• 2017-10-17 12:56:00
  • ការអប់រំ

ឪពុក​ម្ដាយ​គ្មាន​លទ្ធភាព​ឲ្យ​រៀន​ ក្មេង​ស្រី​ឥណ្ឌូនេស៊ី​ម្នាក់ ខំ​ប្រឹង​រក​លុយ​​ខ្លួន​ឯង​រហូត​ទទួល​លទ្ធផល​គាប់​ចិត្ត

  • 2017-10-17 12:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ឪពុក​ម្ដាយ​ខ្លួន​គ្មាន​លទ្ធភាព​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ ស្ត្រី​ឥណ្ឌូណេស៊ី​ម្នាក់​បាន​ខិតខំ​ធ្វើ​ការ​រក​ប្រាក់​ ដើម្បី​រៀន​សូត្រ​តាំង​ពី​ថ្នាក់​បឋម​សិក្សា​រហូត​បញ្ចប់​​ថ្នាក់​សាកល​វិទ្យាល័យ​ក្នុង​ឋានៈ​ជា​សិស្ស​ពូកែ​។

Siti Marfuah កំពុង​ជួយ​លក់​សាច់​អាំង​លក្បែរ​ឪពុក​

ស្ត្រី​រូប​នេះ មាន​ឈ្មោះ Siti Marfuah បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៅ​សាកល​វិទ្យាល័យ Universitas Tidar ក្នុង​ជំនាញ​គណនេយ្យ ដោយ​ទទួល​បាន​ពិន្ទុ GPA រហូត​ដល់​ទៅ ៣.៨៧ ឯណោះ ដែល​ពិន្ទុ​នេះ​ជា​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ថ្នាក់​របស់ Siti។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ក្រឡេក​មើល​ពី​ប្រវត្តិ​តស៊ូ​របស់ Siti វិញ ទម្រាំ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ដូច​ពេល​នេះ​ Siti ត្រូវ​ពុះ​ពារ​ឧបសគ្គ​ជា​ច្រើន។ Siti មាន​ឪពុក​ម្ដាយ​ជា​អ្នក​លក់​សាច់​អាំង និង​មាន​បងប្អូន ៤​នាក់។ ឪពុក​ម្ដាយ Siti បាន​ខិត​ខំ​រក​ចំណូល​ពី​ការ​លក់​នេះ​ ដើម្បី​ចិញ្ចឹម​កូន​ៗ​ក្នុង​បន្ទុក ប៉ុន្តែ​ប្រាក់​ចំណូល​ទាំង​នេះ នៅ​តែ​មិន​មាន​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់ Siti។ ដូច្នេះ​ Siti ត្រូវ​ខិត​ខំ​រក​ចំណូល​ដោយ​ខ្លួន​ឯង ដើម្បី​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន។

Siti បាន​និយាយ​ថា៖ "ខ្ញុំ​រក​លុយ​តាម​គ្រប់​វិធី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​រួច​ដើម្បី​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​ខ្ញុំ ដោយ​ការងារ​ទាំង​នោះ រាប់​តាំង​ពី​បង្រៀន​គួរ​ក្មេងៗ​ថ្នាក់​បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ ធ្វើ​នំ ​លក់​សៀវភៅ ឬ​ទំនិញ​ផ្សេងៗ​ជា​ដើម​ៗ"។

បើ​តាម​សំដី​របស់​ឪពុក Siti លោក Jalaludin បាន​ឲ្យ​ដឹង​ថា៖ "តាំង​ពី​បឋម​សិក្សា​មក Siti បាន​ខិត​ខំ​គ្រប់​វិធី​រក​លុយ​ដើម្បី​បង់​ថ្លៃ​សាលា​ដែល​ខ្លួន​រៀន។ នាង​អាច​បង់​ថ្លៃ​រៀន​ថ្នាក់​សាកល​វិទ្យាល័យ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​សុំ​លុយ​ឪពុក​ម្ដាយ​សូម្បី​មួយ​កាក់​មួយ​សេន​។ ឱ​ព្រះ​អើយ​ មិន​ត្រឹម​តែ​អាច​បង់​រៀន​ខ្លួន​ឯង​ហើយ នាង​ថែម​រៀន​ពូកែ​ទៀត"។

នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់​សាកល​វិទ្យាល័យ​របស់ Siti ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ឪពុក​ម្ដាយ​ Siti ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ ដោយ​មក​ជាមួយ​រទេះ​លក់​សាច់​អាំង​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​លក់​ដូច​សព្វ​ដង។ ពេល​ដែល​ដឹង​ថា Siti បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ក្នុង​ឋានៈ​ជា​សិស្ស​ពូកែ​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ថ្នាក់ ដោយ​រំភើប​ពេក ឪពុក​ម្ដាយ​ Siti បាន​ចែក​​សាច់​អាំង​ចំនួន​ដល់​ទៅ ១០០០ ចាន​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ចូល​រួម​ក្នុង​ពិធី​នោះ ដើម្បី​អបអរ​ភាព​ជោគ​ជ័យ​របស់​កូន។

ពេល​ចប់​កម្មវិធី​នេះ ពេល​ដែល​សួរ​ដោយ​ សារព័ត៌មាន Jawa Pos ថា​ដែល​​អន់​ចិត្ត​នឹង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ ឬ​ទេ Siti បាន​ឆ្លើយ​វិញ​ថា៖ "ខ្ញុំ​មិន​ដែល​ខ្មាស​គេ​រឿង​ហ្នឹង​ទេ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​ត្រូវ​ខិត​ខំ​ដើរ​ទៅ​មុខ និង​បន្ត​ការ​ខិត​ខំ​ទៀត"។

Siti Marfuah ទទួល​សញ្ញាប័ត្រ​ជាមួយ​គ្រួសារ​

ចុច​អាន​៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់