• 2023-08-01 04:02:45
  • ព័ត៌មាន

មិនត្រឹមជាគោលដៅទាក់ទាញទេសចរ រូបក្បាលតោ មានអត្ថន័យជ្រាលជ្រៅ នៃភាពអង់អាចរបស់សិង្ហបុរី

  • 2023-08-01 04:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលនិយាយទៅដល់ប្រទេសសិង្ហបុរី គេតែងនឹកឃើញទៅដល់អគារខ្ពស់ៗ និងជាពិសេសតែម្តងគឺអគារ Marina Bay Sand ដែលមានអាងហែលទឹកនៅខាងលើអាកាស។ ចុះប្រិយមិត្តដឹងទេថា និមិត្តសញ្ញារបស់ប្រទេសសិង្ហបុរី គឺជាអ្វី?

សិង្ហបុរី មានរូបក្បាលតោ ជានិមិត្តសញ្ញាដែលត្រូវបានណែនាំ និង ដាក់ឱ្យប្រើប្រាស់ដោយរដ្ឋាភិបាលប្រទេសនេះនៅក្នុងឆ្នាំ ១៩៨៦។ រូបក្បាលតោ ជានិមិត្តសញ្ញាដែលបង្ហាញអំពីភាពអង់អាចរបស់ប្រទេសសិង្ហបុរី ហើយត្រូវបានប្រើប្រាស់ដោយក្រសួង ស្ថាប័នរបស់រដ្ឋដើម្បីផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេស។ មូលហេតុនៃការជ្រើសរើសយករូបក្បាលតោដើម្បីតំណាងជានិមិត្តសញ្ញារបស់ប្រទេស ដោយយោងទៅតាមឈ្មោះរបស់ប្រទេសសិង្ហបុរី (Singa Pura)។ Singa Pura មានន័យថា ទីក្រុងតោ (Lion City)។ ទីក្រុងតោ ត្រូវបានផ្តល់នាមដោយព្រះអង្គម្ចាស់ Sang Nila Utama។

ចំពោះអត្ថន័យនៃរូបក្បាលតោនេះ មានន័យថា យុទ្ធសាស្រ្ត ភាពខ្លាំងនិង ភាពល្អឥតខ្ចោះ។ ចំពោះពណ៌វិញ គឺប្រើពណ៌ក្រហម និងមានផ្ទៃខាងក្រោយពណ៌ស។ រូបក្បាលតោនេះ មាន៥ផ្នែកដូចគ្នាដូចទៅនឹងទង់ជាតិរបស់ប្រទេសដែលមាន ផ្កាយ ៥ដូចគ្នា និងតំណាងឱ្យ ប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ យុត្តិធម៌ សន្តិភាព និង តុល្យភាពសង្គម។

សព្វថ្ងៃរូបសំណាក Merlion ដែលមានក្បាលតោ ខ្លួនត្រី កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិរាប់លាននាក់ទៅទស្សនា។ រូបសំណាកនេះ មានទីតាំងស្ថិតនៅក្នុងបរិវេណ Merlion Park តំបន់ទីប្រជុំជននៃប្រទេសសិង្ហបុរី។ ចំពោះប្រវតិ្តនៃរូប Merlion ក្បាលតោ ខ្លួនត្រី ត្រូវបានគេយកតាមនិមិត្តសញ្ញានៃប្រទេសនេះ គឺរូបក្បាលតោ រីឯខ្លួនត្រីវិញ គឺមកពីពេលអតីតកាលសិង្ហបុរី ជាភូមិនេសាទក្រីក្រមួយ។

រូបសំណាក Merlion មានកម្ពស់ ៨,៦ម៉ែត្រ និងមានទម្ងន់ ៧០តោន។ កាលដើមឡើយរូបសំណាកនេះមានទីតាំងស្ថិតនៅចំមាត់ទន្លេនៃ ប្រទេសិង្ហបុរី ហើយក្រោយមកទៀតបានផ្លាស់មកដាក់នៅក្នុងឧទ្យាន Merlion Park វិញ។ រូបសំណាកបញ្ជាក់ពីអត្តសញ្ញាណសិង្ហបុរីមួយនេះ សាងសង់ដោយដោយលោក Lim Nang Seng និងរចនាម៉ូតដោយលោក Kwan Sai Kheong ហើយសម្ពោធជាផ្លូវការនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៧២ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី Lee Kuan Yew៕

អត្ថបទ ៖ សង្ហា

មតិយោបល់