- 2017-12-21 02:18:51
- ជំនឿ
អត្ថន័យពរបីប្រការ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
- 2017-12-21 02:18:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពរបីប្រការ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
ចន្លោះមិនឃើញ
តាមរឿងព្រេងដំណាលថា មានព្រះរាជាមួយអង្គព្រះនាមសុរិយាទេវេស គង់នៅព្រះរាជនិវេសន៍មួយក្នុងព្រៃសែនភូវាំង ក្បែរជើងភ្នំជីសូរ្យសព្វថ្ងៃ។ ក្រោយពេលសាងសង់ព្រះរាជនិវេសន៍រួច ព្រះអង្គក៏ធ្វើពិធីចម្រើនព្រះកេសព្រះរាជឱរស (បង្កក់បុត្រា) យ៉ាងឱឡារិក ដោយមានព្រាហ្មណ៍ព្រឹទ្ធាចារ្យ កវី បណ្ឌិត ចូលថ្វាយព្រះពរសព្ទសាធុការ ប៉ុន្តែមានព្រាហ្មណ៍ម្នាក់បានចូលថ្វាយព្រះពរក្រោយគេ និងមានន័យប្លែកពីគេថា៖ "សូមឱ្យមានកម្លាំងដូចស្រមោច សូមឱ្យមានឫទ្ធិដូចខ្មោច សូមឱ្យមានចិត្តមុតដូចមនុស្សស្រី"។
គ្រានោះព្រះរាជាក្រោធយ៉ាងខ្លាំង ប៉ុន្តែព្រាហ្មណ៍ក៏សុំធ្វើពិសោធន៍ជាបន្ទាល់ថ្វាយជូន ហើយព្រះរាជាក៏បានរាជានុញ្ញាត។
ត្រង់ន័យទី១ដែលថា "សូមឱ្យមានកម្លាំងដូចស្រមោច" ព្រាហ្មណ៍បានឱ្យគេធ្វើរូបដែកមួយប៉ុនខ្លួនមនុស្ស ហើយហៅមនុស្សម្នាក់ឱ្យមកលើក ប៉ុន្តែពុំអាចលើករួចសោះឡើយ។ ព្រាហ្មណ៍ក៏បានឱ្យម្ជុលមួយប៉ុនខ្លួនស្រមោច យកមកកាត់ប្រវែងប៉ុនស្រមោច រួចប្រឡាក់ទឹកឃ្មុំ ដើម្បីដាក់ឱ្យស្រមោចរោម ពេលនោះក៏មានស្រមោចមួយពាំកំណាត់ម្ជុលនោះទៅបាត់។ ត្រង់នេះហើយដែលព្រាហ្មណ៍ទូលស្ដេចថា "សូមឱ្យមានកម្លាំងដូចស្រមោច"។
ចំណែកន័យទី២ ដែលថា "សូមឱ្យមានឫទ្ធិដូចខ្មោច" ព្រាហ្មណ៍បានឲ្យគេយកខ្មោចតៃហោង៧យ៉ាង គឺស្លាប់ដោយសម្រាលកូន១ ស្លាប់ដោយពស់ចឹក១ ស្លាប់ដោយក្របីវ័ធ១ ស្លាប់ដោយរន្ទះបាញ់១ ស្លាប់ដោយគេកាប់១ ស្លាប់ដោយលង់ទឹក១ និងស្លាប់ដោយចងក១ ឱ្យយកទៅកប់នៅទីឆ្ងាយពីភូមិស្រុក រួចយកផ្តិលប្រាក់ល្អៗទៅកប់ចន្លោះក្បាលខ្មោចនីមួយៗ មិនតែប៉ុណ្ណោះឱ្យយកពែរួត ពែហ៊ុម ពែជើងត្រុំ ពែច្រមុះជ្រូកជាដើម ទៅតម្រៀបនៅលើផ្នូរ នៃក្បាលខ្មោចទាំងនោះ ដោយមានដាក់បាយស បាយក្រហម ក្បាលជ្រូក មាន់ឆ្កាងនៅត្រង់នោះផង លុះដល់យប់ស្ងាត់ព្រាហ្មណ៍ក៏ប្រើពួកអាមាត្យណាម្នាក់ដែលចង់បានឱ្យទៅយកផ្តិលប្រាក់ទាំងនោះ ប៉ុន្តែពុំមាននរណាម្នាក់ហ៊ានទៅយកសោះឡើយ។ ត្រង់នេះហើយដែលព្រាហ្មណ៍ក្រាបទូលព្រះរាជាថា "សូមឱ្យមានឫទ្ធិដូចខ្មោច"។
រីឯន័យទី៣ដែលថា "សូមឱ្យមានចិត្តមុតដូចមនុស្សស្រី" ព្រាហ្មណ៍បានធ្វើការពិសោធន៍វែងឆ្ងាយ ដោយដំបូងបានហៅបុរសកម្សត់ម្នាក់មកនិយាយថា៖ "មើល៍! ឯងសព្វថ្ងៃកម្សត់តោកយ៉ាកណាស់ បើខ្ញុំបង្គាប់ឱ្យអ្នកឯងសម្លាប់ប្រពន្ធអ្នកឯងចោល ក្នុងរយៈពេលបីថ្ងៃទៀត ខ្ញុំនឹងតាំងឱ្យអ្នកឯងធ្វើជាមន្ត្រីធំ តើអ្នកឯងសុខចិត្តឬទេ?”។ បុរសនោះសញ្ជឹងគិតហើយបានតបវិញថា ខ្លួនមិនហ៊ានសម្លាប់ប្រពន្ធខ្លួននោះទេ ត្បិតអីនាងបានរួមសុខរួមទុក្ខជាមួយគ្នាជាយូរមកហើយ មួយទៀតភរិយារបស់ខ្លួនជានារីទន់ខ្សោយ។ លឺដូច្នេះ ព្រាហ្មណ៍បានឲ្យបុរសនោះត្រឡប់ទៅផ្ទះវិញ។ ថ្ងៃបន្ទាប់ព្រាហ្មណ៍បានឱ្យអាមាត្យលបទៅហៅនាងជាប្រពន្ធមកសួរ។ ពេលមកដល់ ព្រាហ្មណ៍បានសួរថា៖ "នែនាង ប្ដីនាងជាមនុស្សក្រណាស់ អនាគតនាងក៏ពុំមានសង្ឃឹមអ្វីដែរ ដូច្នេះខ្ញុំស្នើស្ងាត់ៗជាមួយនាងថា បើនាងហ៊ានសម្លាប់ប្ដីនាង ក្នុងរយៈពេលបីថ្ងៃទៀត ខ្ញុំនឹងលើកនាងជាប្រពន្ធពេញយស ហើយខ្ញុំនឹងប្រគល់ដាក់ដៃនាង នូវទ្រព្យសម្បត្តិមានតម្លៃទាំងអស់"។ នាងនោះនៅស្ងៀមមួយសន្ទុះពុំចេញស្ដី ព្រាហ្មណ៍ក៏អនុញ្ញាតឱ្យនាងយកទៅគិតមួយថ្ងៃសិនចុះ ចាំដល់ស្អែកសឹមមកប្រាប់វិញ។
លុះដល់ស្អែកឡើង នាងឆ្លើយជម្រាបព្រាហ្មណ៍នៅចំពោះមុខព្រះមហាក្សត្រថា ខ្លួនព្រមធ្វើតាមអ្វីដែលព្រាហ្មណ៍បានប្រាប់ ព្រោះខ្លួនគ្មានសង្ឃឹមលើប្ដីទេ បើរកស៊ីនេសាទត្រីយ៉ាងនេះ។ គ្រាន់តែលឺនាងឆ្លើយដូចនេះភ្លាម ព្រាហ្មណ៍ក្រាបទូលព្រះរាជាមួយរំពេចថា នេះហើយជាបន្ទាល់ដែលថា មានចិត្តមុតដូចមនុស្សស្រី។
ព្រះមហាក្សត្រ កាលបើទ្រង់បានយល់សព្វគ្រប់បន្ទាល់ហើយ ព្រះអង្គក៏បានតែងតាំងព្រាហ្មណ៍នោះជាអ្នកប្រាជ្ញធំ ហើយប្រទានពរតាមសេចក្ដីប្រាថ្នា៕