• 2020-09-29 08:03:51
  • ការអប់រំ

សិស្សអាហារូបករណ៍ដំបូងពី ICES Cambodia បាន​ផ្លាស់​ប្តូរ​ការសិក្សាទៅនៅសហរដ្ឋអាមេរិកហើយ

  • 2020-09-29 08:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុក នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ យុវសិស្ស ហ្គូយ ជីហុក សិស្សអាហារូបករណ៍​ផ្លាស់​ ប្តូរ​ការសិក្សា​​កម្រិតវិទ្យាល័យដំបូងរបស់អាយស៊ីអ៊ីអេស ខេមបូឌា (ICES Cambodia) ​បានឡើងយន្តហោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក (២០២០-២០២១) ហើយ។ ការ​ផ្លាស់​ប្តូរ​ការសិក្សា​ទៅនៅសហរដ្ឋអាមេរិក​នេះត្រូវបានធ្វើឡើង ក្រោយពីប្អូនបានបញ្ចប់ការប្រឡងសមត្ថភាពភាសាអង់គ្លេសកម្រិតសិស្សអន្តរជាតិ (ELTiS) ចំណេះដឹងទូទៅ រួមទាំងឆ្លងកាត់បទសម្ភាសផ្ទាល់មាត់ផង។ នៅទីបំផុត យុវសិស្ស ហ្គូយ ជីហុក ត្រូវបានជ្រើសរើសតំណាងប្រទេសកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ ICES Cambodia ក្នុងរយៈពេល២៩ឆ្នាំមកនេះ។

​បើតាមគណៈគ្រប់គ្រងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia អាហារូបករណ៍​ផ្លាស់​ប្តូរ​ការសិក្សា​​កម្រិតសិស្ស​វិទ្យាល័យ ដែលមានអាយុចាប់ពី១៥ ដល់១៨ឆ្នាំ ពី​ ​ICES​ ​Cambodia​ ទៅរៀននិងរស់នៅបរទេស ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សិស្ស​ទទួល​បានការ​សិក្សា​ដ៏​មានគុណ​ភាព​ប៉ុណ្ណោះទេ​ ថែមទាំង​ទទួល​បាន​បទ​ពិ​សោ​ធ​ថ្មី​ៗ​ ​ជាពិសេស​មានឱកាស​យល់ដឹង​អំពី​វប្បធម៌​ ​ប្រពៃណី​ និង​របៀបរបប​រស់នៅ​ប្រចាំថ្ងៃ​ ​រួម​ទាំង​មិត្តភាពរបស់ពួកគេក្នុង​កំលុងពេល​រស់នៅ និងសិក្សានៅ​ទីនោះផង​។​

អំឡុង​ពេលសិក្សាពេញមួយឆ្នាំនៅសហរដ្ឋអាមេរិក សិស្សត្រូវរស់នៅជាមួយគ្រួសារមួយដែលយកចិត្តទុកដាក់ក្នុងការធានាសុវត្ថិភាព និងរៀននៅវិទ្យាល័យក្នុងស្រុកនោះតែម្តង។ តាមរយៈការរស់នៅ ពួកគេចូលរួមចែករំលែក និងរបៀបរស់នៅរបស់ពួកគេ ដើម្បីពង្រីកចំណេះដឹងអំពីវប្បធម៌ផ្សេងៗ ជាពិសេសការលើកទឹកចិត្តឱ្យមានទំនាក់ទំនងពិភពលោកដ៏ល្អប្រសើរ។ ជាងនេះទៅទៀត ពួកគេទទួលបានជំនាញភាសា ការរៀនសូត្រកាន់តែមានភាពឯករាជ្យ បទពិសោធនៃវប្បធម៌ ការយល់ដឹងពីប្រព័ន្ធអប់រំផ្សេងគ្នា និងការកសាងមិត្តភាពពេញមួយជីវិតរបស់ពួកគេ។

បើតាមគម្រោងរបស់យុវសិស្ស ហ្គូយ ជីហុក ​នឹង​ទៅរៀន​នៅ​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក​រយៈពេល​មួយឆ្នាំ​ ​ដោយ​រូបគេ​ត្រូវ​រស់នៅ​ជាមួយ​គ្រួសារមួយគួរឱ្យស្រឡាញ់នៅក្នុងរដ្ឋ Oklahoma ព្រមទាំងសិស្សម្នាក់ទៀតមកពីប្រទេសអេស្បាញ និងរៀននៅវិទ្យាល័យ Deer Creek។ នេះអាចទុកថា ជាដំណើរកម្សាន្តជាលើកទី១ របស់យុវសិស្ស ហ្គូយ ជីហុក ដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតតែម្នាក់ឯង ប៉ុន្តែយុវសិស្សម្នាក់នេះ មានក្ដីរីករាយក្នុងការចែករំលែកវប្បធម៌ខ្មែរជាមួយគ្រួសារនៅបរទេស និងមិត្តភក្ដិថ្មីនៅក្នុងបរិបទថ្មីរបស់ខ្លួន។

គិតចាប់តាំងពីខែមករាមក ICES Cambodia បានរៀបចំឯកសារចាំបាច់នានា ព្រមទាំងការដាក់ពាក្យ ការសម្ភាស ការតម្រង់ទិស និងការបណ្ដុះបណ្ដាលយុវសិស្ស ហ្គូយ ជីហុក មុននឹងចាកចេញទៅ​ផ្លាស់​ប្តូរ​ការសិក្សា​​នៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia នៅតែបន្តត្រួត​ពិនិត្យវឌ្ឍនភាពរបស់យុវសិស្ស ហ្គូយ ជីហុក ទោះបើពេលនេះរូបគេបានផ្លាស់ប្ដូរការសិក្សាទៅនៅសហរដ្ឋ​អាមេរិកហើយក៏ដោយ តែ ICES Cambodia នៅតែយកចិត្តទុកដាក់ឈឺឆ្អាលរហូតដល់ថ្ងៃដែលរូបគេត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការអះអាងបន្ថែមរបស់គណៈគ្រប់គ្រងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia។

សូមជម្រាបជូនថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ International Cultural Exchange Services មានកិច្ចសហការជាមួយដៃគូជុំវិញពិភពលោក ដើម្បីគាំទ្រសិស្សក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅក្នុងនាមជាអ្នកផ្ដល់ការអប់រំដ៏ល្អបំផុត ជាពិសេសផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងការគាំទ្រសិស្សតាំងពីដើមដល់ចប់ ដើម្បីសិស្សទទួលបានលទ្ធផលច្រើនជាងអ្វីដែលពួកគេរំពឹងទុក៕

មតិយោបល់