- 2023-06-08 06:55:45
- ព័ត៌មាន
សមាគមសណ្ឋាគារ ថាសណ្ឋាគារក្នុងស្រុកនឹងទទួលអត្ថប្រយោជន៍បន្ថែមតាមរយៈ Lanton Cloud
- 2023-06-08 06:55:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមសណ្ឋាគារ ថាសណ្ឋាគារក្នុងស្រុកនឹងទទួលអត្ថប្រយោជន៍បន្ថែមតាមរយៈ Lanton Cloud
ចន្លោះមិនឃើញ
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានគូសបញ្ជាក់ថា សណ្ឋាគារនៅក្នុងស្រុក នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ក្រោយពីសមាគមបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរ ឡានម៉ី នាំយកទីផ្សារថ្មីលើ Lanton Cloud។
ប្រធានសមាគមរូបនេះ បានមានប្រសាស៍ទៀតថាកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ គឺមានគោលបំណងរៀនសូត្រពីគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកដូចជា "ឃ្មុំ និងផ្កា"។ លោកប្រធាន ក៏បានមានប្រសាសន៍ដែរថា ទីផ្សារចិនគឺជាទីផ្សារដ៏ធំមួយ ហើយកិច្ចសហប្រតិបត្តិការនេះនឹងជំរុញការងើបឡើងវិញនៃទីផ្សារវិស័យទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃឧស្សាហកម្មសណ្ឋាគារកម្ពុជា។
លោកលើកឡើងថា មុនកូវីដ ភ្ញៀវទេសចរចិនឈរនៅលំដាប់លេខ១ក្នុងតារាងភ្ញៀវទេសចររបស់កម្ពុជា។ តែមកដល់ត្រីមាសទី១ ឆ្នាំ ២០២២ ភ្ញៀវទេសចរចិនមកកម្ពុជាមានត្រឹមតែជាង ១សែននាក់។ យ៉ាងណាក្រោយ រាជរដ្ឋាភិបាលគ្រប់គ្រងកូវីដបានទាំងស្រុង កំណើនភ្ញៀវទេសចរចិន ក៏បានកើនឡើង ១០ដងដល់ទៅជាង ១លាន ២សែននាក់ក្នុងត្រីមាសទី១ ២០២៣។
បន្ទាប់ពីកិច្ចសហការនេះ លោកបានព្យាករណ៍ថា ភ្ញៀវទេសចរចិន និងកើនឡើងថែមទៀត ក្នុងនោះភ្ញៀវទេសចរក្នុងតំបន់អាស៊ានដែលមុនកូវីដ១៩ ឈរនៅលំដាប់លេខ២ ក៏នឹងកើនឡើងថែមទៀត ដែលនឹងជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ និងអាជីវកម្មដែលរកស៊ីក្នុងវិស័យនេះ ដូចជាសណ្ឋាគារជាដើម។
ឡានតុន ក្លៅដ៏ "Lanton Cloud" គឺវេទិកាពាណិជ្ជកម្មអេឡិច ត្រូនិក ផ្ដោតជាសំខាន់លើវិស័យអាកាសចរ សណ្ឋាគារ ទេសចរណ៍។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ និងបានទទួលអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិចដំបូងគេក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន Lanton Cloud ក៏ផ្តោតផងដែរ លើប្រតិបត្តិការពាណិជ្ជកម្មនៅប្រទេសកម្ពុជា និងពង្រីកទីផ្សារនៅអាស៊ាន និងប្រទេសចិន។
ដូច្នេះហើយ ឡានតុន ក្លៅដ៍ បានធ្វើសហប្រតិបត្តិការបន្តបន្ទាប់ជាមួយភាគីកម្ពុជា។ តាមលោកបណ្ឌិត LI KUN ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរឡានម៉ី Lanmei Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍បង្កើតឡើងដោយកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា-ចិន និងដែលបានកាន់កាប់ Lanton Cloud នោះ ឲ្យដឹងថា វេទិកានេះ កន្លងមក ក៏ធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរួមគ្នាលើកស្ទួយយុទ្ធសាស្ត្រ "ភូមិមួយ ផលិតផលមួយ" និងបញ្ជូនផលិតផលក្នុងស្រុកកម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ាន ប្រទេសចិន និងសាកលលោកដែរ។
លោកបណ្ឌិត LI KUN ក៏បានមានប្រសាសន៍ទៀតថា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Lanton Cloud និងសមាគមសណ្ឋាគារកម្ពុជានាពេលនេះ នឹងជួយពង្រីកបន្ថែមលើសេវាកម្មកក់សណ្ឋាគារនៅកម្ពុជាសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ហើយនឹងតភ្ជាប់សណ្ឋាគារទាំងនោះជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ Lanton Cloud។ ម្យ៉ាង Lanton Cloud មានការសហការជាមួយក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់សេវាកម្ម និងផលិតផលផ្ទាល់ដែលបង្កភាពងាយស្រួលក្នុងការទាញយកសេវាកម្ម និងទំនិញដែលជាវត្ថុធាតុដើមក្នុងតម្លៃទាប។
លើសពីនេះទៅទៀត Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួន, អភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់ កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។
តាមលោក ឌិន សុមេធារិទ្ធ ប្រាប់ឲ្យដឹងថា ក្រោយពីចុះកិច្ចព្រមព្រៀងរវាងគ្នានេះ Lanton Cloud នឹងបើកដំណើរការកក់សណ្ឋាគារដែលជាសមាជិកសមាគម នៅតាមបណ្ដារាជធានី ខេត្ត ដូចជា ភ្នំពេញ សៀមរាប បាត់ដំបង ក្រុងព្រះសីហនុ កំពត កែប ជាដើម ចាប់ពីចុងខែមិថុនានេះតទៅ។ ក្នុងន័យនេះ ប្រធានសមាគមដដែល អំពាវនាវដល់បណ្ដាម្ចាស់សណ្ឋាគារដទៃទៀតដែលមិនទាន់ចូលជាសមាជិកសមាគមរបស់លោក អាចរួសរាន់មកចូលរួម ដើម្បីទទួលយកអត្ថប្រយោជន៍បន្ថែម ដែលលោកហៅថា គឺជាទីផ្សារថ្មីទៀតនេះទាំងអស់គ្នា៕