• 2017-05-17 08:12:24
  • ការអប់រំ

​ទស្សនកិច្ច​សិក្សា​ Eco Study Trip ​បង្កើត​​អារម្មណ៍​ស្រឡាញ់​ធម្មជាតិ​ ​បរិស្ថាន​ ​និង​ ​សាមគ្គីភាព​

  • 2017-05-17 08:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី​​០៤-០៦ ខែ ​ឧសភា ឆ្នាំ ២០១៧ ​កន្លង​ទៅ​នេះ​ ​ក្រុម​និស្សិត​ចំនួន​៩១​រូប​ ​ដែល​មក​ពី​​​​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង ​គ្រប់គ្រង​​ជា​ភាសា​បារាំង​ជំនាន់​ទី​២៣, ​២៤​ ព្រម​ទាំង​ ​​និស្សិត​ជំនាន់​ទី​២៥​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​រួម​គ្នា​​រៀប​ចំ​​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​Eco Study Trip 2017​។​

ទស្សនកិច្ច​សិក្សា​នេះ​ ​បាន​ធ្វើ​ដំណើរ​​​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​គិរីរម្យ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​​ និង ​ខេត្ត​ព្រះសីហនុ​​ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ “Feel the Green, Feel the Warmth”​ក្នុង​អត្ថន័យ​​ដើម្បី​បង្កើត​ក្ដី​ស្រឡាញ់​ចំពោះ​ធម្មជាតិ​ ​ថែរក្សា​បរិស្ថាន​ និង ផ្ដល់​ភាព​កក់​ក្ដៅ​តាមរយៈ​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​គ្នា ​និង ​គ្នា​ក្នុង​សង្គម​ខ្មែរ​យើង​។​

​ទស្សនកិច្ច​សិក្សា​​រយៈពេល​ ​៣​ ​ថ្ងៃ​នេះ​បាន​ប្រព្រឹត្ត​ឡើង​​ដោយ​មាន​សកម្មភាព​មនុស្សធម៌​ និង ​បរិស្ថាន​មួយ​ចំនួន​​ផង​ដូចជា​​៖​ ​ការ​នាំ​យក​អំណោយ​ ​ដូចជា​សៀវភៅ​សរសេរ​ សម្ភារ​សិក្សា​ សំលៀកបំពាក់​។​ ជាពិសេស​គឺ​នាំ​យក​​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​នានា​​ទៅ​ជូន​ដល់​សិស្ស​​ដែល​មាន​ជីវភាព​លំបាក​​កំពុង​សិក្សា​ក្នុង​អង្គការ​ “រួម​ដៃ​គ្នា​ដើម្បី​ក្តី​សង្ឃឹម​” ឬ “Give a Hand for Hope Organization” ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទី​២​ ​ឃុំ​ត្រែង​ត្រយឹង​​ ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​។

អ្វី​ដែល​គួរ​អោយ​​ចាប់​អារម្មណ៍​បន្ថែម​នោះ​គឺ​ ក្រុម​និស្សិត​បាន​ចុះ​ទៅ​ដាំ​ដើម​កោងកាង​នៅ​ក្នុង​សហគមន៍​នេសាទ​ការពារ​ព្រៃ​លិច​ទឹក​ ​ចុង​អូរ​ ដែល​ស្ថិត​នៅ​ភូមិ​សំរុង​ក្រោម​ ​ឃុំ​សំរុង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះសីហនុ​។​ សកម្មភាព​នេះ​គឺ​​​​ក្នុង​គោល​បំណង​អភិរក្ស​ ​និង ​ថែរក្សា​ព្រៃលិចទឹក​ ​ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​មច្ឆជាតិ​នានា​​ ​ហើយ​មច្ឆជាតិ​ទាំង​នោះ​ហើយ​ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជា​នេសាទ​នៅ​ក្នុង​សហគមន៍​នេះ​។​

​ម៉្យាង​ទៀត​ ​ក្រុម​និស្សិត​ទាំង​អស់​ក៏​បាន​ចូលរួម​ក្នុង​ការ​សំអាត​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើ​ទាល​ ​និង​ការ​រាំ​ជា​ក្រុម​ទ្រង់​ទ្រាយ​ធំ​ ​(Flash mob)​ផង​ដែរ​​។​ គោល​បំណង​ចម្បង​គឺ​ដើម្បី​បង្ហាញ​ពី​តួនាទី​យុវជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​បរិស្ថាន​ និង ផ្ដល់​ជា​សារ​ក្រើន​រំលឹក​ស្តី​ពី​ការ​ថែទាំ​បរិស្ថាន​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏​ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាពិសេស​នៅ​តំបន់​ឆ្នេរ​នេះ​តែ​ម្ដង​។

​ក្រុម​និស្សិត​ក៏​បាន​រៀប​ចំ​ផង​ដែរ​នូវ​ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច​ ​​ដោយ​មាន​វត្តមាន​នៃ​ការ​ចូលរួម​ទស្សនា​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​និង​ការ​តាំង​ពិព័រណ៍​សម្ភារៈ​កែច្នៃ​ឡើងវិញ​ដោយ​ស្នាដៃ​របស់​ក្រុម​និស្សិត​ផ្ទាល់​​តែម្ដង​។​ ​ក្រៅ​ពី​សកម្មភាព​ខាង​លើ​ ​ក្រុម​និស្សិត​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ ​ចែក​រំលែក​បទពិសោធន៍​ស្ដី​ពី​ “​ជម្រើស​ និង ​អត្ថប្រយោជន៍​នៃ​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​” ​​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​​ក្រុង​ព្រះសីហនុ​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា​ ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​បាន​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ ​MyPhsar.com រួម​ទាំង​ការ​សហការ​ឧបត្ថម្ភ​​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដូចជា​៖ Wing, The Pizza Company, Toyota (Cambodia)​, vKirirom Pine Resort, Huawei Mobile, PastaMania Cambodia, Coca Cola, Vodka Cruiser និង BookingSentral ជា​ដើម​ ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​និង​ក្រសួង​អប់រំ​ ​យុវជន​ និង ​កីឡា​ផង​ដែរ​។​  

ដៃគូសហការ

ដៃគូសហការ

មតិយោបល់