
- 2017-12-01 07:34:52
- ជំនឿ
ល្អាងទឹកផុសនៅភ្នំដា ពលរដ្ឋខ្លះជឿថា មានបារមីអាចព្យាបាលជំងឺ
- 2017-12-01 07:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អាងទឹកផុសនៅភ្នំដា ពលរដ្ឋខ្លះជឿថា មានបារមីអាចព្យាបាលជំងឺ
ចន្លោះមិនឃើញ
នៅលើកំពូលភ្នំដា ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ មិនត្រឹមតែមានប្រសាទដែលកសាងតាំងពីសតវត្សរ៍ទី៦នៃគ.ស ប៉ុណ្ណោះទេ តែថែមទាំងមានកន្លែងមួយចំនួនដែលពលរដ្ឋខ្លះជឿថាមានបារមីស័ក្តិសិទ្ធជួយព្យាបាលជំងឺបានជាសះស្បើយ។
ល្អាងទឹកផុសនៅលើភ្នំដាមានពីរកន្លែងនៅចង្កេះភ្នំ ហើយល្អាងនេះត្រូវបាន អ្នកស្រុកអះអាងថាមានទឹកចេញរហូតមិនរីងនោះទេ បើទោះបីជាមានភាពរាំងស្ងួតយ៉ាងណាក៏ដោយ។
លោក គង់ ថាវរិទ្ធ អ្នករស់នៅជិតភ្នំដាលើកឡើងថាភ្ញៀវទេសចរដែលមកលេងប្រសាទភ្នំដា គឺមិនរំលងឡើងទៅលុបលាងមុខនៅល្អាងទឹកផុសនេះ ដោយជឿងថាអាចព្យាបាលជំងឺបាន។ លោកបន្តថាល្អាងនេះមានទឹកចេញទាំងរដូវប្រាំង និងរដូវវស្សា។
លោកបន្តថា៖ « អាងទឹកផុសទាំងពីរនេះមានទឹកខួបប្រាំងខួបវស្សាមិនរីងទេទោះបីរាំងយ៉ាងណាក៏ដោយ....ហើយភ្ញៀវខ្លះថែមទាំងច្រកទឹកដាក់ដបទឹកសុទ្ធយកទៅផ្ញើបងប្អូនក៏មាន»។
អ្នកទៅលេងប្រសាទភ្នំដាម្នាក់គឺកញ្ញា ជូលី ប្រាប់ Sabay ថារាល់ពេលដែលកញ្ញាមកលេងនៅភ្នំដា នេះ កញ្ញា មិនដែលរំលងល្អាងទឹកផុសនេះនោះទេ។ ពោលគឺ កញ្ញាតែងទៅលុបលាងមុខនៅល្អាងនោះជានិច្ចដោយជឿថាទឹកក្នុងល្អាងនោះអាចកំចាត់ជំងឺនានាពីរូបកាយបាន។ ត្រង់ចំណុចនេះ ទោះជាពិតឬមិនពិតយ៉ាងណានោះ ក៏កញ្ញាមិនអាចបញ្ជាក់បានដូចគ្នា។
សម្រាប់មន្ត្រីទេសចរណ៍នៅទីនោះវិញគឺលោក សិត លី មានប្រសាសន៍ថាលោកមិនសូវជឿលើជំនឿនេះប៉ុន្មានតែ ប៉ុន្តែថាលោកបានឃើញតែពលរដ្ឋមួយចំនួនមកបន់ស្រន់ជាហូរហែ។
បើនិយាយពីចំនួនភ្ញៀវទៅលេងប្រសាទភ្នំដានេះវិញ លោក សិត លី ឲ្យដឹងថាមានចំនួនប្រហែលជា១០០នាក់ក្នុងមួយខែ ហើយ២០ភាគរយជាជនបរទេស។ លោកបន្តថារដូវដែលមានភ្ញៀវទេសចរមកលេងច្រើនគឺនៅចន្លោះខែវិច្ឆិកា ដល់កុម្ភៈ៕