- 2023-06-19 02:18:00
- ព័ត៌មាន
រាជធានី-ខេត្ត របស់កម្ពុជា មួយចំនួន សាកសមចូលជាសមាជិករបស់ TPO
- 2023-06-19 02:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានី-ខេត្ត របស់កម្ពុជា មួយចំនួន សាកសមចូលជាសមាជិករបស់ TPO
ចន្លោះមិនឃើញ
ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជាដែលមានសក្ដានុពលទេសចរណ៍ មួយចំនួន ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម សាកសមសម្រាប់ការក្លាយជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក ហៅកាត់ TPO ដែលនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនផ្នែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។
តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក (TPO) ថ្លែងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
នាជំនួបនោះ លោកអគ្គលេខាធិការ វូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ទីក្រុងទាំងនោះក៏អាចក្លាយជាសមាជិកអង្គការ TPO បាន ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម។
លោកអគ្គលេខាធិការបានបញ្ជាក់ថា គុណប្រយោជន៍ដែលបានពីការចូលជាសមាជិកអង្គការ TPO នេះ គឺជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីក្រុងជាសមាជិកទាំងនោះទៅកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក។ ក៏ចាំបាច់ផងដែរក្នុងការអនុញ្ញាតឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង ការរៀបចំសោភ័ណភាព ការពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាពីគ្នាទៅវិញទៅមក។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានទទួលស្វាគមន៍ចំពោះការលើកឡើងនេះ និងបានប្រគល់ការងារមកអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ដើម្បីសហការទំនាក់ទំនងជាមួយលេខាធិការដ្ឋានរបស់អង្គការ TPO បន្តការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍កម្ពុជា និយាយជារួម និងសម្រាប់ទីក្រុងសំខាន់ៗរបស់កម្ពុជា និយាយដោយឡែក។
លោកអគ្គលេខាធិការអង្គការ TPO បានបញ្ជាក់ទៀតថា អង្គការលោកនឹងអាចអញ្ជើញតំណាងរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជាចូលរួមក្នុងមហាសន្និបាតរបស់អង្គការ ដែលគ្រោងធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឃ្យុងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបេក្ខភាពទីក្រុងសង្កេតការណ៍។ ប្រសិនបើមានការវាយតម្លៃត្រឹមត្រូវគ្រប់លក្ខខណ្ឌ នោះទីក្រុងសំខាន់ៗរបស់កម្ពុជាខាងលើនឹងអាចក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPO តែម្ដង។
លោក វូ ឃ្យុងហា បានបន្ថែមថា បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួនដែលបានចូលជាសមាជិកអង្គការ TPO ដូចជានៅប្រទេសវៀតណាម ឡាវ ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វីលីពីន ទីម័រខាងកើត ខណៈប្រទេសខ្លះមានទីក្រុងលើសពី១០ដែលបានចូលជាសមាជិក។ គួរជម្រាបថា អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក ហៅកាត់ TPO ត្រូវបានបង្កើតនៅឆ្នាំ២០២២ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង៕