• 2019-08-29 04:37:27
  • ការអប់រំ

រំភើប! ឆ្នាំនេះមានយុវនិស្សិតដល់ទៅ ១០រូបតំណាងកម្ពុជាចូលរួមព្រឹត្តិការណ៍បោះជំរំអាស៊ាននៅថៃ

  • 2019-08-29 04:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ យុវ​និស្សិត​កម្ពុជា​ ចំនួន ​១០​រូប​ ទទួល​បាន​ឱកាស​ចូល​រួម​ក្នុង​កម្មវិធី​ ភាព​ជា​អ្នក​ដឹក​នាំ​ និង​សកម្មភាព​អភិវឌ្ឍន៍​សង្គម​ ក្នុង​ជំរំ​អាស៊ាន ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ស៊ីម៉ង់​ SCG ​មាន​ឈ្មោះ​ថា​ « SCG ចែក​រំលែក​សុបិន​អាស៊ាន​»។

ព្រឹត្តិការណ៍​បោះ​ជំរំ​ពហុ​វប្បធម៌​អាស៊ាន​នេះ បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២៣ ដល់​ ថ្ងៃ​ទី​ ២៦ នៅ​ប្រទេស​ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​និស្សិត​ចំនួន​ ៧៣ នាក់​ មក​ពី​បណ្ដាល​ប្រទេស​ចំនួន​ ៧ ក្នុង​តំបន់​អាស៉ី គឺ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ភូមា ហ្វីលីពីន ថៃ និង​វៀតណាម។

ជា​និស្សិត​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ ១០នាក់​ផ្សេង​ទៀត​ដែល​​ទទួល​បាន​ អាហារូបករណ៍​ពី​ SCG ​ចូល​រួម​ជំរំ​អាស៊ាន​ កញ្ញា ឆន ចន្ទពិសី បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ដំបូង​បង្អស់​​របស់​កញ្ញា ដែល​បាន​ជួប​ជុំ​ជា​មួយ​មិត្តភ័ក្ដិ​មក​ពី​ប្រទេស​អាស៊ាន​ នៅ​ក្នុង​ព្រឹត្តិការណ៍​ជំរំ​ថ្នាក់​តំបន់​បែប​នេះ​ ។

កញ្ញា ឆន ចន្ទពិសី

កញ្ញា​ថា៖ «ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​ពី​ជំរំ​នេះ​ ដូច​ជា​ ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ​ ការ​ចែក​រំលែក​វប្បធម៌​ជា​មួយ​មិត្ត​ភក្ដិ​អាស៊ាន​ ការ​ទៅ​ទស្សនា​សកម្មភាព​អភិវឌ្ឍន៍​សហគមន៍​របស់​ SCG នៅ​ខេត្ត​រ៉ាក់​យ៉ង និង​ការ​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ដែល​យើង​បាន​ផ្ដួច​ផ្ដើម​ជា​គំនិត​ឡើង» ។

ចំណែក​ឯ​និស្សិត​កម្ពុជា​មួយ​រូប​ទៀត​ លោក​ ខាន់ សំណាង ដែល​ទទួល​បាន​អាហារូបករណ៍​ពី​ SCG ដែរ​នោះ​ បាន​លើក​ឡើង​នេះ​ថា​ នេះ​ជា​បទពិសោធន៍​ដំបូង​របស់​លោក​ ដែល​បាន​ដើរ​ទស្សនា​ទីក្រុង​បាងកក និង​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​អស្ចារ្យ​របស់​គេ​ ហើយ​អ្វី​ដែល​លោក​ចូលចិត្ត​បំផុត​នោះ​គឺ​ ការ​ច្នៃ​សំណល់​បំពង់​ប្លាស្ទិក​ធ្វើ​ជា​ផ្ទះ​ត្រី។

លោក ខាន់ សំណាង

លោក​ថា ៖« អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​ គឺ​បាឋកថា​ស្ដីពី​ភាព​ជា​អ្នក​ដឹក​នាំ​ ដែល​ផ្ដល់​ដោយ​ប្រធាន​ក្រុមហ៊ុន SCG ការ​ចុះ​ទៅ​មើល​សកម្មភាព​សង្គម​នៅ​ខេត្ត​រ៉ាក់យ៉ង ដែល​គេ​ច្នៃ​សំណល់​បំពង់​ប្លាស្ទិក​ធ្វើ​ជា​ផ្ទះ​ត្រី ជួយ​ដល់​ជីវភាព​សហគមន៍​នេសាទ​នៅ​ក្នុង​មូលដ្ឋាន ។ និង​ទៅ​មើល​ចម្ការ​ចេក ដែល​ SCG ជួយ​ដល់​ជីវភាព​គ្រួសារ​​ជន​ពិការ​នៅ​ទី​នោះ»។

ក្នុង​អំឡុង​ពេល​ ៥ ថ្ងៃ​ នៃ​ការ​បោះ​ជំរំ​ និស្សិត​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​នេះ​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឯ ​ទីស្នាក់​ការ​កណ្ដាល​របស់​ SCG ដែល​នៅ​ទី​នោះ​ ពួក​គេ​បាន​ស្ដាប់​បទ​បាឋកថា​របស់​ប្រធាន​និង​អគ្គនាយក​ SCG ស្ដី​ពី​ភាព​ជា​អ្នក​ដឹកនាំ​ និង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​សាជីវកម្ម ។

ទន្ទឹម​នឹង​នេះ​ និស្សិត​ទាំង​ ៧៣ នាក់​ ក៏​បាន​ចូល​រួម​សិក្ខាសាលា​ស្ដី​ពី​ «ការ​ស្គាល់​ខ្លួន​ឯង​» និង​ «ការ​អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹក​នាំ​» ព្រម​ទាំង​បាន​ទៅ​ទស្សនកិច្ច​គម្រោង​​អភិវឌ្ឍន៍​សង្គម​នានា​របស់​ SCG នៅ​ខេត្ត​រ៉ាក់យ៉ង ចម្ងាយ​ប្រហែល​ ១៨០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក ផង​ដែរ ។

ក្រោយ​ព្រឹត្តិការណ៍​ជំរំ​នេះ និស្សិត​អាស៊ាន​ទាំង​ ៧៣នាក់ ដែល​មក​ពី​ ៧ប្រទេសនេះ ក៏​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​តំបន់​ស្ដី​ពី​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​រៀបចំ​ដោយ​ SCG នៅ​ក្នុង​ទីក្រុង​បាងកក ផង​ដែរ នាថ្ងៃទី២៦ សីហា ២០១៩ ។ នៅ​ក្នុង​សន្និសីទ​នេះ ពួកគេ​បាន​ស្ដាប់​អំពី​គោល​គំនិត​សេដ្ឋកិច្ច​វិល​ជុំ (circular economy) និង​ការ​គ្រប់​គ្រង​សំណល់ ព្រមទាំង​ត្រូវ​បាន​ផ្ដល់​​ឱកាស​ឲ្យ​ចែករំលែក​កង្វល់​របស់​ពួកគេ​អំពី​បញ្ហា​បរិស្ថាន ទៅដល់​មេ​ដឹក​នាំ​ធុរកិច្ច តំណាង​រដ្ឋាភិបាល អង្គការ​អន្តររដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ ដែល​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នេះ​ ផង​ដែរ៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់