• 2020-02-03 10:07:28
  • សេដ្ឋកិច្ច

ធនាគារហ្វីលីព និងក្រេឌីត រួម​បញ្ចូល​គ្នា​ ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដែល​មាន​សាខា​ច្រើន​លំដាប់ទី៣

  • 2020-02-03 10:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរួមបញ្ចូលគ្នា រវាងធនាគារ ហ្វីលីព (Phillip Bank) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit MFI) បានទទួលការអនុម័តជាផ្លូវការពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ការរួមបញ្ចូលគ្នានេះ ជាការរួមបញ្ចូលគ្នាដ៏ធំមួយក្នុងវិស័យធនាគារនៅកម្ពុជា ដែលបង្កើតឲ្យមានបណ្តាញសាខាធនាគារពាណិជ្ជដ៏ធំបំផុតលំដាប់ទី៣ ក្នុងប្រទេស។

ស្ថាប័នថ្មីនេះ នឹងដំណើរការប្រតិបត្តិក្រោមឈ្មោះជា ធនាគារ ហ្វីលីព ភីអិលស៊ី និងមានបុគ្គលិកបម្រើការងារច្រើនជាង ២០០០នាក់ ហើយថ្នាក់គ្រប់គ្រងរបស់ធនាគារ ហ្វីលីព បានប្ដេជ្ញាថា ទាំងបុគ្គលិក ធនាគារ ហ្វីលីព និង ក្រេឌីត នឹងត្រូវរក្សានៅដដែល បន្ទាប់ពីការរួមបញ្ចូលគ្នានេះ។

ធនាគារ ហ្វីលីព ដែលបានរួមបញ្ចូលគ្នានេះ មានសាខាសរុបចំនួន ៨៩ការិយាល័យ ទូទាំងប្រទេសកម្ពុជា ពោលគឺបញ្ចូលសាខាចំនួន ៨៣កន្លែងរបស់ក្រេឌីត ជាមួយនឹងសាខាចំនួន ៦កន្លែងរបស់ ធនាគារ ហ្វីលីព។

លោក Ong Teong Hoon ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិកនៃ ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ក្នុងការទទួលបានលិខិតអនុម័តចុងក្រោយលើការរួមបញ្ចូលគ្នា ដែលមានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ»។

លោកមានប្រសាសន៍បន្តថា៖ «តំណាងឲ្យម្ចាស់ភាគហ៊ុន និងបុគ្គលិកទាំងអស់នៃធនាគារ ហ្វីលីព ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចំពោះការគាំទ្រ ស្ថាប័នទាំងពីរ លើរាល់ដំណាក់កាលនៃការរួមបញ្ចូលគ្នាដ៏សំខាន់នេះ ស្របពេលដែលវិស័យធនាគារក្នុងស្រុកកំពុងមានភាពប្រកួតប្រជែងខ្ពស់»។

ការរួមបញ្ចូលគ្នានេះ មានន័យថា អតិថិជនរបស់ក្រេឌីត នឹងអាចប្រើប្រាស់រាល់សេវាកម្មបែបទំនើបរបស់ធនាគារ ហ្វីលីព ដូចជា សេវាបញ្ញើសន្សំ សេវាប្រាក់កម្ចី សេវាធនាគារចល័ត ព្រមទាំងសេវាធនាគារអនឡាញ ដែលនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ ដោយឡែក អតិថិជនរបស់ ធនាគារ ហ្វីលីព នឹងអាចប្រើប្រាស់ម៉ាស៊ីនដក/ដាក់ប្រាក់របស់ក្រេឌីត ទូទាំងប្រទេស ដោយមិនមានការគិតថ្លៃសេវាបន្ថែមឡើយ។

នៅដំណាក់កាលដំបូង បន្ទាប់ពីការរួមបញ្ចូលគ្នាជាផ្លូវការនេះ សាខាទាំង ១២របស់ក្រេឌីត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ និងស្រុកស្វាយអន្ទរ នឹងត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី។

សាខាដែលផ្លាស់ប្តូរមុខមាត់ថ្មីទាំងនេះ នឹងមានរូបរាងដ៏ទាក់ទាញ និងរចនាបថទំនើប ដែលមានលក្ខណៈស្រដៀងនឹងសាខាគំរូរបស់ធនាគារហ្វីលីពស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ដែលទើបតែដាក់សម្ពោធជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព បានបង្ហាញថា ស្ថាប័នដែលរួមបញ្ចូលគ្នានេះ មានទ្រព្យសម្បត្តិសរុបចំនួន ៦២៣លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំចំនួន ៤០០លានដុល្លារអាមេរិក និងឥណទានចំនួន ៤៩០លានដុល្លារអាមេរិក រួមជាមួយនឹងអតិថិជនបញ្ញើសន្សំ ចំនួន ៩១ ០០០នាក់ និងអតិថិជនកម្ចីជិត ៦៩ ០០០នាក់។

ម្ចាស់ភាគហ៊ុនតែមួយគត់ របស់ធនាគារដែលបានរួមបញ្ចូលគ្នានេះ គឺ ក្រុមហ៊ុន PhillipCapital របស់សិង្ហបុរី ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុចម្រុះ ដែលមានប្រតិបត្តិការក្នុង ១៥ប្រទេស ទូទាំងពិភពលោក និងមានទ្រព្យសម្បត្តិសរុបចំនួន៣៥ពាន់លានដុល្លារអាមេរិក។

លោក Lim Hua Min ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន PhillipCapital មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីរំភើបក្រៃលែងក្នុងការរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដែលមានបណ្ដាញសេវាដ៏រឹងមាំនៅប្រទេសកម្ពុជា ជាមួយនឹងចំណេះដឹង និងក្បួនអនុវត្តលំដាប់អន្តរជាតិដ៏ល្អបំផុតរបស់ ធនាគារ ហ្វីលីព ដើម្បីបង្កើតបានជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ដែលនឹងបម្រើដល់តម្រូវការផ្នែកហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា ជាមួយនឹងផលិតផលធនាគារ និងធានារ៉ាប់រងដ៏ល្អបំផុត ជាមួយនឹងការប្តេជ្ញាចិត្តជាចម្បងលើការផ្តល់សេវាកម្មជូនអតិថិជន»។

លោក Lim Hua Min ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន PhillipCapital

ការបណ្តាក់ទុនរបស់ក្រុមហ៊ុន PhillipCapital នៅកម្ពុជា បានកើនឡើងពីទឹកប្រាក់ ១០០ ០០០ដុល្លារអាមេរិក លើគ្រឹះស្ថានហិរញ្ញវត្ថុ First Finance កាលពីឆ្នាំ២០០៩ រហូតដល់ទំហំទឹកប្រាក់ច្រើនជាង ១១០លានដុល្លារអាមេរិកនៅកម្ពុជា មកដល់សព្វថ្ងៃនេះ។

ក្រុមហ៊ុន PhillipCapital គឺជាម្ចាស់ភាគហ៊ុនតែមួយគត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និងធនាគារ ហ្វីលីព នៅមុនពេលស្ថាប័នទាំង២ រួមបញ្ចូលគ្នា ហើយក្រុមហ៊ុនក៏នៅតែរក្សាភាគហ៊ុនធំរបស់ខ្លួន ១០០% ក្នុងស្ថាប័នដែលបានរួមបញ្ចូលគ្នានេះផងដែរ។

ក្រេឌីត បានចាប់ផ្តើមក្នុងនាមជាគម្រោងអង្គការក្រៅរដ្ឋាភិបាលដ៏តូចមួយ ក្រោមជំនួយពីអង្គការ World Relief របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៣ និងបានផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ក្នុងរយៈពេល២៧ឆ្នាំ ទៅជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដោយមានបេសកកម្មស្នូលមួយ ក្នុងការគាំទ្រការអភិវឌ្ឍប្រទេសនេះ តាមរយៈសេវាហិរញ្ញវត្ថុរបស់ខ្លួន និងកម្មវិធីសង្គមដ៏រឹងមាំមួយ ដើម្បីជួយដល់ប្រជាជនដែលងាយរងគ្រោះ។

កម្មវិធីសង្គមមួយនេះ នឹងបន្តដំណើរការក្រោមការគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ហើយនឹងត្រូវកែប្រែឈ្មោះទៅជាអង្គការ «គាំពារភូមិយើង» ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលផ្តោតជាចម្បងទៅលើសុខុមាលភាពកុមារ ការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕

មតិយោបល់