• 2019-06-03 07:56:12
  • ការអប់រំ

គន្លឹះ​ធ្វើ​ឲ្យ​មាន​ការ​ពិចារណា​បាន​ត្រឹមត្រូវ

  • 2019-06-03 07:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គិត​គ្រប់​ជ្រុងជ្រោយ គឺ​ជា​ដំណើរការ​គំនិត​អំពី​រឿង​ជាក់លាក់​ណា​មួយ ក្នុង​ពេល​ជាក់លាក់​មួយ ដោយ​មាន​ហេតុ​ផល​ច្បាស់លាស់​។ ជា​ទូទៅ​ការ​គិត​បាន​សព្វ​ជ្រុងជ្រោយ និង​ស៊ីជម្រៅ​តែង​ឈរ​លើ​ដំណាក់​កាល​ពីរ​ជា​ចាំបាច់​។ ដំណាក់​កាល​នីមួយៗ​មាន​ទំនាក់ទំនង​គ្នា​ទៅ​តាម​លំដាប់លំដោយ ហើយ​តោង​ព្យាយាម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់ និង​មាន​ភាព​ស្ទាត់​ជំនាញ​។

គន្លឹះ​ធ្វើ​ឲ្យ​មាន​ការ​ពិចារណា​បាន​ត្រឹមត្រូវ

ខាង​ក្រោម​នេះ​ជា​ដំណាក់កាល​នីមួយៗ និង​កត្តា​រួម​ផ្សំ​តូច​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សិក្សា​។

ជំហាន​ដំបូង​ត្រូវ​មាន​មូលដ្ឋានគ្រឹះ​ចំណេះដឹង​មួយ​ចំនួន​៖

១-ស្វែងយល់​ពី​ទ្រឹស្ដី​ហេតុ និង​ផល

ពិចារណា​តាម​បែប​អនុលោម គឺ​ស្វែងយល់​ពី​ព្រឹត្តិការណ៍ ឬ​កត្តា​ដែល​អាច​នាំ​ឲ្យ​លេច​ចេញ​ជា​ផល​វិបាក​ណា​មួយ​។ គេ​វិភាគ​លើ​កត្តា​តូច​ៗ ដែល​កំពុង​កើត​មាន ដោយ​ព្យាករណ៍​ពី​លទ្ធផល​របស់​វា​នា​អនាគត​។

ពិចារណា​តាម​បែប​បដិលោម គឺ​ស្វែងយល់ ឬ​ស្រាវជ្រាវ​រក​ឫសគល់ ដើម​ហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ផលវិបាក​។ ត្រង់​នេះ​គេ​យក​លទ្ធផល​មក​វិភាគ​វែកញែក​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ដោយ​ឡែក​ៗ ទើប​រក​ឃើញ​ដើម​ហេតុ​។

២-រៀន​សង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ

-សង្កេត​ដោយ​ផ្ទាល់ គឺ​ប្រើ​វិញ្ញាណ​ទាំង​៥​ដើម្បី​សង្កេត និង​ចំណាំ​។

-សង្កេត​ដោយ​ប្រយោល គឺ​ពឹង​ពាក់​លើ​បទពិសោធន៍ ដែល​គេ​បាន​ចងក្រង ឬ​សរសេរ​ទុក​។ ការ​សង្កេត​ទាំង​ពីរ គឺ​មាន​ទំនាក់ទំនង​គ្នា​ជា​ចាំបាច់ ដើម្បី​បង្កើត​បាន​ជា​សមត្ថកម្ម​មួយ​ឲ្យ​យើង​សិក្សា​។

៣-ស្ដាប់​គំនិត​យោបល់ និង​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន

ការ​ស្ដាប់​គំនិត​យោបល់ និង​អាន​សៀវភៅ​គឺ​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង ប៉ុន្តែ​នៅ​ក្នុង​ករណី​នេះ មាន​ចំណុច​បី​សំខាន់ៗ​៖

-បង្កើន​គំនិត​ថ្មី ដែល​វិជ្ជមាន គំនិត​ដែល​ទទួល​បាន​ពី​ការ​ស្ដាប់ និង​ការ​អាន​។

-រក្សា​គំនិត​ចាស់ ដែល​វិជ្ជមាន គំនិត​ចាស់ ដែល​ធ្លាប់​គិត​ឃើញ​កន្លង​មក​។

សំយោគ​គំនិត​នីមួយ ដើម្បី​បង្កើត​ជា​គំនិត​ថ្មី​មួយ​ផ្សេង​ទៀត ត្រង់​នេះ​បាន​ន័យ​ថា គេ​ឲ្យ​យើង​ចេះ​យក​គំនិត​ចាស់ និង​ថ្មី ឬ​គំនិត​ផ្សេងៗ មក​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ទៅ​ជា​គំនិត​ថ្មី ដែល​អាច​ដោះស្រាយ​បញ្ហា​ថ្មី​បាន​កាន់​តែ​ប្រសើរ​។

៤ រៀន​វិភាគ​លើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន

ជា​ធម្មតា​បញ្ហា​ដែល​កើត​ឡើង សកម្មភាព​ដែល​មនុស្ស​សម្ដែង​ចេញ ទាំង​កាយ វាចា និង​ចិត្ត​តែង​ឲ្យ​ផល​ជា​ពីរ​ផ្នែក​គឺ ផល​ល្អ និង​អាក្រក់​។ ដូច្នេះ​ទាមទារ​ឲ្យ​មនុស្ស​ចេះ​ពិចារណា ថ្លឹងថ្លែង​ឲ្យ​បាន​ត្រឹមត្រូវ​។

-វិបាក​ជា​វិជ្ជមាន

-វិបាក​ជា​អវិជ្ជមាន

-ថ្លឹងថ្លែង​ពី​ទម្ងន់ នៃ​វិបាក​ទាំងពីរ

៥ រៀន​ទទួល​យក​នូវ​បញ្ហា ដែល​កើត​ឡើង

-តាំង​ចិត្ត​ឲ្យ​ស្ងប់ កុំ​ច្របូកច្របល់ កុំ​ភិតភ័យ កុំ​ត្រេកអរ​ពេក កុំ​អន់​ចិត្ត​ខ្លាំង​ពេក វា​មិន​ដល់​ស្លាប់​ទេ ទោះ​បី​ស្លាប់​ក៏​ស្លាប់​ដោយ​ចិត្ត​ស្ងប់​ដែរ​។

-ទទួល​យក ត្រូវ​ទទួល​យក​នូវ​បញ្ហា ការ​លំបាក អ្វី​ដែល​វា​កើត​ឡើង​ហើយ ព្រោះ​វា​មាន​ហេតុ បច្ច័យ​របស់​វា​។

-មិន​ទោមនស្ស កុំ​ខឹង​ក្រោធ មិន​សុខ​ចិត្ត ព្រោះ​វា​ធ្វើ​ឲ្យ​បញ្ញា​យើង​ខ្សោយ​គិត​មិន​បាន​លឿន និង​គិត​ខ្លី មិន​បាន​វែង​ឆ្ងាយ​។

អ្វីៗ​នឹង​ដោះស្រាយ​ចេញ និង​បាន​ធូរស្រាល​មក​វិញ បន្ទាប់​ពី​អ្នក​ចោទ​សំណួរ​ងាយ​ៗ​ទាំង​៦​ដែល​មាន​រៀបរាប់​នៅ​ខាង​ក្រោម​។

ជំហាន​បន្ទាប់​ត្រូវ​ឆ្លើយ​សំណួរ​ទាំង​៦​៖

១-នរណា​ជា​អ្នក​និយាយ​?

-អ្នក​ស្គាល់​គ្នា

-មនុស្ស​មាន​កេរ​ឈ្មោះ​ល្បី

-អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ

-គួរ​តែ​ខ្វល់​ចំពោះ​អ្នក​និយាយ​នោះ​ទេ​?

២-តើ​គេ​និយាយ​អ្វី​?

-តើ​គេ​និយាយ​ការ​ពិត​ប៉ុន្មាន​ភាគរយ គំនិត​ផ្ទាល់​ខ្លួន​ប៉ុន្មាន​ភាគរយ​?

-តើ​គេ​និយាយ​ការ​ពិត​ទាំង​អស់​?

-គ្រាន់​តែ​និយាយ​ព្រលយ​ចោល​ទេ​?

៣-និយាយ​នៅ​កន្លែង​ណា​?

-តើ​ជា​សាធារណៈ ឬ​តែ​បុគ្គល​ម្នាក់

-តើ​ភាគី​ម្ខាង​ទៀត​មាន​ឱកាស​និយាយ​ដែរ​ទេ​?

៤-តើ​គេ​និយាយ​ពេលណា​?

មុន​ពេល បន្ទាប់​ពី ឬ​ក្នុង​ពេល​សំខាន់ ឬ​កម្មវិធី​សំខាន់

៥-ហេតុ​អី​បាន​ជា​គេ​និយាយ​?

-ពន្យល់​ពី​គំនិត​ផ្ទាល់​ខ្លួន

-ព្យាយាម​ធ្វើ​ឲ្យ​នរណា​ម្នាក់​មើល​ឃើញ​ចំណុច​ល្អ ឬ​អាក្រក់

៦-តើ​គេ​និយាយ​ដោយ​របៀប​ណា​?

-សប្បាយ កើត​ទុក្ខ ខឹង?

-យក​ចិត្ត​ទុកដាក់ ឬ​មិន​សូវ​ខ្វល់?

-តើ​បាន​សរសេរ ឬ​គ្រាន់​តែ​និយាយ​ចោល​ទេ​?

-យល់ ឬ​អត់​?

អ្នក​ដែល​មាន​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​អាច​៖

១-​យល់​ពី​ទំនាក់ទំនង​រវាង​គំនិត និង​គំនិត

២-មាន​ហេតុផល​ច្បាស់លាស់

៣-​កំណត់​ភាព​មិន​ស៊ីចង្វាក់ និង​កំហុស​បាន​ជាក់លាក់

៤-​ដោះស្រាយ​បញ្ហា​តាម​របៀប​ជា​ប្រព័ន្ធ

៥-​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​ទាន់​សភាពការណ៍

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់