• 2024-04-12 07:01:45
  • ការអប់រំ

វិធីសាស្ដ្រសរសេរ CV និង Cover letter ដ៏ទាក់ទាញក្នុងបរិបទការងារថ្មីៗ ត្រូវបានបើកបង្ហាញ

  • 2024-04-12 07:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាកាន់តែទំនើប របត់ការងារនៅតាមស្ថាប័ននីមួយៗក៏វិវដ្ដកាន់តែលឿន។ និយាយដោយឡែកសម្រាប់បេក្ខជន ឬនិស្សិតដែលកំពុងស្វែងរកកាងារធ្វើនៅតាមស្ថាប័នធំៗ ក៏ត្រូវដឹងពីរបៀបសរសេរប្រវត្ដិរូបផ្ទាល់ខ្លួន និងបទពិសោធន៍ការងារ ឬការសិក្សាខ្លួន ដើម្បីដាក់ពាក្យចូលបម្រើការងារនៅតាមស្ថាប័នទាំងនោះដែរ។

ដោយមើលឃើញពីភាពចាំបាច់លើការអភិវឌ្ឍន៍ ប្រកបដោយចំណេះដឹងថ្មីៗ បុគ្គលិកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Sabay និងសាលាអង្គការមួយឈ្មោះ ភី អិន ស៊ី(PNC) បានរៀបចំសិក្ខាសាលាបង្ហាញយ៉ាងលម្អិតលើរបៀបសរសេរ CV និងCL សម្រាប់សិស្ស និស្សិតចំនួន ៧៥នាក់ ដើម្បីឲ្យពួកគេឈ្វេងយល់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

បុគ្គលិកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Sabay កញ្ញា សេង ចាន់ទី ឲ្យដឹងថា នេះគឺជាលើកទី១ដែលសាលា និងក្រុមហ៊ុនបានរួមដៃគ្នាបង្កើតវគ្គចែករំលែកចំណេះដឹងនេះឡើង ដោយទទួលបានការស្វាគមន៍ពីលោកគ្រូអ្នកគ្រូ និងនិស្សិតជាច្រើននៅសាលា ភី អិន ស៊ី។ កញ្ញាបន្ដថា ការចូលរួមក្នុងកម្មវិធីនេះ គឺក្រុមការងារផ្នែកធនធានមនុស្សទាំងអស់ពិតជាមានកិតិ្តយស និងមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានទទួលការអញ្ញើញពីខាងសាលា PNC ក្នុងការចែករំលែកចំណេះដឹងមួយនេះដល់សិស្សដែលត្រៀមខ្លួនក្នុងការចាប់ផ្ដើមអាជីពការងារនាពេលខាងមុខ។

កញ្ញា សេង ចាន់ទី៖ “ពួកខ្ញុំយល់ថាការចែករំលែកមួយនេះ ពិតជាមានសារៈសំខាន់ខ្លាំងចំពោះពួកគាត់ មុននឹងឈានទៅក្នុងវិស័យការងារ លើសពីនេះទៅទៀតការចូលរួមនេះក៏ជាចំណែកមួយយ៉ាងសំខាន់ចំពោះកិច្ចការងារសង្គម ដែលយើងអាចមានឱកាសក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយសម្រាប់សង្គមជាតិ”។

និស្សិតឆ្នាំទី២ ផ្នែក Web Development កញ្ញា ណៃ ដានី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា កញ្ញាពិតជារំភើបដែលទទួលបានបទពិសោធន៍ថ្មីក្នុងការសរសេរ CV និងCL ប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធភាព ស្របទៅតាមតម្រូវការទីផ្សារការងារ។ ណៃ ដានី បន្ថែមថាចាប់ពីថ្ងៃនេះទៅខ្លួនដឹងកាន់តែច្បាស់ថាតើព័ត៌មានអ្វីខ្លះដែលត្រូវដាក់ និងមិនត្រូវដាក់នៅក្នុងពាក្យស្នើសុំការងារ។

ទន្ទឹមគ្នានេះកញ្ញាជំនួសមុខឲ្យនិស្សិតជាច្រើននាក់ផ្សេងទៀតដែលបានចូលរួមក្នុងសិក្ខាសាលានេះ ក៏សូមអគុណដល់បុគ្គលិកក្រុមហ៊ុន Sabay សម្រាប់ការចែករំលែកបទពិសោធន៍ និងអគុណសាលារបស់ខ្លួនដែលបានផ្ដល់ឱកាសដ៏មានតម្លៃនេះសម្រាប់សិស្ស និស្សិតទាំង ៧៥រូប៕

ជិន សុភ័ក្ដ្រ

មតិយោបល់