• 2020-06-12 09:29:56
  • ការអប់រំ

ល្អណាស់!​ មិត្តហ្វូនសហការជាមួយក្រសួងអប់រំ ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងសាលារៀន

  • 2020-06-12 09:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមជាមួយមន្ត្រីក្រោមឱវាទ រួមដំណើរជាមួយលោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានចុះទៅពិនិត្យសកម្មភាព និងការបណ្តុះបណ្តាលកម្មវិធីប្រព័ន្ធគ្រប់គ្រងពត៌មានសាលារៀន ឬ School Information System នៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី12 ខែមិថុនា ឆ្នាំ2020 ។ នេះគឺជាជំហ៊ានដំបូងសំរាប់មិត្តហ្វូន ដើម្បីដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងនេះ សំរាប់សាលារៀនជាង ៣ ០០០ កន្លែងនៅទូទាំងប្រទេស។

ប្រព័ន្ធគ្រប់គ្រងសាលារៀនឬ SIS គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយលេចធ្លោរបស់ក្រុមហ៊ុនមិត្តហ្វូនសម្រាប់វិស័យអប់រំ ដែលត្រូវបានសាកល្បងនៅវិទ្យាល័យហ៊ុនសែនសេរីភាពតាខ្មៅ ហើយគ្រោងនឹងពង្រីកសម្រាប់សាលារៀនទាំងអស់នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធីនេះ អ្នកជំនាញមិត្តហ្វូនបានផ្តល់ការណែនាំ រួមនឹងសំភារៈបណ្តុះបណ្តាលអំពីប្រព័ន្ធនេះដល់គ្រូ និងសិស្ស នៃវិទ្យាល័យ។ វាបានបង្ហាញថា ប្រព័ន្ធ SIS ផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ទាំងអស់រួមទាំងគ្រូបង្រៀន សិស្ស និងឪពុកម្តាយរបស់ពួកគេ។

ប្រព័ន្ធនេះអនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យមើល និងបញ្ចូលវត្តមានរបស់សិស្ស ការសុំច្បាប់ និងសម្គាល់នៅក្នុទម្រង់អេឡិចត្រូនិកផ្ទាល់ខ្លួនរបស់ពួកគេ គ្រប់គ្រងពេលវេលា វាយតម្លៃក្នុងការប្រលង គ្រប់គ្រងថ្នាក់រៀន មើលនិងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ហើយលើសពីនេះទៀតការផ្ញើនិងទទួលសារជាដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេ។ នៅផ្នែកផ្សេងទៀត សិស្សនិងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលការចូលរួមកំណត់ពេលវេលា ព័ត៌មានលំអិត ថ្លៃសេវា និងកាលបរិច្ឆេទប្រឡងជាដើម។ ពួកគេអាចមើលប្រវត្តិរូបកូនៗ របស់ពួកគេគ្រប់ពេលវេលា ទទួលបានការជូនដំណឹងពីគ្រូ ហើយក៏អាចស្នើរតម្រូវការទៅសាលារៀនផងដែរ។ រាល់សកម្មភាពទាំងអស់នឹងត្រូវបានអនុវត្តតាមអ៊ិនធឺណិតដោយស្មាតហ្វូនឬកុំព្យូទ័របានយ៉ាង ងាយស្រួលបំផុត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ «ខ្ញុំបាទពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបាននាំយកប្រព័ន្ធគ្រប់គ្រងសាលារៀននេះ មកកាន់ប្រទេសកម្ពុជា។ វានឹងធ្វើបំលាស់ប្តូរបរិបថធ្វើការរបស់គ្រូបង្រៀន និងការសិក្សាររបស់សិស្សជាខ្លាំង»

«លើសពីនេះមិត្តហ្វូនបានជួយទៅលើវិស័យអប់រំជាច្រើន ដូចជាការភ្ជាប់អ៊ីនធឺណិតទៅកាន់សាលារៀនជាង ៣ពាន់កន្លែងទូទាំងប្រទេស និងការតម្លើងប្រព័ន្ធវីដេអូខនហ្វ្រេនសម្រាប់ក្រសួងអប់រំ និងមន្ទីរអប់រំទូទាំងខេត្តក្រុងសម្រាប់ការភ្ជាប់ទំនាក់ទំនងកំឡុងពេលជំងឺកូវីដ 19 វាយលុក។» លោកបណ្ឌិតបន្ថែម។

អ្នកគ្រូ លី សុខហេង ជាគ្រូបង្រៀនមុខវិទ្យាកុំព្យូទ័រនៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ ខេត្តកណ្តាលបានបញ្ចេញចំណាប់អារម្មណ៍ថា៖ «ប្រព័ន្ធគ្រប់គ្រងសាលារៀននេះបានផ្លាស់ប្តូរទំលាប់នៃការធ្វើការរបស់ពួកយើងទាំងស្រុង។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងសិស្សកាន់តែមានភាពងាយស្រួលមិនថាវត្តមាន អវត្តមាន ពិនិត្យកាលវិភាគ ការដាក់ពិន្ទុតាមរយៈការប្រលង -ល-។ ហើយអាណាព្យាបាលក៏អាចតាមដានការសិក្សារបស់កូនៗរបស់ពួកគេតាមរយៈសារជូនដំណឹងទៅលើទូរស័ព្ទដៃផងដែរ។»

(រូបភាព៖ អ្នកគ្រូលី សុខហេង ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ)

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានថ្លែងថា៖ “នៅមិត្តហ្វូនយើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ តែយើងមកដើម្បីចូលរួមជាមួយសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។ ដូច្នេះយើងតែងតែចូលរួមជាមួយក្រសួងអប់រំ ជាពិសេសកំលុងពេលដែលជំងឺកូវីដ19 កំពុងរាតត្បាត។ មិត្តហ្វូនមានមោទនភាពដែលក្រសួងអប់រំបានជ្រើសរើសជាដៃគូនៅក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងពត៌មានសាលារៀននេះនៅវិទ្យាល័យហ៊ុនសែនសេរីភាព តាខ្មៅ និងនៅសាលារៀនផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។”

“សាលារៀនសរុប 3 000កន្លែង នឹងទទួលបានការតម្លើងប្រព័ន្ធគ្រប់គ្រងនេះ ហើយយើងជឿជាក់ថាវិស័យអប់រំនៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង និងជឿនលឿនតាមទស្សនៈវិស័យរបស់ក្រសួងអប់រំ។ លើសពីនេះ ដោយសារយើងខ្លាំងទៅលើបច្ចេកវិទ្យាដូច្នេះយើងសង្ឃឹមថាឆាប់ៗយើងនឹងពាំនាំនូវមាតិកាឌីជីថលសំខាន់ៗសម្រាប់វិស័យអប់រំដែលមានដូចជា eBook ជាដើម ដើម្បីសម្រួលដល់បណ្ណាល័យឌីជីថលផងដែរ។” លោកបន្ថែម។

(រូបភាព៖ លោកហ្វុង វ៉ាន់ គឿង នាយកក្រុមហ៊ុនមិត្តហ្វូន)

មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាដែលតែងពាំនាំនូវបច្ចេកវិទ្យាថ្មីៗមកបម្រើវិស័យឯកជន និងរដ្ឋជាច្រើនជាពិសេសនៅក្នុងវិស័យអប់រំ។ ជាមួយនឹងទស្សនៈវិស័យ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» មិត្តហ្វូននឹងនៅតែបន្តអភិវឌ្ឈន៍នូវផលិតផលថ្មីៗរបស់ខ្លួនឥតឈប់ឈរដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឲ្យកាន់តែមានភាពទាន់សម័យនៅក្នុងយុគសម័យឌីជីថលនេះ។ សម្រាប់ពត៌មានបន្ថែមសូមតាមដានទំព័រហ្វសប៊ុករបស់មិត្តហ្វូន

https://www.facebook.com/metfone.closer/ ឬគេហទំព័រ https://www.metfone.com.kh/kh

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី