• 2019-05-27 07:37:50
  • ការអប់រំ

ក្រុមដើរព្រៃវ័យក្មេងរបស់កម្ពុជា នឹងបង្ហាញស្នាដៃអភិរក្សសម្បត្ដិធម្មជាតិនៅមជ្ឃមណ្ឌល CKCC

  • 2019-05-27 07:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​​ចូល​ចិត្ត​ដើរ​ព្រៃ​ រហូត​ត្រូវ​បាន​តំណាង​ជា​ក្រុម​​មេគង្គ​យុវទូត​ប្រចាំ​កម្ពុជា ​នឹង​រៀប​ចំ​កម្មវិធី“ដំណើរ​ផ្សង​ព្រេង​របស់​មេគង្គ​យុវទូត” នៅ​ដើម​ខែ​មិថុនា​នេះ ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​របស់​ទន្លេ​​មេគង្គ​តាម​រយៈ​ការ​សម្ដែង​សិល្បៈ និង​ការ​ចែក​រំលែក​ពី​រឿង​រ៉ាវ​ដែល​មេគង្គ​យុវទូត​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អស់​រយៈ​ពេល​១៤ខែ។

កញ្ញា អាំង សិរី​រតន៍

កញ្ញា អាំង សិរី​រតន៍ ត្រូវ​បាន​ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​ក្នុង​ការ​រួម​ចំណែក​អភិរក្ស​ទន្លេ​មេគង្គ​ ដោយ​គម្រោង​អច្ឆរិយភាព​ទន្លេ​មេគង្គ និង​ជា​តំណាង​ក្រុម​បាន​ឲ្យ​ដឹង​ថា គោលបំណងនៃកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត គឺដើម្បី​ផ្សព្វផ្សាយពីស្នាដៃ​របស់​មេគង្គយុវទូត ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពីសារវិជ្ជមានរបស់​ទន្លេ​មេគង្គ ក្នុងន័យបង្កើនការ​យល់​ដឹង និង​រំលឹក​ដឹង​គុណ​ទៅដល់​ទន្លេដែល​បាន​ផ្ដល់​ប្រយោជន៍​ឲ្យ​យើង​ទាំង​អស់​គ្នា​ ហើយក៏​​ចង់ឲ្យ​ប្រជាជនខ្មែរ​​បាន​ចូល​រួមកាន់តែ​ច្រើន​​ក្នុង​កិច្ច​​ការពារ​​ និង​អភិរក្ស​ទន្លេ​ឲ្យ​មាន​និរន្ដភាព​​។

ចុចអាន៖ ពូកែដើរព្រៃ រហូតក្លាយជាយុវតីឆ្នើម​តំណាងអ្នកអភិរក្សសម្បត្ដិធម្មជាតិនៅកម្ពុជា

​ក្រោម​ការ​ជួយ​គាំទ្រ​ដោយ ​ជំនួយ​ពី​ពល​រដ្ឋ​អាម៉េរិក​(USAID) និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ(Wonders of the Mekong) រយៈពេល​​១៤ខែ​កន្លង​មក​ មេគង្គ​យុវទូត​ដែល​មាន​វ័យ​ចន្លោះ​ពី​ ១៨ ទៅ ២៥​ឆ្នាំ​ ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការ​លើ​សកម្មភាព​អភិរក្ស ​និង​លើក​ស្ទួយ​ការ​យល់​ដឹង​ពី​ទន្លេ​មេគង្គ​នៅកម្ពុជា​ដោយ​ធ្វើគម្រោងចំនួន៧​រួ​ម​មាន គម្រោង​សរសេរ​សៀវភៅ​រឿង​និទានខ្លី   គម្រោង​ធ្វើ​វីដេអូ​បំលាស់​ទីត្រី​ គម្រោង​រូប​សំណាក់​មាតាមេគង្គ   គម្រោង​បទ​ចម្រៀង​ទន្លេ​មេគង្គ​ គម្រោង​អេកូ​ទេសចរណ៍ គម្រោង​សិល្បៈករ​នៃ​ទន្លេ​មេគង្គ​ និងគម្រោង​សម្ភារៈ​អប់​រំ​ពី​ទន្លេ​មេគង្គ​។​

កម្មវិធីនេះ​នឹងប្រារព្ធ​ទៅនៅថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសាលពហុបំណង នៃមជ្ឈ​មណ្ឌលសហ​ប្រតិបត្ដិ​ការ​កម្ពុជា​-កូរ៉េ (CKCC)​​ ចាប់ពីម៉ោង១រសៀល​ រហូតដល់ ម៉ោង៦កន្លះ​ល្ងាច។   កម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត​​​ ដែល​ពិពណ៌នាពី​អច្ឆរិយ​ភាព​នៃ​​​ទន្លេ​មេគង្គ គឺកាន់តែពិសេសនិងអស្ចារ្យ​​ដោយមាន​ការ​សហការជាមួយក្រុមសិល្បៈប្រពៃណីសហសម័យនិងក្រុម​ចម្រៀង​សម័យ SmallWorld SmallBand ក្រុម​តូច​(SWSB) ដើ​ម្បី​រៀប​ចំ​នូវ​ការ​និទានរឿង​​បែប​​សិល្បៈ​ដែល​មាន​ភាព​ច្នៃ​ប្រឌិត។ លើស​ពី​នោះ កម្មវិធី​ក៏​នឹង​មាន​សកម្មភាព​ដូចជា៖

  • ការ​តាំងពិព័រណ៌ពី​ស្នាដៃ​​​​របស់​មេគង្គ​យុវទូត​ និង​​អង្គការ​អភិរក្ស​នានា​នៅ​កម្ពុជា​
  • ការ​តាំង​ពិព័រណ៍​ការងារ​មុខ​ជំនាញ​ក្នុង​វិស័យ​អភិរក្ស​បរិស្ថាន​ពី​ស្ថាប័ន​អង្គការ​ចំនួន​១៤ នៅ​កម្ពុជា
  • ការ​ចែក​រំលែក​ចំណេះ​ដឹងអំ​ពី​ការ​ងារ​ក្នុង​វិស័យ​អភិរក្ស​ពី​បណ្ដា​អង្គការ​អភិរក្ស​ហើយ​ស្វែង​យល់​ពី​ជីវ​ចម្រុះ ធនធាន​ធម្មជាតិ​ និង​វិធីសាស្ដ្រ​ផ្សេងៗ​ដែល​អ្នក​ជំនាញ​ប្រើ​ប្រាស់​ក្នុង​ការ​អភិរក្ស​សម្បត្ដិ​ធម្មជាតិ​របស់​ខ្មែរ​យើង​។
  • ការ​ជជែក​ពិភាក្សា​ពី​មុខ​ជំនាញ​ និង​ការងារ​ក្នុង​វិស័យ​អភិរក្ស​ ជាមួយ​អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​នា​នា​ទាំង​វិស័យ​ឯកជន​ វិស័យ​សង្គម​ស៊ី​វិល​ និង​វិស័យ​រដ្ឋ ដើម្បី​ឲ្យ​យុវជន​បាន​មើល​ឃើញ​ឱកាស​កាន់​តែ​ច្រើន​ពី​ការ​ងារ​អភិរក្ស​ និង​ចាប់​យក​ជំនាញ និង​ការ​ងារ​​ទាំង​នេះ​។​

គួរបន្ថែមថា ​ទន្លេមេគង្គ ជា​ទន្លេ​មានពូជ​​​ត្រី​ចំរុះដ៏សំបូរបែប​​​ជាង៨០០ប្រភេទ ហើយ​ច្រើនជាង​គេ​លំដាប់​លេខ៣នៅលើពិភពលោក បន្ទាប់​ពី​ទន្លេ​អា​ម៉ា​ស្សូន និង​ទន្លេ​កុង​ហ្គោ​។​​​ មហា​តំបន់​ទន្លេ​មេគង្គ​​​​ ក៏​ជា​ផ្ទះ​របស់រុក្ខជាតិមិន​តិច​ជា​ង​២០០០០ប្រភេទ​ បក្សី​១២០០ប្រភេទ ​សត្វ​ល្មូន​៨០០​ប្រភេទ និង​ថនិក​សត្វ​៤៣០​ប្រភេទ​​ផង​ដែរ។ មិន​ត្រឹម​តែ​សត្វ​ និង​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ ​ទន្លេ​មេគង្គ​​បាន​ទ្រទ្រ​ង់ជីវិតមនុស្សប្រមាណជាង៣០០លាននាក់ដែល​ក្នុង​នោះ​មាន​​ជន​ជាតិ​ដើម​​ជិត​១០០​​ក្រុម​​ផ្សេងៗគ្នា​រស់​នៅ​ក្នុង​តំបន់​នេះ​​​។​ ចំពោះ​អាងទន្លេមេគង្គក្រោមតែ​ម្យ៉ាង វិស័យ​ជលបាន​ផ្ដល់​អត្ថប្រយោជន៍​ដល់តម្លៃ​សេដ្ឋ​កិច្ចប្រមាណជាង​១១​ពាន់​លាន​ដុល្លា​ក្នុង​១​ឆ្នាំរួម​បញ្ជូលទាំង​វិស័យ​ជល​ផល​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់