• 2019-08-13 06:53:29
  • ការអប់រំ

នៅ​សល់​ ៦ ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ហើយ​! គួរ​បិទ​ Facebook ចោល​អត់​?

  • 2019-08-13 06:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មិន​ថា​វ័យ​ចំណាស់​ វ័យ​កណ្ដាល​ ឬ​វ័យ​ជំទង់​ឡើយ​ សុទ្ធ​តែ​ប្រើ​ប្រាស់​វា​ ជា​ពិសេស​នោះ​ សិស្ស​ទី​ ១២ ដែល​កំពុង​ត្រៀម​ប្រលង​បាក់​ឌុប​។

ដោយ​ហេតុ​ថា​ បណ្ដាញ​សង្គម​មួយ​ប្រភេទ​នេះ​ មាន​ទាំង​ផល​វិជ្ជមាន​ និង​ផល​អវិជ្ជមាន​ ជះ​ឥទ្ធិពល​ទៅ​ដល់​បេក្ខជន​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ បាន​ជា​បេក្ខជន​មួយ​ចំនួន​កំពុង​ពិចារណា​ថា​ តើ​ខ្លួន​គួរ​តែ​ឈប់​ប្រើ​ប្រាស់​វា​ មួយ​រយះ​ ឬ​បន្ត​ប្រើ​ប្រាស់​?

ជា​សិស្ស​ថ្នាក់​ទី​ ១២ មួយ​រូប​ យុវជន​ លី គីមឡេង បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ Facebook  រហូត​ដល់​ថ្ងៃ​ប្រលង​ ពី​ព្រោះ​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ លំហាត់​ ឬ​វិញ្ញាសា​ផ្សេងៗ​ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ខ្លួន​គេ​ផ្ទាល់​ ក្នុង​ការ​ទទួល​បាន​ចំណេះ​ថ្មីៗ​បន្ថែម​ទៀត​។

ថ្វី​ដ្បិត​តែ​យុវជន​ខាង​លើ​មើល​ឃើញ​ពិ​ប្រ​យោជន៍​ច្រើន​របស់​ហ្វេស​ប៊ុក​ក៏​ដោយ ក៏​យុវជនរូបនេះបាន​ដឹង​ច្បាស់ពី​ផល​អវិជ្ជមាន​ដូចគ្នា។ យុវជន​រូប​នេះ​បន្ថែមថា​៖ « សម្រាប់​ខ្ញុំ​ផ្ទាល់​ ការ​ប្រើ​ប្រាស់​ Facebook  ក៏​វា​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​ខ្ញុំ​ដែរ​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ តែ​ពេល​ប្រើ​យូរ​ទៅ​យើង​ជក់​ហើយ​ វា​ពិបាក​ឈប់​ហា៎​ អ៊ីចឹង​យើង​ក៏​ខាត​បង់​ពេល​វេលា​ដែរ​»។

យុវជន លី គីមឡេង

បេក្ខជន​ត្រៀម​ប្រលង​បាក់​ឌុប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ខ្លួន​ធ្លាប់​ចង់​ផ្ដាច់​ឈប់​ប្រើ​ប្រាស់​ Facebook  ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​បាន​ ព្រោះ​ត្រូវ​ការ​ទាក់​ទង​ទៅ​មិត្តភ័ក្ដិ​ ដើម្បី​សួរ​លំហាត់​គ្នា​ និង​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​។

គីមឡេង​បន្ថែម​ថា​៖ « ខ្ញុំ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​វា​ តែ​ខ្ញុំ​នឹង​កាត់​បន្ថយ​វា​ ហើយ​ខ្ញុំ​នឹង​បើក​អ៊ីនធឺណិត​ចោល​ ប្រសិន​ជា​មាន​អ្នក​ឆែក​មក​សួរ​ខ្ញុំ​ពាក់​ព័ន្ធ​និង​ព័ត៌មាន​ផ្សេងៗ​ ឬ​ក៏​លំហាត់​ ខ្ញុំ​អាច​ឆ្លើយ​តប​គេ​បាន​ ខ្ញុំ​ប្រើ​វា​តែ​ប៉ុណ្ណឹង​ទេ​»។

ចំណែក​សិស្ស​ទី​ ១២ ម្នាក់​ទៀត​ ហូយ បញ្ញារ៉ា បាន​ឲ្យ​ដឹង​ដែរ​ថា​ រូប​គេ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ទៅ​លើ ​ Facebook   ប៉ុន្តែ​ដោយ​ឡែក​មុន​ថ្ងៃ​​​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​នេះ​ រូប​គេ​នឹង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ ហើយ​ប្រើ​ប្រាស់​វា​តែ​ពេល​ទំនេរ​បន្ទាប់​ពី​រៀន​ ជា​ពិសេស​គឺ​ពេល​ស្រ្តេស​។

បេក្ខជន​រូប​នេះ​ថា​៖ «​ ខ្ញុំ​ក៏​មិន​ចង់​លេង​វា​ដែរ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ពេល​ខ្ញុំ​ទំនេរ​ពី​មើល​មេរៀន​ ខ្ញុំ​ក៏​បើក​មើល​វា​បន្តិច​ទៅ​ ដោយ​សារ​តែ​ចង់​ដឹង​ពី​ព័ត៌មាន​នៅ​ក្នុង​សង្គម​ ឬ​ព័ត៌មាន​ពាក់​ព័ន្ធ​និង​បាក់ឌុប​»។

យុវជន ហូយ បញ្ញារ៉ា

ម៉្យាង​ទៀត​យុវជន​រូប​នេះ​បន្ត​ថា​ ទោះ​ជា​ខ្លួន​ប្រើ​ Facebook  យូរ​ក្នុង​រយះ​ពេល​ ៦ ថ្ងៃ មុន​ថ្ងៃ​ប្រលង​ ក៏​គ្មាន​ការ​ប៉ះ​ពាល់​អ្វី​ដល់​ការ​ប្រលង​របស់​គេ​ដែរ​ ព្រោះ​មាតិកា​ក្នុង​គណនី​ហ្វេសប៊ុក​របស់​គេ​ មាន​តែ​គម្រោង​វិញ្ញាសា​ចាស់ៗ​ តែ​ប៉ុណ្ណោះ​។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ លោក​ ឡុង ឆើត គ្រូ​បង្រៀន​គណិតវិទ្យា​ត្រៀម​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​សិស្ស​ទី​ ១២ គួរ​តែ​ផ្អាក​ប្រើ​ប្រាស់​ Facebook  មួយ​រយៈ​សិន​ ហើយ​ចាប់​ផ្ដើម​មើល​មេរៀន​ តែ​មិន​មែន​មាន​ន័យ​ថា​មិន​ប្រើ​ប្រាស់​សោះ​នោះ​ទេ​ គឺ​ត្រូវ​ប្រើ​ប្រាស់​វា​ នៅ​ពេល​ចង់​ដឹង​ព័ត៌មាន​ផ្សេងៗ​  ដូច​ជា​ការ​មើល​ឈ្មោះ​ប្រលង​ជា​ដើម​។

លោក​ថា​៖​« សល់​តែ​ ៦ ថ្ងៃ​ទៀត​ទេ​ប្រលង​ហើយ​ យើង​អាច​ប្រើ​ Facebook  បាន​ តែ​សម្រាប់​តែ​ពេល​ យើង​ចង់​ដឹង​ព័ត៌មាន​ទាក់​ទង​នឹង​ក្រសួង​ post តែ​ប៉ុណ្ណោះ​ក្នុង​អំឡុង​ពេល​នេះ​ តែ​បើ​យើង​ងុប​លេង​រហូត​ម៉ង់​ អត់​ល្អ​ទេ​ ព្រោះ​ជិត​ដល់​ពេល​ប្រលង​ហើយ​»។

លោកគ្រូ ឡុង ឆើត

ទោះ​ជា​លោក​ណែនាំ​ឲ្យ​សិស្ស​កាត់​បន្ថយ​ក៏​ដោយ​ ក៏​លោក​បាន​បញ្ជាក់​ថា​ Facebook  ក៏​មាន​ផល​ប្រយោជន៍​ដែរ​ គឺ​យើង​អាច​ប្រើ​ប្រាស់​វា​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ ក៏​ដូច​ជា​វិញ្ញាសា​ចាស់ៗ​ ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​ផង​ដែរ​។​

បញ្ជាក់​ផង​ដែរ​ថា​ បេក្ខជន​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​ មាន​ចំនួន​សរុប​ ១១៩,២១៧ នាក់ ខណៈ​មណ្ឌល​ប្រលង​មាន​ ២០២ មណ្ឌល​។              

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់