• 2020-09-01 02:44:34
  • ព័ត៌មាន

ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា “ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០”

  • 2020-09-01 02:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា “ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០” ពីស្ថាប័នអន្តរជាតិ International Banker ហើយនេះ គឺជាពានរង្វាន់ទី៤ ដែលធនាគារនេះទទួលបាន បន្ទាប់ពីបានក្លាយជាធនាគារពាណិជ្ជពេញលេញត្រឹមរយៈពេល ២ឆ្នាំតែប៉ុណ្ណោះ។ គួររំលឹកផងដែរ នៅមុននេះ ធនាគារទទួលបានពានរង្វាន់និយោជកល្អបំផុតចំនួន ៣។

Financial Publishing Limited គឺជាក្រុមហ៊ុនអាណាព្យាបាលនៃ International Banker ហើយក៏ជាប្រភពឈានមុខគេនៃការវិភាគនិងមតិយោបល់ទូទាំងពិភពលោកលើវិស័យធនាគារ ហិរញ្ញវត្ថុ និងកិច្ចការពិភពលោក។ ពានរង្វាន់ International Banker នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់បុគ្គល និងស្ថាប័នដែលមានភាពច្នៃប្រឌិតខ្ពស់ ដែលបានកំណត់គោលដៅថ្មីសម្រាប់ការអនុវត្ត និងជម្រុញអោយមានការពង្រីកដែនកំណត់នៅក្នុងវិស័យហិរញ្ញវត្ថុ។

ដូចដែល International Banker បានលើកឡើងពីចំនុចដែលគួរឱ្យភ្ញាក់ផ្អើលចំពោះការវិវឌ្ឍដ៏លឿនរបស់ធនាគារ ព្រីនស៍ គឺការក្លាយជាធនាគារដំបូងបង្អស់ ដែលបានដាក់ដំណើរការប័ណ្ណឥណពន្ធ និងឥណទាន វីសា និងម៉ាស្ទ័រកាត បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការជាធនាគារពាណិជ្ជត្រឹមរយៈពេលតិចជាង ២ឆ្នាំ ហើយក៏ជាធនាគារដំបូងបំផុតដែលបានពង្រីកសាខារបស់ខ្លួនរហូតដល់ ១៩សាខា និងម៉ាស៊ីន ATM ចំនួន ៣២ទីតាំងនៅទូទាំងប្រទេស ក្នុងរយៈពេលត្រឹមតែ ១២ខែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ធនាគារ ព្រីនស៍ កំពុងបង្កើនភាពច្នៃប្រឌិតថ្មីលើអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន ឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ តាមបែបឌីជីថលទំនើប។

ធនាគារ ព្រីនស៍ ក៏ទទួលបានពានរង្វាន់ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើនផងដែរ ដែលក្នុងនោះរួមមានដូចជា“និយោជកល្អបំផុត ១០០ នៅអាស៊ី ប្រចាំឆ្នាំ២០១៩” “និយោជកល្អបំផុតរបស់កម្ពុជា ប្រចាំឆ្នាំ២០២០” និង“និយោជកល្អបំផុតជាសកល ប្រចាំឆ្នាំ២០២០”។

“សមិទ្ធផលគួរឱ្យកត់សំគាល់ទាំងអស់នេះអាចកើតឡើងបាន ដោយសារតែចក្ខុវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់ធនាគារ ការប្តេជ្ញាចិត្តរបស់ភាគទុនិក ការគាំទ្ររបស់ក្រុមប្រឹក្សាភិបាល ការណែនាំ និងការគាំទ្រពីនិយ័តករ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់យើងទាំងអស់។ ភាគទុនិក និងក្រុមប្រឹក្សាភិបាលបានផ្តល់ឱ្យធនធានដ៏ចាំបាច់នានា និងមានការជឿជាក់លើការវិនិយោគរយៈពេលវែង ដូច្នេះធនាគារអាចធ្វើខ្លួនឱ្យមានភាពខុសពីស្ថាប័នដទៃទៀតនៅក្នុងវិស័យហិរញ្ញវត្ថុ។ ជាក់ស្តែង ល្បឿន និងកំណើនដ៏ខ្លាំងក្លាជាមួយដៃគូប្រកួតប្រជែង ត្រូវទាមទារឱ្យយើងផ្តោតសំខាន់លើការបែងចែកធនធានដែលមានស្រាប់ និងអាទិភាពនៃការងារឱ្យបានច្បាស់លាស់។ នៅក្នុងបរិបទនេះ សហសេវិករបស់ខ្ញុំបានធ្វើការដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីអនុវត្តគម្រោងជាច្រើន ដែលត្រូវផ្តល់នូវលទ្ធផលអាជីវកម្មក្នុងពេលតែមួយ ដើម្បីធានាថា យើងមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់ការរីកចម្រើនបន្ថែមទៀត។ បើគ្មានបុគ្គលិកដែលមានការប្តេជ្ញាចិត្តនិងមានសមត្ថភាពទេនោះ យើងក៏មិនអាចមកដល់កន្លែងដែលយើងមានសព្វថ្ងៃនេះដែរ។ លើសពីនេះទៀត ការទទួលបានការគាំទ្រក្នុងដំណើរការរីកចម្រើនរបស់យើងពីដៃគូអាជីវកម្ម និងអតិថិជនរបស់យើងផងដែរ។ ជាសរុបសេចក្តីមក គឺជាការខិតខំប្រឹងប្រែង និងការគាំទ្រពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់របស់យើង។” នេះបើយោងតាមប្រសាស៍របស់ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ មានការប្តេជ្ញាចិត្តក្នុងការឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួនដើម្បីក្លាយជា “ស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនគោលដៅ” ធនាគារបន្តអនុវត្តផែនការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន នាំមកជូននូវផលិតផលថ្មីៗ និងពង្រឹងធនាគារឌីជីថលស្នូលរបស់ខ្លួន យោងទៅតាមកំណើនសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុដ៏រឹងមាំ។ ជាមួយនឹងគោលបំណង ដើម្បីក្លាយជាធនាគារឌីជីថលដែលល្អបំផុតនៅប្រទេសកម្ពុជា ធនាគារបានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការបញ្ចូល និងវិនិយោគដំណោះស្រាយធនាគារឌីជីថលទៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ខ្លួន ដើម្បីឆ្លើយតបអោយបានកាន់តែប្រសើរនូវតម្រូវការរបស់អតិថិជន។ ធនាគារ ព្រីនស៍ ត្រូវបានចាត់ទុកថាជាធនាគារក្នុងស្រុកដំបូងបង្អស់ ដែលមានការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានធនធានមនុស្ស ទម្រង់អេឡិចត្រូនិច និងកម្មវិធីធនាគារចល័តផងដែរ។

ថ្មីៗនេះ ធនាគារ ព្រីនស៍ បានដាក់ដំណើរការប័ណ្ណម៉ាស្ទ័រកាត និងវីសា Contactless ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២០ ដែលអនុញ្ញាតឱ្យអតិថិជនទូទាត់ប្រាក់នៅតាមម៉ាស៊ីនទូទាត់ម៉ាស្ទ័រកាត/វីសា ណាមួយដែលមាននិមិត្តសញ្ញា Contactless។ ការទូទាត់នេះផ្តល់នូវសុវត្ថិភាព និងងាយស្រួលបំផុតសម្រាប់អតិថិជនក្នុងការទូទាត់ប្រាក់របស់ពួកគេបានគ្រប់ពេល និងគ្រប់ទីកន្លែង។

នាពេលបច្ចុប្បន្ន ធនាគារ ព្រីនស៍ បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនរហូតដល់ ៣១ សាខាគ្របដណ្តប់រាជធានីភ្នំពេញ និង២០ខេត្តផ្សេងទៀត នៅទូទាំងប្រទេស។ ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនអេធីអឹមចំនួន ៤៧ គ្រឿង រួមទាំងម៉ាស៊ីនអេធីអឹមនៅក្រៅសាខាទាំង ១៦ ទីតាំងដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់គណនីរបស់ពួកគេ។

ធនាគារ ព្រីនស៍ មានកិត្តិយសដែលទទួលបានការទទួលស្គាល់ពីសំណាក់ស្ថាប័នអន្តរជាតិ International Banker ហើយធនាគារមានការប្តេជ្ញាខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជា “ធនាគារឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ តាមរយៈបណ្តាញចម្រុះជាច្រើន ជាមួយនឹងការផ្តល់នូវភាពកាន់ងាយស្រួលដល់អតិថិជនរបស់ខ្លួន”៕

មតិយោបល់