/6116310801072_1628844240_medium.jpg)
- 2021-08-14 01:37:00
- សុខភាព
ទំនេរចុងសប្ដាហ៍ តោះធ្វើនំ ៥ ប្រភេទញ៉ាំលេង ស្រួលធ្វើ រូបមន្តងាយៗ
- 2021-08-14 01:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនេរចុងសប្ដាហ៍ តោះធ្វើនំ ៥ ប្រភេទញ៉ាំលេង ស្រួលធ្វើ រូបមន្តងាយៗ
ចន្លោះមិនឃើញ
សម្រាកថ្ងៃចុងសប្ដាហ៍ ជាពេលវេលាមួយសម្រាប់ជួបជុំក្រុមគ្រួសារ បង្កើតអនុស្សាវរីយ៍ល្អៗជាដើម ហើយកាន់តែពិសេសទៅទៀតនោះ ទម្លាប់របស់ជនជាតិខ្មែរ និយមធ្វើ នំ បង្អែម ញ៉ាំជុំគ្នាកាន់តែសប្បាយ ដើម្បីបំបាត់ភាពនឿយហត់។
នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព
យ៉ាងណាមិញបច្ចុប្បន្នមនុស្សភាគច្រើនចូលចិត្តទិញរបស់ស្រាប់យកមកញ៉ាំ ប៉ុន្តែជាមួយរូបមន្តងាយៗខាងក្រោមនេះ លោកអ្នកអាចធ្វើញ៉ាំខ្លួនឯង ព្រមទាំងអាចដាក់រសជាតិដែលខ្លួនចូលចិត្តបានទៀតផង៖
១. ចាហួយដូងស្លឹកតើយដូងខ្ចី
គ្រឿងផ្សំ៖ សាច់ដូងខ្ចីកោស ២០០ក្រាម, ម្សៅចាហួយកញ្ចប់ (យកមួយកញ្ចប់សម្រាប់ទឹក ៤លីត្រ), ស្លឹកតើយ, ខ្ទិះដូងដើម ៣ពែង (៦០ មីលីលីត្រ), ស្ករត្នោត ២៥០ ក្រាម, ទឹក ៣លីត្រ, និងអំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ លោកអ្នកអាចប្រើឆ្នាំងល្មម ចាក់ខ្ទិះដូងចូល។ យកម្សៅចាយហួយចាក់ដាក់ចានមួយ រួចដួសទឹកខ្ទិះក្នុងឆ្នាំងចាក់ចូលមួយវែក កូរឱ្យសព្វល្អ រួចយកចាក់ចូលឆ្នាំង កូរតិចៗរហូតដល់ពុះ។ បន្ទាប់មកដាក់ស្ករ និងអំបិលមួយចិបចូល កូរឱ្យបាន ពីរទៅ បីនាទី ចាំពន្លត់ភ្លើង រួចចាក់ដាច់ដូងចូល កូរឱ្យសព្វ បន្ទាប់មកចាក់ចាហួយចូលទៅក្នុងថាសជាការស្រេច។
២. បាយដំណើបទុរេន
គ្រឿងផ្សំ៖ អង្ករដំណើប ១, ៥គីឡូក្រាម, សាច់ទុរេន ៧០០ក្រាម, ខ្ទិះដូង បីពែង, ស្ករត្នោត ២៥០ក្រាម, អំបិលមួយស្លាបព្រាកាហ្វេ។
វិធីធ្វើ៖ លាងអង្ករឱ្យស្អាត រួចត្រាំក្នុងទឹក ២ម៉ោង រួចស្រង់យកទៅចំហុយរយៈពេល ២០នាទី។ រួចមកធ្វើទឹកខ្ទិះវិញម្ដង ដោយយកខ្ទិះដូងមួយពែង ដាក់ក្នុងឆ្នាំង ប្រើកម្ដៅតិចល្មម រួចចាក់ស្ករសពីរស្លាបព្រាបាយ និងអំបិលមួយស្លាបព្រាកាហ្វេចូល កូរឱ្យសព្វរហូតដល់ពុះ រួចទុកវាឱ្យត្រជាក់វិញ។ យកសាច់ទុរេន មកច្របាច់ឱ្យហ្មត់សាច់ ទុកមួយឡែកសិន រួចចាក់ទឹកខ្ទិះ ២ពែងចូលឆ្នាំង ដាក់លើចង្ក្រានប្រើកម្ដៅតិចល្មម រួចចាក់ទុរេនចូលកូរឱ្យសព្វ រហូតដល់ពុះ ចាក់ស្ករចូល ថែមអំបិលមួយចិប កូរឱ្យសព្វ រួចបិទភ្លើងជាការស្រេច។
៣.ការ៉េមចេក ៖
គ្រឿងផ្សំ៖ ចេកទុំ ១ចំហៀងស្និត ច្របល់ឱ្យបែក, ខ្នុរទុំ ១ដុំបេះជាសរសៃ, ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ, សាច់មៀន ១ចាន, សណ្តែកដីលីង ១ចាន, ទឹកដោះគោ កន្លះកំប៉ុង, ខ្ទិះដូង ១ចានចង្កឹះ។
វិធីធ្វើ៖ យក ចេកទុំ, សាច់ខ្នុរ, សាច់ដូងកោស, សាច់មៀន និងសណ្តែកដីលីងដាក់ចូលក្នុងចានធំ។ បន្ទាប់មកយកទឹកដោះគោ និងខ្ទិះដូងដាក់ចូលកូរវាឱ្យសព្វ រួចច្រកចូលក្នុងថង់ ហើយដាក់ក្លាសេឱ្យកកជាការស្រេច។
៤. នំដំឡូងឈីស៖
គ្រឿងផ្សំ៖ ដំឡូងបារាំង កំទិចនំបុ័ង, ឈីស, ប័រ, អំបិល ម្រេចខ្មៅ, ពងមាន់ វ៉ាយឱ្យបែកឡើង, ទឹកប៉េងប៉ោះ, និងម៉ាយ៉ូនេសន៍។
វិធីធ្វើ៖ យកដំឡូងបារាំង ស្ងោរឱ្យឆ្អិន រួចដាក់អំបិលចូលបន្តិច បន្ទាប់មកសង្កត់ដំឡូងឱ្យបែក ថែមម្រេចខ្មៅ ថែមអំបិល ប័រ រួចច្របល់ឱ្យសព្វទាន់នៅក្ដៅ។ រួចកាត់ដុំឈីស ជាដុំៗ ប៉ុនស្ករផែន បន្ទាប់មកយកដំឡូងមកសូនមូលៗប៉ុននំពងអន្សង ឬនំក្រូច ឬធ្វើទៅតាមរូបរាងដែលអ្នកចូលចិត្ត ដោយគ្រាន់តែដាក់ឈីសធ្វើស្នូល បន្ទាប់មកយកទៅជ្រលក់ក្នុងពងមាន់ ហើយត្រឡប់លើកំទេចនំប៉័ង សឹមយកទៅបំពងជាការស្រេច។
៥. បង្អែម នំអ៉ី៖
គ្រឿងផ្សំ៖ ម្សៅដំណើប ៧០០ក្រាម, ស្លឹកតើយ ៧សន្លឹក, មៀន ១០០ក្រាម, បកសំបក យកគ្រាប់ចេញ, សាច់ដូងកោស (ដូងចាស់ល្មម) ២០០ក្រាម, ទឹក ៣លីត្រ, , អំបិលកន្លះស្លាបព្រាកាហ្វេ, ស្ករត្នោត ៤០០ក្រាម, ក្បាលខ្ទះដូង ៣ពែង, ខ្ញី ៥ចំណិត។
វិធីធ្វើ៖ យកស្លឹកតើយលាយជាមួយទឹក រួចកិនឱ្យហ្មត់ ដើម្បីច្រោះយកទឹក ទុកលាយជាមួយម្សៅ។ យកចានមួយចាក់ម្សៅដំណើប ២០០ក្រាម ចាក់ទឹកស្លឹកតើយចូលបន្តិច រួចលញ់ច្របាច់ឱ្យសាច់ម្សៅស្វិតល្អ។
ម្សៅដែលម្សៅនោះមក លញ់វាឱ្យមូល (ឬរូបរាងផ្សេងៗក៏បានទៅតាមចំណង់ចំណូលចិត្ត) រួចបោះចូលទឹកក្ដៅកំពុងពុះ ស្ងោរវាឱ្យឆ្អិន ពេលនំផុសឡើងលើបានន័យថាឆ្អិតហើយ រួចដួសនំចេញដាក់ចូលទឹកត្រជាក់ដើម្បីឱ្យសាច់ស្វិតរមួតល្អ។
របៀបធ្វើទឹកស្ករ៖ យកទឹកមួយពែងចូលក្នុងឆ្នាំ តូចល្មមដាំលើចង្ក្រានរួចដាក់ទឹកស្ករ អំបិល ខ្ញី និងកាត់ស្លឹកតើយកូរវាឱ្យសព្វចេញក្លិនឈ្ងុយទុកដល់ពុះ សឹមដាក់ក្បាលខ្ទិះចូល កូរឱ្យសព្វ រួចបិទភ្លើង ទុកឱ្យត្រជាក់ (ប្រសិនបើចង់ញ៉ាំក្ដៅៗ អាចញ៉ាំភ្លាមៗបាន)។
រីករាយចុងសប្ដាហ៍ ជាមួយនំធ្វើនៅផ្ទះខ្លួនឯង ទាំងអនាម័យ ឆ្ងាញ់ និងសុខភាពល្អ៕
ប្រភពព័ត៌មាន៖ ញ៉ាំ - រូបមន្តធ្វើម្ហូបពីផ្ទះបាយខ្មែរ, វិជ្ជាមុខម្ហូបស្ត្រីមេផ្ទះ