• 2017-01-30 08:46:47
  • ការអប់រំ

អ្នក​ជំនួញ ៤​រូប ចែក​រំលែក​បទ​ពិសោធន៍​លើ​ការ​រក​ស៊ី

  • 2017-01-30 08:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​យុវជន​ជា​ច្រើន​ងាក​មក​ចាប់​អារម្មណ៍​លើ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​នា​ពេល​បច្ចុប្បន្ន ការ​ប្រកួត​ប្រជែង​ក៏​មាន​កាន់​ខ្លាំង ហើយ​ភាគ​រយ​ជោគ​ជ័យ​បែរ​ធ្លាក់​មក​នៅ​កាន់​តែ​តិច។ ដើម្បី​ជា​វិថី​នាំ​ផ្លូវ​ដល់​អ្នក​មាន​គំនិត​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ទាំង​នោះ អ្នក​ជំនួញ​ពោរពេញ​ដោយ​បទ​ពិសោធន៍ ៤​រូប បាន​ចែក​រំលែក​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី "វេទិកា​ធុរកិច្ច ២០១៧" កាល​ពី​ពេល​ថ្មីៗ​នេះ។

  • គិត​ថា​អ្វី​ដែល​សង្គម​កំពុង​ពេញ​និយម

  • ជំនួញ៥ ដែល​អាច​មាន​សន្ទុះ​ខ្លាំង ចំណី​អាហារ, ម៉ូដ, វិស័យ​កម្សាន្ត, វិស័យ​ហិរញ្ញ​វត្ថុ និង​ព័ត៌មាន​វិទ្យា

  • ចាប់​ឱកាស​បាន​ហើយ ត្រូវ​ហ៊ាន​ប្រថុយ និង​ពុះពារ

  • ពង្រឹង​គុណភាព បង្កើត​ទំនាក់​ទំនង

  • ស្វែង​យល់​ពី​និស្ស័យ​ធម្មជាតិ​របស់​ខ្លួន​ឯង

លោក ជី សិលា ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Corporation បាន​និយាយ​ថា ការ​រកស៊ី​ដែល​ជោគ​ជ័យ​នោះ គឺ​ត្រូវ​មើល​ពី Trend សង្គម ដោយ​លោក​បាន​ឲ្យ​និយម​ន័យ Trend ថា​ជា​អ្វី​ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ដូច​ជា​យុវវ័យ​និយម​ទិញ​កាហ្វេ brand brand និង​មើល​កុន​​ជា​ដើម។

អ្នក​រក​ស៊ី​ពហុ​ជំនួញ​រូប​នេះ​បាន​លើក​ឡើង​ថា បើ​ចង់​រក​ស៊ី​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​ផ្ដោត​ទៅ​លើ 4F IT។ 4F មាន Food (ចំណី​អាហារ), Fashion (ម៉ូដ), Fun (វិស័យ​កម្សាន្ត), និង Finance (វិស័យ​ហិរញ្ញ​វត្ថុ) បន្ថែម​ពី​លើ​នេះ គឺ​ផ្នែក IT (ព័ត៌មាន​វិទ្យា) ដែល​ជំនួញ​ទាំង​៥នេះ លោក ជី សិលា បាន​លើក​ឡើង​ថា កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​មាន​ភាគ​រយ​ជោគ​ជ័យ​ច្រើន ប្រសិន​បើ​តាម​ទាន់ Trend របស់​វា។ ​

លោក ជី សិលា

ចំណែក​លោក គង់ សុលី​យ៉ា ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹក​ជញ្ជូន "Joonaak Delievery” បាន​អះ​អាង​ថា បើ​ចង់​រក​ស៊ី​ជោគជ័យ ត្រូវ​ចាប់​ឱកាស​ឲ្យ​បាន នោះ​ភាគ​រយ​មាន​ខ្ពស់។ ទោះ​យ៉ាងណា លោក សុលីយ៉ា បាន​បន្ថែម​ថា បន្ទាប់​ពី​ចាប់​ឱកាស​បាន​ហើយ ត្រូវ​ពុះពារ​ឲ្យ​ខ្លាំង ព្រោះ​ភាព​ជោគជ័យ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ អ្នក​ជំនួញ​វ័យ​ក្មេង​បាន​​បង្ហើរ​ពាក្យ​មួយ​ឃ្លា​ថា "ហ៊ាន​ចាប់​ផ្ដើម ទើប​ដឹង​ថា​ជោគ​ជ័យ​ឬ​អត់"។

លោក គង់ សុលី​យ៉ា

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ​ខាំផែន បាន​ប្រាប់​ពី​យុទ្ធសាស្ត្រ​នៃ​ការ​ពង្រីក​ម៉ាក​​ផលិត​ផល​របស់​ខ្លួន​ថា ជា​ដំបូង​ត្រូវ​ដឹង​ពី​គុណភាព​សិន ដើម្បី​ឲ្យ​គេ​ជឿ​ទុក​ចិត្ត។ បន្ទាប់​មក ត្រូវ​គិត​លើ​ការ​រចនា និង​ការ​វេច​ខ្ចប់ ឲ្យ​មាន​ភាព​ទាក់​ទាញ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​មើល​ទៅ​ល្អ​គួរ​ទិញ។

ក្រៅ​ពី​នេះ ក៏​ត្រូវ​ផ្ដោត​លើ​ជំហរ​ថា​តើ​ផលិត​ផល​នោះ អ្នក​ណា​ជា​អ្នក​ប្រើ​ប្រាស់ បើ​មិន​ត្រូវ​ទេ គួរ​ប្ដូរ​បែប​ណា​ទើប​ជោគ​ជ័យ។ លើស​ពី​នេះ លោក សោម សម្បត្តិ បាន​បន្ថែម​ថា ការ​គ្រប់​គ្រង​ទំនាក់​ទំនង ជា​រឿង​សំខាន់ ប្រសិន​បើ​ផលិត​ផល​ល្អ​ហើយ មាន​ទំនាក់​ទំនង​ល្អ​ទៀត ការ​កសាង​ម៉ាក​ផលិត​ផល​របស់​ខ្លួន​ពិត​ជា​ជោគ​ជ័យ។

លោក សោម សម្បត្តិ

ក្រៅ​ពី​ចំណុច​ខាង​លើ លោក គឹម ចាន់ណា ជា​នាយក​គ្រឹះ​ស្ថាន​បោះ​ពុម្ព​សៀវភៅ​ម៉ាញ​បុក្ស​ (Mindbooks) បាន​និយាយ​ថា អ្នក​ចង់​រក​ស៊ី ឬ​ធ្វើ​ជំនួញ​ក៏​ត្រូវ​ស្វែង​យល់​ពី​ធម្មជាតិ​របស់​ខ្លួន​ឯង​ដែរ ទើប​អាច​ធ្វើ​ទៅ​បាន​​ដោយ​រលូន។ លោក​បាន​លើក​ឧទាហរណ៍​ថា "​សត្វ​ទឹក​មិន​អាច​មក​រស់​នៅ​លើ​គោក ឯ​សត្វ​គោក​ក៏​មិន​អាច​មក​រស់​នៅ​ក្នុង​ទឹក"។ ដូច​នេះ ត្រូវ​ស្វែង​យល់​ថា​ខ្លួន​ឯង​មាន​និស្ស័យ​លើ​អ្វី មាន​ចំណង់​ចិត្ត​លើ​អ្វី ចាំ​ចាប់​ផ្ដើម​ចាប់​ជំនួញ​លើ​ផ្នែក​នោះ៕

លោក គឹម ចាន់ណា

អត្ថបទ៖ គង់ វិសាល

មតិយោបល់