• 2019-09-10 08:48:43
  • ការអប់រំ

អភិបាលខេត្តមួយរូបចេញមុខជួយសិស្សពិការ ដៃ ជើង និងភ្នែក ស្រី-ប្រុសនៅកំពង់ធំ ៣នាក់ដែលប្រលងជាប់

  • 2019-09-10 08:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលខេត្តកំពង់ធំ ឯកឩត្តម សុខ លូ ឆ្លើយប្រាប់ Sabay តាមទូរសព្ទថា លោកនឹងឩបត្ថមទាំងស្រុងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ, ម៉ូតូម្នាក់មួយគ្រឿង, កុំព្យូទ័រ Laptop ម្នាក់មួយគ្រឿង និងថវិកាម្នាក់ៗ ២លានរៀល ដល់សិស្សពិការ ដៃ ជើង និងភ្នែក ស្រី-ប្រុស ៣នាក់ នៅខេត្តកំពង់ធំដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០១៩នេះ។

ឯកឩត្តម សុខ លូ អភិបាលខេត្តកំពង់ធំ

សិស្សពិការ ដៃ ជើង និងភ្នែក ស្រី-ប្រុស នៅខេត្តកំពង់ធំ ៣នាក់ ប្រឡងជាប់បាក់ឌុបឆ្នាំ២០១៩ដែលបានទទួលការឩបត្ថមខាងលើរួមមាន៖

១.សិស្សស្រី អ៊ុន កុសល ពិការដៃទាំងសងខាង ប្រឡងនៅមណ្ឌលបឋមសិក្សា ហ៊ុន សែន បាល្ល័ង្គ ជាប់និទ្ទេស D

២.សិស្សប្រុស ងោ គឹមណេង ពិការភ្នែកម្ខាង និងម្ខាងទៀតមានបញ្ហាមើលមិនសូវច្បាស់ ប្រឡងនៅមណ្ឌលអនុវិទ្យាល័យថ្នល់បែក ប្រលងជាប់និទ្ទេសD

៣.សិស្សប្រុស ទុយ សុខដុង ពិការដៃ និងជើងទាំងសងខាង ប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ប្រឡងជាប់និទ្ទេស D

អភិបាលខេត្តរូបនេះបញ្ជាក់ថា ការឩបត្ថមខាងលើនេះនឹងអាចមានការប្រែប្រួលច្រើនជាងនេះ ដោយអាស្រ័យលើសប្បុរជនានាមិនទាន់ចូលរួមឩបត្ថមបន្ថែម។

ឯកឩត្តមបន្តថា ក្រៅពីសិស្សពិការ ដៃ ជើង និងភ្នែក ស្រី-ប្រុស ៣នាក់នេះ សិស្សដែលបាននិទ្ទេសA ទាំង១៤នាក់នៅខេត្តកំពង់ធំទាំងអស់ឆ្នាំនេះក៏នឹងទទួលបានម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថាការប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ សិស្សប្រឡងបាន​និទ្ទេសA មាន​ ​៤៤៣​នាក់ កើនជាងឆ្នាំមុនចំនួន ៣៥ ខណៈដែលសិស្សនិទ្ទេស A នៅខេត្តកំពង់ធំ កើនជាងឆ្នាំមុន ៣នាក់៕

រូបថត៖ ផ្តល់ដោយរដ្ឋបាលខេត្តកំពង់ធំ

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់