• 2023-10-19 13:19:15
  • ព័ត៌មាន

Rishi Sunak នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​បំផុត​របស់​អង់គ្លេស​ ក្នុង​សម័យ​ទំនើប​

  • 2023-10-19 13:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rishi Sunak ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​អង់គ្លេស​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២២​ ជំនួស​អ្នក​ស្រី​ Liz Truss ដែល​បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នេះ​ក្រោយ​ឡើង​កាន់​តំណែង​បាន​៤៥​ថ្ងៃ​នេះ​។

កាលពីឆ្នាំ២០២២​ លោក​ Rishi ទើប​មាន​វ័យ​៤២ឆ្នាំ​ ដោយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​បំផុត​ ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​អាស៊ី​ ហើយ​ក៏​នាយក​រដ្ឋមន្ត្រី​វ័យ​ក្មេង​បំផុត​ផង​ដែរ​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​ក្នុង​សម័យ​ទំនើប​​។

ជា​ធម្មតា​នៅ​នាយក​រដ្ឋមន្ត្រី​របស់​អង់គ្លេស​គឺ​មាន​វ័យ​ចន្លោះ​ក្បែរ​៥០ឆ្នាំ​ឡើង​រហូត​ទៅ​ដល់​៧០ឆ្នាំ​ ចំពោះ​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​គឺ​ លោក​ William Pitt the Younger ដែល​មាន​ឡើង​កាន់​តំណែង​នៅ​វ័យ​២៤ឆ្នាំ​ កាល​ពី​ឆ្នាំ​១៧៨៣ និង​បន្ទាប់​មក​គឺ​ លោក​ Rishi នេះ​ហើយ​ដែល​ឡើង​កាន់​នៅ​វ័យ​៤២ឆ្នាំ​។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​រូប​នេះ​មាន​ម្ដាយ​ឳពុក​​ជា​ដើម​កំណើត​ឥណ្ឌា​ ដែល​បានចាកចេញ​ពី​អាហ្រិក​ខាង​កើត​ ដើម្បី​មក​រស់​ប្រទេស​អង់គ្លេស​។ ​លោក​ Rishi ក៏​បាន​ចាប់​កំណើត​ធំ​ដឹង​ក្ដី​និងរៀន​សូត្រ​​នៅ​អង់គ្លេស​នេះ​ ដោយ​រៀន​ចប់​នៅ​សកលវិទ្យាល័យ​ Oxford នូវ​ជំនាញ​ទស្សនវិជ្ជា​ នយោបាយ​ និង​សេដ្ឋកិច្ច​ ព្រម​ទាំង​បាន​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ គ្រប់គ្រង​ពាណិជ្ជកម្ម​ នៅ​សកលវិទ្យា​ល័យ​ Stanford ផង​ដែរ​។

លោក​ Rishi ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ផង​ដែរ​ លោក​ និង​ភរិយា​ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​វិនិយោគ​ធំៗប្រចាំ​អង់គ្លេស​ និង​ឥណ្ឌា​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​សរុប​ ៧៣០លាន​ផោន​ (ប្រហែល​ ៨២៥លាន​ដុល្លារ​)។

ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​ អាទិភាព​របស់​លោក​នឹង​ដឹកនាំ​អង់គ្លេស​ទាំង​មូល​ដោយ​ស្មោះត្រង់​ ត្រឹមត្រូវ​ ឲ្យ​រួប​រួម​គ្នា​តែ​មួយ​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ និង​វិបត្តិផ្សេងៗ​ទៀត​ក្នុង​ស្រុក​៕

ប្រភព៖ BBC | theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់