង៖ បើ​សិន​ជា​មាន​អ្វី​ចង់​និយាយ​មនុស្ស​ល្អ​ពិត ​ច្រើន​និយាយ​ចំ​ពី​មុខ​ដោយ​មិន​លាក់​បាំង តែ​ជា​សម្ដី​ស្មោះ​ត្រង់​បែប​គិត​គូ និង​មាន​សន្តាន​ចិត្ត​។​ ប៉ុន្តែ​មនុស្ស​ល្អ​ផ្លែ​ល្វា​វិញ​ច្រើន​តែ​មាន​មុខ​ពីរ​ នៅ​ពី​មុខ​អ្នក​គេ​និយាយ​ល្អ​រហូត​ តែ​នៅ​ពី​ក្រោយ​វិញ​គេ​មិន​ដែល​និយាយ​ល្អ​នោះ​ទេ ហើយ​ចូល​ចិត្ត​បញ្ចេញ​បញ្ចូល​លើស​ពី​ការ​ពិត​ទៀត​។

៥.​ បាន​តែ​សម្តី តែ​ធ្វើ​មិន​បាន ហើយ​សម្បូរ​លេស​មិន​ចេះ​ចប់៖ មនុស្ស​ល្អ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ជា​ជាង​ចំណាយ​ពេល​និយាយ និង​សន្យា​ពី​នេះ​ពី​នោះ។​​ រី​ឯ​មនុស្ស​បាន​តែ​មាត់​ គឺ​ជា​មនុស្ស​ប្រភេទ​ផ្លែ​ល្វា​ គេ​ចូល​ចិត្ត​សន្យា​ហើយ​ធ្វើ​មិន​បាន​ និង​មាន​លេស​មិន​ចេះ​ចប់។

៦.​ ចូលចិត្ត​បង្អាប់​​អ្នក​ដទៃ រួច​លើក​តម្កើង​ខ្លួន​ឯង៖ មនុស្ស​​ល្អ​​ច្រើន​តែ​សរសើរ និង​អំណរ​នឹង​ការ​រីកចម្រើន​របស់​អ្នក​ដទៃ។​ គេ​គិត​ថា​គេ​មិន​ល្អ​គ្រប់​គ្រាន់​ និង​ត្រូវ​រៀន​ពី​អ្នក​ដទៃ​ដើម្បី​អភិវឌ្ឍ​ខ្លួន​បន្ថែម​។ ចំណែក​មនុស្ស​ផ្លែ​ល្វា​ចូល​ចិត្ត​រិះ​គន់​អ្នក​ដទៃ​ជានិច្ច​ ដើម្បី​​បង្ហាញ​ថា​ខ្លួន​គ្រាន់​បើ ហើយ​សប្បាយ​ចិត្ត​ពេល​ឃើញ​គេ​បរាជ័យ។

៧.​ ជួយ​គេ​យក​មុខ​មាត់៖ មនុស្ស​ល្អ​ពិត​គេ​តែង​មាន​សន្តាន​ចិត្ត​ ​ជួយ​មនុស្ស​គ្រប់​គ្នា​តាម​លទ្ធភាព​​ដោយ​ឥត​លក្ខខណ្ឌ​ ហើយ​ក៏​មិន​សូវ​​ប្រកូក​ប្រកាស​យក​មុខ​មាត់​ដែរ។ រី​ឯ​មនុស្ស​ល្អ​លាក់​ពុត​​ជួយ​តែ​អ្នក​ណា​ដែល​អាច​ផ្តល់​ប្រយោជន៍​ឱ្យ​ខ្លួន​វិញ​​ប៉ុណ្ណោះ ហើយ​តាំង​ដើរ​និយាយ​ប្រាប់​គេ​ឯង​គ្រប់​គ្នា​ថា​គេ​បាន​ជួយ​ច្រើន​ជា​ដើម៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ លីដា

មតិយោបល់