
- 2021-09-10 05:21:43
- ព័ត៌មាន
អារាមមួយក្នុងខេត្តបាត់ដំបង អាយុកាលជាង៣០០ឆ្នាំជាកន្លែងស័ក្កិសិទ្ធិ និងស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់បំផុត
- 2021-09-10 05:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារាមមួយក្នុងខេត្តបាត់ដំបង អាយុកាលជាង៣០០ឆ្នាំជាកន្លែងស័ក្កិសិទ្ធិ និងស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់បំផុត
ចន្លោះមិនឃើញ
វត្តសំរោងក្នុង គឺជាអារាមដ៏ចំណាស់ជាងគេក្នុងខេត្តបាត់ដំបង កសាងក្នុងអំឡុងឆ្នាំ១៧០៧ ដែលរៀបចំកសាងដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ» ដោយដំបូងឡើយធ្វើពីឈើ តែក្រោយមកបានសាងសង់ពីឥដ្ឋបូកបាយអ ប្រក់ក្បឿង និងសសរឈើ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាលជាង៣០០ឆ្នាំំហើយ ។ វត្តសំរោងក្នុង មានទីតាំងស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្របតាមដងស្ទឹងសង្កែត្រើយខាងកើត តាមដងផ្លូវក្រាលកៅស៊ូ១ខ្សែ មានចម្ងាយជាង៥គីឡូម៉ែត្រពីទីរួមខេត្ត។
សំរោងក្នុង គឺជាឈ្មោះដើមឈើដែលដុះនៅទីនោះដ៏ធំមួយដើមដែលមានអង្គត់ផ្ចិត ២ ម៉ែត្រ ហើយជាកន្លែងតាំងអាស្រមរបស់លោក ធុត្តុង្គជ័យ ហើយបន្ទាប់មកក៏មានព្រះសង្ឃ សិស្សគណជាបន្តបន្ទាប់មកគឺជាទីសក្តិសិទ្ធដែលសំរេចគោលបំណងនសការបន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខអ្នកការ និងប្រជាពលរដ្ឋទាំងអស់រៀងដរាបមកដល់សព្វថ្ងៃនេះ ។
វត្តសំរោងក្នុង បានចាប់កំណើតតាំងពីឆ្នាំ ១៧០៧ ក្នុងរូបភាពជាអាស្រមរបស់ ធុត្តុង្គជ័យ ក្នុងអំឡុងនៃការគ្រប់គ្រងអំណាចរបស់គ្រួសារស្ដេចត្រាញ់ចៅ ហ្វា បែន ។ នៅឆ្នាំ ១៨៨៧ ព្រះចៅអធិការទី៧ នៃវត្តសំរោងក្នុងបានកសាងប្រាសាទឥដ្ឋមួយដើម្បីតម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តកាលពីជំនាន់មុន ។ ៣ឆ្នាំក្រោយមក ខ្សែស្រឡាយរបស់ស្ដេចក្រាញ់ចៅ ហ្វា បែន ក៏បានឱ្យគេសាងសង់ព្រះវិហារមួយផងដែរ ដែលមានទីតាំងលើព្រះវិហារចាស់ ដើម្បីបួងសួងផ្សេងៗតាមលទ្ធិព្រះពុទ្ធសាសនា ។ ព្រះវិហារ និងប្រាសាទធ្វើអំពីឥដ្ឋដែលមាននៅសេសសល់រហូតដល់សព្វថ្ងៃនេះ ។
នាសម័យ លោកម្ចាស់ វត្តសំរោងក្នុងជាទីកន្លែងនិយមទៅលេងកំសាន្តរាល់ពេលចូលឆ្នាំជាងពេលបច្ចុប្បន្ននេះ ទៅទៀតដោយសារតែទីនោះមានទីធ្លា ម្លប់ឈើធំៗ និង ប្រាង្គប្រាសាទបុរាណ។ គេមានលេងល្បែប្រជាប្រិយផ្សេងៗ ដូចជា ទាញព្រ័ត្រ ចោលឈូង បោះអង្គុញជាដើម ជាពិសេសគឺល្បែងប្របកៃ ដែលប្រុសស្រីជាក្រុមៗច្រៀងឆ្លើយឆ្លងគ្នាទៅមក។ រហូតមកដល់សម័យខ្មែរក្រហម វត្តសំរោងក្នុងត្រូវបានប្រែក្លាយពីបូជនីយដ្ឋានដែលមានសភាពស្ងប់ស្ងាត់និងជាទីសម្រាប់រៀនសូត្រព្រះធម៌ ទៅជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និង ជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។
ក្រោយរបបគ្រប់គ្រងដ៏ឃោរឃៅនោះ ទីវត្តត្រូវបានរៀបចំឡើងវិញ ប៉ុន្តែ ក៏នៅសល់ស្លាកស្នាមខ្លះដែលបន្សល់ទុកពីរបបនោះមក គឺក្បាលខ្មោចរាប់ពាន់នៅអណ្តូងខាងជើងវត្ត ដែលរណ្តៅសាកសពរួម នៃអ្នកទោសដែលត្រូវគេសម្លាប់ចោលនាពេលនោះ។ ទីអណ្តូងនោះ ត្រូវបានគេរៀបចំកសាងជាបូជនីយដ្ឋានសម្រាប់បូជាដល់សព្វថ្ងៃរួមទាំងអគារសួរចម្លើយក៏ត្រូវបានរក្សាទុកដល់បច្ចុប្បន្នដែរ៕