
- 2017-04-13 09:21:19
- ព័ត៌មាន
ចង់ក្លាយជា«ទូតសុឆន្ទៈស្អាត»នៅអង្គរសង្ក្រាន្ត៣ថ្ងៃអត់ តោះចូលរួមដោយសេរី?
- 2017-04-13 09:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជា«ទូតសុឆន្ទៈស្អាត»នៅអង្គរសង្ក្រាន្ត៣ថ្ងៃអត់ តោះចូលរួមដោយសេរី?
ចន្លោះមិនឃើញ
យុវជនមួយក្រុមនឹងដើរផ្សព្វផ្សាយ និងធ្វើសកម្មភាពអំពីពាក្យថា «ស្អាត» ដល់មហាជនទូទៅដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃនៅទីរួមខេត្តសៀមរាប។
លោក សៀត សូសុភ័ក្តិ អ្នកទទួលបន្ទុកគម្រោង«អង្គរសង្ក្រាន្តស្អាត»បានរៀបរាប់ថា សម្រាប់គម្រោងស្អាតនេះមានយុវជនស្ម័គ្រចិត្តប្រហែលជា៦០នាក់ដែលនឹងដើរផ្សព្វផ្សាយអំពីពាក្យថា ស្អាត និងផ្តល់ឱកាសឲ្យមហាជនទូទៅដែលមកលេងអង្គរសង្ក្រាន្តបានក្លាយជា«ទូតសុឆន្ទៈស្អាត»ដោយការបោះត្រាសំគាល់នៅលើខ្នងដៃ។ មែនទែនទៅ យុវជនទាំងអស់នេះមិនមែនជាអ្នកដើររើសសំរាមទេ ប៉ុន្តែជាអ្នកដើរផ្សព្វផ្សាយពាក្យថា «ស្អាត»ដល់ហាង តូប បូត និងមហាជន។ ពាក្យស្លោកសម្រាប់គម្រោងស្អាតនេះគឺ «នរណាៗក៏ចង់ស្អាតដែរ»។
ការក្លាយជា«ទូតសុឆន្ទៈស្អាត»គឺមាន២ជម្រើសក្នុងនោះ«ជម្រើសបុគ្គល» និង«ជម្រើសជាក្រុម»។ ក្រុមយុវជន«ស្ម័គ្រចិត្តដែលពាក់អាវយឺតខៀវខ្ចី និងពាក់មួកស្លឹកត្នោតដើរទៅតាមបណ្តាលគ្រប់ហាង តូប និងបូតនានាដើម្បីពន្យល់អំពីពាក្យ«ស្អាត» ហើយបើពួកគេយល់ព្រមផ្សព្វផ្សាយពាក្យថា «ស្អាត»បន្តទៅអ្នកដទៃ ដូច្នេះហាង ឬតូបនោះនឹងក្លាយ«ទូតសុឆន្ទៈស្អាត»ដោយទទួលបានស្លាកសញ្ញាដោយសរសេរពាក្យថា «ស្អាត»ដើម្បីបំពាក់នៅលើជញ្ជាំងហាង ឬតូបរបស់គាត់ ព្រមទាំងទទួលបានត្រាពីលើខ្នងដៃថែមទៀត។
ជម្រើសទី២គឺ«ទូតសុឆន្ទៈស្អាតជាបុគ្គល»នៅពេលយុវជនស្ម័គ្រចិត្តជួបបុគ្គលណាម្នាក់ ពួកគាត់នឹងពន្យល់ថា «ស្អាត»ដើម្បីឲ្យបុគ្គលនោះយល់ព្រមនិយាយពាក្យថា «ស្អាត»ទៅកាន់អ្នកដទៃ។ នៅពេលបុគ្គលនោះយល់ព្រម ហើយយុវជនស្ម័គ្រចិត្តបោះត្រានៅលើខ្នងដៃគឺមានន័យថា បុគ្គលនោះបានក្លាយជា«ទូតសុឆន្ទៈស្អាត»ហើយ។ ទោះយ៉ាងណា ប្រសិនបើ បុគ្គលណាម្នាក់មិនព្រមនិយាយពាក្យថា ស្អាតទៅកាន់អ្នកដទៃ ដូច្នេះបុគ្គលនឹងមិនក្លាយជាទូតសុឆន្ទៈស្អាតឡើយ។
ក្រៅពីសកម្មភាពផ្សព្វផ្សាយពាក្យថា ស្អាត និងស្វែងរកទូតសុឆន្ទៈស្អាត ក្រុមយុវជនស្ម័គ្រក៏នឹងនាំគ្នាលេងល្បែងសប្បាយៗជាច្រើនទៀតក្នុងគោលបំណងផ្សព្វផ្សាយពាក្យថា ស្អាត។
«គម្រោងស្អាត»នេះរៀបចំឡើងដោយអង្គការ«Active Communications» និង JCI Cambodia ។
បងប្អូនចង់ស្អាតអត់? បើចង់ស្អាត តោះចូលរួមទាំងអស់គ្នាដើម្បីក្លាយជា«ទូតសុឆន្ទៈស្អាត»ក្នុងឱកាសអង្គរសង្ក្រាន្ត។