• 2018-09-17 10:18:31
  • ការអប់រំ

ដាស់តឿនជាមុន! អ្នកឡើងមករៀននៅភ្នំពេញដំបូងៗ ប្រយ័ត្នល្បិចបោក ៣ស្នៀតនេះ

  • 2018-09-17 10:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​បញ្ចប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​២០១៨​ ដោយ​ជោគជ័យ សិស្ស​នៅ​តាម​ខេត្ត​​មួយ​ចំនួន​ប្រាកដ​ជា​ត្រៀម​​ឡើង​មក​ភ្នំពេញ​ ដើម្បី​ការសិក្សា​បន្ត​ ហើយ​អ្នកខ្លះ​ទៀត​ចង់​ឡើង​មក​រៀន​ដោយ​សមត្ថភាព​ខ្លួន​ឯង ​ដោយ​មិន​ពឹង​ពាក់​គ្រួសារ​ តាម​រយៈ​ការ​ស្វះស្វែង​រក​ការងារ​ ឬ​រក​សាលា​ណា​ដែល​ផ្ដល់​អាហារូបករណ៍​សិក្សា​ឥត​គិត​ថ្លៃ​ជា​ដើម។

រូបតំណាង

ជា​ការ​ពិត​ណាស់ ​ការ​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ ប្អូន​ៗ​តាម​ខេត្ត​ខ្លះ​ បាន​ជួប​នូវ​រឿង​សម​ប្រកប​ដោយ​មាន​សាច់​ញាតិ​នៅ​ភ្នំពេញ​ស្រាប់ តែ​​អ្នក​ខ្លះ​វិញ​គ្មាន​ញាតិ​ ខ្វះ​ព័ត៌មាន​មុន​ឡើង​មក​​ ដែល​ជាហេតុ​អាច​ឲ្យ​​ជន​ខិល​ខូច​មាន​ឱកាស​ប្រើ​​រូប​ភាព​បន្លំ​បោក​យក​លុយ​ និង​កេង​​កម្លាំង​ដោយ​មិន​ដឹង​ខ្លួន​។ ​ថ្ងៃ​នេះ​ Sabay​ សូម​ស្រង់​យក​បទ​ពិសោធន៍​ពី​​រៀម​ច្បង​ ៤រូប​ ធ្លាប់​ធ្លាក់​ក្នុង​ល្បិចកល​របស់​ជន​មួយ​ចំនួន ដែល​ប្អូន​ៗ​ ​ជាប់​បាក់​ឌុប​ថ្មី​ៗ គួរ​ប្រយ័ត្ន​ ដូច​ខាង​ក្រោម​នេះ៖

​ ​ ​១. ដំណឹង​អាហារូបករណ៍​ក្លែង​ក្លាយ​​ ​ ​​​

សុខ​ សោភ័ណ ​សិស្ស​ពី​ខេត្ត​បាត់ដំបង​ឡើង​មក​ភ្នំពេញ ចាញ់​បោក​គេ​ដោយ​សារ​តែ​បំពេញ​ពាក្យ​ផ្ដេសផ្ដាស​តាម​ផ្លូវ​។​​ យុវតី​នេះ​ឲ្យ​ដឹង​ថា៖ ​"ដំបូង​គេ​ចែក​ក្រដាស​តូច​មួយ​ឲ្យ​ខ្ញុំ​បំពេញ​លេខ​ទូរសព្ទ​ និង​ឈ្មោះ​ដោយ​ប្រាប់​ថា​បំពេញ​ទៅ​​នឹង​មាន​ឱកាស​ទទួល​អាហារូបករណ៍​រៀន​ភាសា​អង់គ្លេស​អត់​អស់​លុយ។ ​រំលង​ប្រហែល​២អាទិត្យ​ មាន​គេ​ខល​ប្រាប់​ឲ្យ​ខ្ញុំ​​ទៅ​ប្រឡង​ម្ដុំ​សាលា​បាក់​ទូក​ ​និង​ជាប់​អាហារូបករណ៍១០០%​​​ ភ្លាមៗ​ តែ​​គេ​បែរ​ជា​ឲ្យ​ខ្ញុំ​​ត្រូវ​បង់​លុយ​អស់​១០ដុល្លារ ​ដើម្បី​បាន​វិញ្ញាបនបត្រ ​និង​បង់​១០០ដុល្លារថ្លៃ​រដ្ឋបាល​ រៀន​បន្ត​។ ​ពេលនោះ​​ខ្ញុំ​សម្រេច​មិន​រៀន ហើយ​ឲ្យ​គេ​អស់​១០ដុល្លារ​ថ្លៃ​​វិញ្ញាបនបត្រ​ហ្នឹង​ទៅ​...​ក្រោយ​មក​ខ្ញុំ​យក​រឿង​នេះ​​ទៅ​ប្រាប់​មិត្ត​ភក្ដិ​នៅ​សាលា​ គេ​ថា​ខ្ញុំ​ចាញ់​បោក​គេ​ហើយ"។

​​​​​​​​

២. ​ការងារ​តាម​បណ្ដាញ​គ្មាន​ប្រភព​ច្បាស់លាស់​​

​ដោយឡែក​យុវជន​ ឧត្តម​ និសិ្សត​មក​ពី​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​មិត្ត​ភក្តិ​ជិតស្និទ្ធ​បោក​ប្រាស់​អស់​១០០ដុល្លារ ដោយសារ​ចង់បាន​ការងារ​នៅ​ភ្នំពេញ​ផង បាន​រៀន​ផង។ ​ឧត្តម​ ប្រាប់​ថា៖ "កាល​ណោះ​ខ្ញុំ​រៀន​មិន​ទាន់​ចប់​ថ្នាក់ទី១២ទេ ​ខ្ញុំ​សុំ​ម៉ែ​ ១០០ដុល្លារ តាម​មិត្តសម្លាញ់​មក​ភ្នំពេញ​ម្ដុំ​ផ្សារ​សំណង់​១២​ ខ្ញុំ​អាច​រៀន​និង​ធ្វើការ​ផង​​ ដល់​ពេល​​រៀន​អស់​ពេល​ ១អាទិត្យ​ ​គ្មាន​បាន​ស្អី​ទេ​ ហើយ​ថែម​ទាំង​​ឲ្យ​ខ្ញុំ​ទៅ​ដើរ​រក​សិស្ស​ពី​ខេត្ត​មក​រៀន​ទៀត ដោយ​គេ​គិត​​ភាគរយ​ឲ្យ​ពីលើ​ បើ​រក​មិន​បាន​គឺ​អត់​"។ ​គ្មាន​ជម្រើស​ ឧត្តម​ ត្រូវត្រឡប់​ទៅស្រុក​វិញ​ទាំង​ឈឺចាប់ ព្រោះ​មិត្ត​បោកប្រាស់​ និង​លែង​និយាយ​រក​គ្នា​ដល់​សព្វថ្ងៃ​។​

ងាក​ទៅ យុវជន​ ចាន់​ធឿន​ មក​ខេត្ត​កំពង់​ស្ពឺ​វិញ រៀប​រាប់​ហាក់​ហួស​ចិត្ត​ មិន​នឹក​ស្មាន​ថា​​ត្រូវ​មិត្ត​ភក្ដិ​​បោក​អស់១០ដុល្លារ​ ព្រោះ​ចង់​បាន​ការងារ​ប្រាក់​ខែ​ខ្ពស់​​។ យុវជន ប្រាប់ថា​៖ " កាល​នោះ​ ហេតុ​តែ​ចង់​បាន​ការងារ​ខ្លាំង​ មាន​មិត្ត​ភក្ដិ​ប្រាប់​ថា​មាន​ក្រុមហ៊ុន​ត្រូវ​ការ​បុគ្គលិក​ ដោយ​គ្រាន់តែ​ចូល​រួម​ស្ដាប់​សិក្ខាសាលា​លក់​ផលិតផល​ហើយ​ត្រូវ​ចំណាយ​លុយ​អស់​ ១០​ដុល្លារ បាន​ការងារ​ហើយ។​​ នៅ​សិក្ខាសាលា​នោះ ​គេ​បង្វឹក​ឲ្យ​ខ្ញុំ​ចេះ​និយាយ​បញ្ចុះ​បញ្ចូល​ និង​ដើរ​លក់​ផលិតផល​​​ ហើយ​គេ​ឲ្យ​ចំណេញ​បន្ថែម​ជា​ភាគរយ​ ប្រសិន​បើ​លក់​ផលិតផល​ដាច់​"។ ​ខ្ញុំ​ចាប់​ផ្ដើម​សង្កេត​ ទី១. ​គេ​ប្រាប់​ថា​ ខ្ញុំ​នឹង​ក្លាយ​ជា​​សេដ្ឋី ​២. ធ្វើ​ការ​ដើរ​លេង​ក្រៅ​ប្រទេស ៣. អាកប្បកិរិយា និង​សំលៀក​បំពាក់​​អ្នក​បង្វឹក​មិន​សមរម្យ ជាដើម។ ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​​ច្បាស់​​ថា​គេ​បោក ព្រោះ​​​គ្មាន​ការងារ​ណា​ធ្វើ​​ស្រួល​ៗ​បែប​នេះ​ឡើយ​។

៣. សិក្ខាសាលា​បោកប្រាស់​

​ស្រី​ចាន់​ និស្សិត​ពី​មក​ពី​តា​ខ្មៅ​ ​ក៏​ជួប​រឿង​ចាញ់​បោក​នោះ​ដែរ​ ព្រោះ​ជឿ​ខិត​ប័ណ្ណ​សាលាមួយ​​​​ផ្ដល់​ការងារ និង​ប្រាក់ខែ​ខ្ពស់។ គ្រានោះ​រៀន​ឆ្នាំ​ទី១ ខ្លួន​ និង​មិត្ត​នាំ​គ្នា​ចំណាយ​អស់​ ១២ដុល្លារ/ម្នាក់ ​ទៅ​ចូលរួម​សិក្ខាសាលា​របស់​សាលា​មួយ​នៅ​ម្ដុំ​លូ​បឹង​ត្របែក​។ អ្វី​ដែល​គួរ​ឲ្យ​​​ចាប់​អារម្មណ៍​នោះ​គឺ​ចូលរួម​ ហើយ​​ឱកាស​ជាប់​ការងារ និង​ញ៉ាំ​អាហារ​បូហ្វេ​​ទៀត​ផង។​ ប៉ុន្តែ​នៅ​ថ្ងៃទី១​ ​ស្រី​ចាន់​​​ចាប់​​អារម្មណ៍​វាគ្មិន​ដែល​ឡើង​អត្ថាធិប្បាយ​នោះ​ ​គឺ​ជា​សិស្ស​ដូច​មិន​ទាន់​រៀន​ចប់​វិទ្យាល័យ​ ជាមួយ​កាយវិការ​មិន​សមរម្យ​គួរ​ឲ្យ​ង៉ើង​ឆ្ងល់​ និង​អាហារ​ញ៉ាំ​គឺ​បាយ​សាច់​ជ្រូក​១ប្រអប់ និង​ទឹកក្រូច​១​កំប៉ុង ពោល​ខុស​ទាំង​ស្រុង​ពី​អ្វី​បាន​ផ្សព្វផ្សាយ​។ ​រួច​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​ស្រីចាន់​បដិសេធ​លែង​ទៅ​ចូលរួម​ បើ​ទោះ​បី​គេ​ប្រាប់​ខ្លួន​បាន​ជាប់​ការងារ​នៅ​ទីនោះ​ក៏ដោយ​។​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​សរុប​ទៅ​ទាំង​នេះ​ជា​មេរៀន​​របស់​រៀមច្បង​ខាង​លើ​ ចែក​រំលែក​ដល់​​ ប្អូនៗ​ទើប​ជាប់ ​ឬ​មិន​ទាន់​ជាប់​បាក់ឌុប​ក្ដី​​គួរ​ប្រុង​ប្រយ័ត្ន​​ពី​​ល្បិច​របស់​ជន​ខិល​ខូច​ទាំង​នោះ​​។ យ៉ាងណា​មិញ​ដើម្បី​បញ្ចៀស​ពី​ស្នៀត​បោកប្រាស់​នានា ​ប្រិយ​មិត្ត​​អាច​ចូលរួម​ជា​បទពិសោធន៍​ចាញ់​បោក​ណា​មួយ​ សូម​ផ្ញើ​សារ​មក​កាន់​ Sabay News Social នេះ​បាន​។​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់