• 2021-11-03 02:29:59
  • ការអប់រំ

តោះ មកដឹងវិធីសាស្ត្រអានសៀវភៅចប់បានច្រើនក្បាល ប្រើពេលតិច ងាយយល់ខ្លឹមសារ

  • 2021-11-03 02:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអានសៀវភៅច្រើនក្បាល ហើយប្រើរយៈពេលខ្លី សុទ្ធតែធ្លាប់បានប្រើប្រាស់វិធីសាស្ត្រមួយចំនួន ព្រោះថាបើមិនដូច្នោះទេ សៀវភៅ១ក្បាល ប្រាកដជាត្រូវអានរាប់ឆ្នាំ ហើយមិនស្រួល អានអត់ចប់ទៀតផង។ តោះ មកដឹងវិធីសាស្ត្រមួយចំនួន ដែលប្រើដើម្បីអានសៀវភៅចប់ច្រើនក្បាល ប្រើរយៈពេលតិច ហើយងាយយល់ និងចាប់បានខ្លឹមសារ នៅក្នុងសៀវភៅ។

១. មើលខ្លឹមសារសង្ខេបរបស់សៀវភៅ

មុនអានសៀវភៅ ទៅអានខ្លឹមសាររួមសិនថាសៀវភៅមួយក្បាលហ្នឹង អ្នកនិពន្ធចង់និយាយអំពីអ្វី ហើយមានចំណុចអ្វីខ្លះដែលគួរតែចំណាំទុក។ ជាការពិត រាល់សៀវភៅទាំងអស់ សុទ្ធតែមានមាតិកា និងការសង្ខេប ក៏ដូចជា វត្ថុបំណង និង ជីវប្រវត្តិអ្នកសរសេរ ឬអ្នកនិពន្ធ។ ចូលកុំរំលងចំណុចទាំងអស់នេះជាដាច់ខាត ព្រោះអាចជួយអ្នកបានច្រើន នៅក្នុងការអានសៀវភៅទាំងមូលបានចប់ដោយរហ័ស ហើយចាប់បានចំណុចច្រើនទៀតផង។

២. ធ្វើគម្រោងមុនអាន

អ្នកខ្លះទិញសៀវភៅមកអាន អានចប់ដូចគេ តែមិនដឹងថាអត្ថន័យសៀវភៅចង់និយាយអំពីអ្វី ព្រោះគ្មានគម្រោងច្បាស់លាស់ក្នុងការអាន។ អ្នកត្រូវសួរខ្លួនឯងជាមុនសិន មុននឹងចាប់ផ្តើមអាន តើអ្វីជាគោលបំណងរបស់អ្នកនៅក្នុងការអានសៀវភៅមួយក្បាលនេះ? បន្ទាប់មកត្រូវវិភាគពីគោលបំណងរបស់អ្នកសរសេរ ឬអ្នកនិពន្ធថាតើពួកគាត់ចង់ឱ្យអ្នកអាន បានរៀន និងដឹងអំពីអ្វីខ្លះ ពីសៀវភៅ១ក្បាលនេះ។

៣. អានដោយយកចិត្តទុកដាក់

ដាក់ចិត្តអានសៀវភៅ ត្រូវប្រមូលវត្ថុគ្រប់យ៉ាងដែលរំខានដល់អារម្មណ៍របស់អ្នកដូចជា ទូរស័ព្ទដៃ កំព្យូទ័រ និង កន្លែងដែលមានសំឡេងរំខានផ្សេងៗ។ ជ្រើសរើសកន្លែងអានដែលអ្នកអាចផ្តោតអារម្មណ៍បាន ព្រោះអ្វីៗដែលអ្នកបានអាននឹងរត់ចូលទៅខាងក្នុងខួរក្បាលរបស់អ្នក។ ប្រសិនបើអ្នក អានៗចុចទូរស័ព្ទ អានៗបើកឆាត អានៗតបឆាត សូមកុំទាន់អានអី ធ្វើការទាំងនោះឱ្យហើយសិនចាំអាន បើមិនអញ្ចឹងទេ អានចប់១ក្បាលក៏មិនដឹងថាសៀវភៅនោះចង់និយាយពីអ្វីដែរ។

៤. កុំអានគ្រប់ពាក្យ និងគ្រប់ប្រយោគ

អានៗ ចំពាក្យអត់ចេះ រត់ទៅឆែកវចនានុក្រម អានយូរៗទៅ កាន់តែយូរទៅ ធុញ ស្ត្រេស មិនដឹងពេលណាបានចប់។ ដូច្នេះចូលកុំអានគ្រប់ពាក្យ គ្រប់ប្រយោគ តែគួរអានប្រយោគ ឬពាក្យដែលចាំបាច់វិញ។

៥. សរសេរឡើងវិញនូវអ្វីដែលអ្នកយល់បន្ទាប់ពីអាន

អានចប់ភ្លាម សង្ខេបភ្លែតតែម្តង កុំរង់ចាំព្រោះនឹងនាំឱ្យអ្នកភ្លេច មួយវិញទៀតក៏អាចតេស្តសមត្ថភាពនៃការចងចាំរបស់អ្នកដែរ។

៦. កំណត់ល្បៀនអានដោយដាក់ម៉ោងរោទ៍

អ្នកគួរតែកំណត់ថា១ទំព័រហ្នឹងអានប៉ុន្មាននាទី ឬមួយចំនុចធំហ្នឹងគួរចំណាយពេលប៉ុន្មានដើម្បីអាន ឬប្រើរយៈពេលប៉ុន្មានម៉ោង ដើម្បីអានចប់សៀវភៅ១ក្បាល។ ប៉ុន្តែមុនកំណត់ត្រូវមើលខ្លួនឯងផងថា អាចស៊ូអានបានប៉ុន្មានម៉ោង៕

ប្រភព ៖ mentalfloss

មតិយោបល់