• 2019-09-06 04:20:06
  • ការអប់រំ

ស្ថាបនិក​តម្រា​ថា ជ្រើសរើស​សៀវភៅ មើល​របៀប​សរសេរ​ជាជាង​ឈ្មោះ​អ្នក​និពន្ធ

  • 2019-09-06 04:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជីព ចិត្ត​ ស្ថាបនិក​តម្រា ទទួល​បន្ទុក​ផ្នែក​តម្រា​ឌីជីថល បញ្ចេញ​យោបល់​ថា ការ​ជ្រើសរើស​សៀវភៅ​របស់​យុវវ័យ​ក្នុង​ពេល​បច្ចុប្បន្ន ​គឺ​មើល​លើ​អ្នក​និពន្ធ​ជាង​ចំណង​ជើង ​ឬ​គុណភាព។​​ លោកថា ​ការ​ស្គាល់​អ្នក​និពន្ធ និង​សមត្ថភាព​ច្បាស់​ជា​រឿង​ល្អ ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឲ្យ​មាន​ការ​អាន​មើល​របៀប​សរសេរ​សិន​សឹម​សម្រេចចិត្ត​។

លោក ជីព ចិត្ត នៅ​ខាង​ស្ដាំដៃ កំពុង​សម្លឹង​​លោក សុខ ឡាក់ ជាសហស្ថាបនិកនៃបណ្ណាល័យបញ្ញាវ័ន្ត

ស្ថាបនិក​រូប​នេះ​លើក​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​សរសេរ​សៀវភៅ​នៅ​ពេល​គេ​ល្បីឈ្មោះ ឬ​ជោគជ័យ តែ​សៀវភៅ​នោះ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​អាន​ឬ​អត់​អាស្រ័យ​លើ​របៀប​សរសេរ​របស់​គេ។

លោក​ពន្យល់​ដូច្នេះ​ថា៖ «ខ្ញុំ​ធ្លាប់​ទិញ​សៀវភៅ​ច្រើន​ណាស់ ​ប៉ុន្តែ​ភាគតិច​ដែល​មើល​ចប់​ដោយ​សារ​ស្រួល​យល់ មិន​បក​ប្រែ​ទំាង​ដុល មិន​សរសេរ​ស្ទីល​បរទេស ពាក្យ​សម្រាយ​មាន​ឧទាហរណ៍​ជាក់​ស្តែង។ ខ្ញុំ​សូម​លើក​ពី​សៀវភៅ​ពេលវេលា​របស់​យើង សៀវ​ភៅ​នេះ ​ភាគច្រើន​អ្នក​យក​ទៅ​អាន​សរសើរ​ថា មាន​ភាព​​ច្បាស់​លាស់​អត្តសញ្ញាណ​អ្នកនិពន្ធ​ ដោយ​មិន​ច្រឡំ ឬ​ចម្លង​​សៀវភៅ​លួច​បក​ពី​គេ មាន​ការ​ពន្យល់ ផ្សារ​ភ្ជាប់​ជាមួយ ​និង​ជីវិត​ជាក់​ស្តែង»

សៀវភៅ​ពេល​វេលា​ជា​ចំណង​ជើង​ទីពីរ​របស់​តម្រា ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ​ចំនួន​៣​ពាន់​ច្បាប់។​ សៀវភៅ​នេះ លក់​ដាច់​បំផុត​ក្នុង​ចំណោម​ចំណង​ជើង​ទាំង​៤​របស់​តម្រា ។លោក​ ជីព ចិត្ត ​អះអាង​ថា​គេ​មិន​ទាន់​មាន​គម្រោង​ដាក់​ផ្សាយ​សៀវភៅ​នេះ​​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​ឡើយ​ ប៉ុន្តែ​ឃ្លីប​វីដេអូ​ដែល​ដក​ស្រង់​ចេញ​ពី​មាតិកា​ខ្លះ​និង​ត្រូវ​បាន​ផលិត​ឡើង។

លោក​បញ្ជាក់​បន្ថែម​ថា៖ «តម្រា​កំពុង​រក​ដៃគូ​ដែល​ធ្វើ​ឲ្យ​​ផ្នែក​ឌីជីថល​កាន់តែ​រស់រវើក​ជាង​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន។ យើង​មាន​គម្រោង​ច្រើន​ហើយ​សកម្មភាព​និមួយៗ​នឹង​ធ្វើ​ឡើង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​មួយ​ដែល​យើង​កំពុង​រស់​នៅ។ ​យើង​ជា​ក្រុម​ការងារ​ដែល​ឲ្យ​តម្លៃ​លើ ផល​ប្រយោជន៍​សង្គម​ជាង​ផ្នែក​ពាណិជ្ជកម្ម​​ហើយ​យើង​សង្ឃឹម​ថា​នឹង​ជួប​ដៃគូ​សហការ​ដែល​មាន​គុណ​តម្លៃ​ដូច​ឬ​ស្រដៀង​គ្នា»

យោង​តាម​ការ​អង្កេត​ និង​សិក្សា​មួយ​របស់​តម្រា ប្រទេស​កម្ពុជា​ហាក់​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នូវ​បរិមាណ​សៀវភៅ​បោះ​ពុម្ព​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប៉ុន្តែ​សាច់រឿង​ឬ​សៀវភៅ​ដែល​គ្មាន​គុណភាព​បាន​បំផ្លាញ​ទៅ​វិញ​នូវ​ទីផ្សារ​ដ៏​ទន់​ខ្សោយ​ជា​បន្តបន្ទាប់​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​បង្កើត​នូវ​ចលនា​គាំទ្រ​ជាច្រើន​ក្ដី។ ​

លោក​ជីព ចិត្ត ​អធិប្បាយ​ដូច្នេះ​ថា៖ «យើង​មើល​ឃើញ​ពី​បញ្ហា​ច្រើន​តែ​យើង​និយាយ​អំពី​ដំណោះស្រាយ​ប្រសើរ​ជាង។ ​ដំណោះ​ស្រាយ​ចំពោះ​មុខ​ គឺ​សៀវភៅ​គួរ​តែ​ថោក​ជាង​នេះ​ហើយ​មាន​គុណភាព​ល្អ​ជាង​បច្ចុប្បន្ន។ ដាក់​អ្វី​មួយ​ដែល​មិន​ល្អ ទៅ​លើ​ទី​ផ្សារ ទោះ​ទីផ្សារ​នោះ​ល្អ​ប៉ុណ្ណា អតិថិជន​នឹង​ឈប់​មក​ព្រោះ​គេ​លែង​ជឿ​ទុកចិត្ត​។ ការ​កូពី (ចម្លង) ជា​រឿង​ដ៏​អាម៉ាស់ និង​នាំ​មក​នូវ​មហន្តរាយ​ដូច្នេះ​យើង​ត្រូវការ​ចាប់​ផ្តើម​ជាមួយ​ការ​រក្សាសិទ្ធិ គោរព​សិទ្ធិ​ និង​គោរព​ខ្លួន​ឯង​ជាមុន។»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី