• 2019-02-20 12:16:37
  • ការអប់រំ

១០វិធីសាស្ត្រយកឈ្នះចិត្តមនុស្សយ៉ាងស័ក្ដិសិទ្ធិ ដើម្បីសម្រេចការងារ​ធំដុំបានកាន់តែងាយស្រួល

  • 2019-02-20 12:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ពេល​អ្នក​ធ្វើ​កិច្ចការ​កាន់​តែ​ធំ​ អ្នក​កាន់​តែ​ត្រូវ​ជួប​ប្រទះ​នឹង​មនុស្ស​ជា​ច្រើន​ប្រភេទ​ដែល​​មាន​ចរិត និង​ការ​គិត​ខុសៗគ្នា​ផ្សេង​ពី​អ្នក​។ ការពិត​ដែល​យើង​មិន​អាច​បដិសេធ​បាន​នោះ​គឺ ការងារ​ភាគ​ច្រើន​​អាច​ដំណើរ​ការ​ទៅ​ល្អ​បាន​ក៏​ដោយ​សារ​ ការ​រួម​សហការ​គ្នា​រវាង​បុគ្គល​ជា​ច្រើន​ដែរ។ ដូច្នេះ​ហើយ​វា​ជា​រឿង​ល្អ បើ​សិន​ជា​អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ ឬ​យក​​ឈ្នះ​ចិត្ត​អ្នក​ដទៃ​បាន ដោយ​ភាពឆ្លាតវៃ ដូចជា៖

១. ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ជៀសវាង​​ដាច់ខាត​ការ​ឈ្លោះ​ប្រកែក​គ្នា ព្រោះ​ទោះបី​ជា​យើង​អាច​ប្រកែក​​ឈ្នះ​គេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនាក់​ទំនង ឬ មិត្តភាព​ដែរ​ ដែល​នេះ​នឹង​ទៅ​បង្អាក់​ឱកាស​ម្រេច​កិច្ចការ​នោះ។

២. ត្រូវ​បង្ហាញ​ការ​គោរព​ដល់​ការ​យល់​ឃើញ​របស់​គេ  កុំ​ឆាប់​និយាយ​ថា​គេ​ខុស​ ដោយ​សារ​តែ​គេ​គិត​ខុស​ពី​យើង​ឲ្យ​សោះ។

៣. បើ​សិន​ជា​យើង​ខុស ឬ ជ្រុល​ជ្រោះ​ពាក្យ​សម្ដី ត្រូវ​ក្លាហាន​ហ៊ាន​ទទួល​ស្គាល់​កំហុស​ភ្លាមៗ និង​ចេះ​និយាយ​ពាក្យ​សុំទោស។

៤. ត្រូវ​ចាប់​ផ្ដើម​ដោយ​ភាព​ជា​មិត្ត និយាយ​ស្ដី​ពីរោះពិសា កុំ​នាំ​រឿង​ទាស់ទែង​ខ្វែង​គំនិត​មក​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​គ្នា។

៥. បើ​មាន​បញ្ហា ចូរ​ទុក​ឱកាស​ឲ្យ​គេ​និយាយ បញ្ចេញ​អារម្មណ៍​ឲ្យ​អស់​សិនកុំ​ព្យាយាម​រក​រឿង​មក​ដណ្ដើម​គេ​និយាយ ឬ​និយាយ​កាត់​គេ។

(រូបតំណាង)

៦. ចូរ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា “ការ​គិត​នោះ” គឺ​ជា​របស់​គេ ដូច្នេះ​​គេ​នឹង​បត់បែន​តាម​យើង​ដោយ​ងាយ ទាំង​ដែល​នោះ​ជា​គំនិត​របស់​យើង។

៧. ចូរ​ព្យាយាម​សម្លឹង​មើល​បញ្ហា​​ផ្សេង​ៗ ដោយ​គិត​ថា​​​បើ​សិន​​អ្នក​​ជា​គេ ឬ​យក​ចិត្ត​គេ​ដាក់​ក្នុង​ចិត្ត​ខ្លួន​ឯង។

៨. ចូរ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​គិត​របស់​គេ ឬ​បង្ហាញ​ការ​ឯកភាព​ចំពោះ​តម្រូវ​ការ​របស់​គេ។

៩. ចូរ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មាន​មោទនភាព ឬ​ជា​ចំណុច​ខ្លាំង​របស់​គេ ដូច​ជា​សមត្ថភាព ទឹក​ចិត្ត​ គុណធម៌... ហើយ​កុំ​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់​គេ ឬ​អ្វី​ដែល​គេ​មិន​ចង់​និយាយ និង​ចែក​រំលែក​ជាមួយ​អ្នក​បន្ត​ទៀត។

១០. បង្ហាញ​ថា​អ្វី​ដែល​គេ​និយាយ​មក​ គឺ​ជា​ពាក្យ​ដែល​យើង​ចង់​ស្ដាប់ ចង់​ឮ ត្រូវ​ចេះ​ផ្តល់​តម្លៃ​ដល់​ការ​ចូលរួម​របស់​គេ ទោះ​បី​ពេល​ខ្លះ​វា​ជា​រឿង​មិន​សូវ​ត្រូវ​នឹង​អ្នក​ក៏​ដោយ៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ លីដា

មតិយោបល់