• 2018-01-18 08:43:51
  • ការអប់រំ

ភ្លឺភ្នែក! រូប​បដិមាព្រះពុទ្ធ​មួយ​ព្រះអង្គ ប្លែកខុសគេ​នៅ​សារមន្ទីរអង្គរ​

  • 2018-01-18 08:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បដិ​មា​ព្រះ​ពុទ្ធ​ជារូប​សំណាក​ដ៏​ឧត្តុង​ឧត្តម​សម្រាប់​ជន​ជាតិ​ខ្មែរ​គោរ​ព​បូជា​។ ជា​ទូ​ទៅ​​ព្រះ​ពុទ្ធ​បដិមា​នៅ​កម្ពុជា​មាន​ច្រើន​ទម្រង់ និង​ច្រើន​សណ្ឋាន​ណាស់ ប៉ុន្ដែ​កម្រ​នឹង​មានព្រះ​ពុទ្ធបដិមា​ដែល​មាន​ភ្នែក​តឹង និង​ព្រះបាត​មាន​ពាក់ទ្រនាប់​ជើង​ផងដែរ។ យ៉ាងណា​មិញ​បដិមា​ប្រភេទ​នេះ​កំពុង​ដាក់​តម្កល់​នៅ​ក្នុង​វិចិត្រ​សាល​ព្រះមួយ​ពាន់​របស់​សារមន្ទីរជាតិ​អង្គរ។

លោក សេង កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សម​ច្ច័យ​នៃ​សារ​មន្ទីរ​ជាតិអង្គរ ឲ្យ​ដឹង​ថា បដិមា​ព្រះពុទ្ធ​​ពាក់​ទ្រនាប់​​ជើង​មិនមា​ន​ច្រើន​ឡើយ​នៅ​កម្ពុជា​ និង​មាន​តែ​មួយ​គត់​នៅ​ក្នុងសារមន្ទីរ​ជាតិ​អង្គរ។​ បដិ​មា​អង្គ​​​នេះ​ធ្វើ​ឡើង​ពី​ឈើ​មាន​រចនា​ប័ទ្ម​ក្រោយ​​សម័យ​អង្គរ ពោល​គឺ​នៅ​អំឡុង​ស​តវត្ស​រ៍ទី១៥ឬ​១៦​។​

លោក សេង កុម្ភៈ បន្ថែមថាៈ «​តាម​ការ​ពិនិត្យ​ បដិមា​អង្គ​នេះជា​ព្រះពុទ្ធ​ចិន ព្រោះ​ថា​បដិមា​នេះ​មាន​ព្រះនេត្រតឹង​ (ភ្នែកតឹង) និង​ទម្រង់​ចិញ្ចើម​​ខុស​ទៅនឹង​បដិមា​របស់​ខ្មែរ​យើង ​ប៉ុន្ដែ​ការ​គ្រង​ស្បង់​ និង​កាយវិការ​គឺ​ដូចគ្នា​ទៅ​នឹង​បដិមាខ្មែរ​ទៅ​វិញ​។ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ​ពុទ្ធសាសនិក​ជាជនជាតិ​ចិន​ គាត់​មាន​សទ្ធា​ជួល​ឲ្យជាង​ឆ្លាក់​បដិមា​ព្រះពុទ្ធ​រូប​ដែល​មាន​លក្ខណៈ​ជា​ចិន​»។

ពាក់​ព័ន្ធ​នឹង​ទ្រនាប់​ជើង​ដែល​រំលេច​នៅ​នឹង​ព្រះ​បាត​បដិមា​ពុទ្ធនេះ​វិញ​ លោក​ សេង កុម្ភៈ បាន​ឲ្យដឹង​ថា វា​អាច​ទាក់​ទង​នឹង​ចំណង់​ចំណូលចិត្ត​របស់​អ្នកមាន​សទ្ធា​ ព្រោះថា​សម័យ​បុរាណ​ខ្មែរក៏​មាន​លទ្ធិ​បុគ្គល​និយម​ដែរ ដែល​គាត់​អាច​បង្គាប់​ឲ្យ​ជាង​ឆ្លាក់​ទម្រង់​ព្រះភក្ដ្រ​របស់​ពុទ្ធបដិមា​ឲ្យ​ដូច​ទៅ​នឹង​ទម្រង់​មុខ​របស់​ខ្លួន និង​អ្វី​ដែល​ខ្លួន​ចង់​បាន​បន្ថែម​ទៀត​ ជាក់​ស្ដែង​ដូច​ជា​ការ​បន្ថែម​ទ្រនាប់​ជើង​ឲ្យ​បដិមា​ជាដើម​។

លោក​កុម្ភៈបញ្ជាក់​ដែរ​ថា ​​តាម​ពិត​ទៅ​ជន​ជាតិចិន​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិខ្មែរ​រាប់សតវត្សរ៍មក​ហើយ ជាក់​ស្ដែង​ដូច​ជាវត្ត​មាន​របស់​លោក ជីវ តាក្វាន់ ដែល​បាន​មក​ដល់​អាណាចក្រ​អង្គរ​ជាដើម។ ដូច្នេះ​​យើង​អាច​វាយ​តម្លៃ​បានថា រូប​បដិមា​ពុទ្ធមាន​ទ្រនាប់ជើងនេះ​មិនមែន​នាំ​មក​ពី​ប្រទេស​ចិន​នោះទេ​ គឺអាច​ជាជន​ជាតិចិន​រស់នៅ​ដីខ្មែរ​ហើយ​ជួល​ឲ្យ​ជាង​ខ្មែរ​ឆ្លាក់​៕

ចុចអាន៖

អត្ថបទដោយ៖ រស់ សុជាតិ​

មតិយោបល់