- 2019-09-06 04:20:06
- ការអប់រំ
ស្ថាបនិកតម្រាថា ជ្រើសរើសសៀវភៅ មើលរបៀបសរសេរជាជាងឈ្មោះអ្នកនិពន្ធ
- 2019-09-06 04:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកតម្រាថា ជ្រើសរើសសៀវភៅ មើលរបៀបសរសេរជាជាងឈ្មោះអ្នកនិពន្ធ
ចន្លោះមិនឃើញ
លោក ជីព ចិត្ត ស្ថាបនិកតម្រា ទទួលបន្ទុកផ្នែកតម្រាឌីជីថល បញ្ចេញយោបល់ថា ការជ្រើសរើសសៀវភៅរបស់យុវវ័យក្នុងពេលបច្ចុប្បន្ន គឺមើលលើអ្នកនិពន្ធជាងចំណងជើង ឬគុណភាព។ លោកថា ការស្គាល់អ្នកនិពន្ធ និងសមត្ថភាពច្បាស់ជារឿងល្អ ប៉ុន្តែលោកលើកទឹកចិត្តឲ្យមានការអានមើលរបៀបសរសេរសិនសឹមសម្រេចចិត្ត។
ស្ថាបនិករូបនេះលើកឡើងថា មានមនុស្សជាច្រើនចាប់ផ្ដើមសរសេរសៀវភៅនៅពេលគេល្បីឈ្មោះ ឬជោគជ័យ តែសៀវភៅនោះផ្ដល់ប្រយោជន៍ដល់អ្នកអានឬអត់អាស្រ័យលើរបៀបសរសេររបស់គេ។
លោកពន្យល់ដូច្នេះថា៖ «ខ្ញុំធ្លាប់ទិញសៀវភៅច្រើនណាស់ ប៉ុន្តែភាគតិចដែលមើលចប់ដោយសារស្រួលយល់ មិនបកប្រែទំាងដុល មិនសរសេរស្ទីលបរទេស ពាក្យសម្រាយមានឧទាហរណ៍ជាក់ស្តែង។ ខ្ញុំសូមលើកពីសៀវភៅពេលវេលារបស់យើង សៀវភៅនេះ ភាគច្រើនអ្នកយកទៅអានសរសើរថា មានភាពច្បាស់លាស់អត្តសញ្ញាណអ្នកនិពន្ធ ដោយមិនច្រឡំ ឬចម្លងសៀវភៅលួចបកពីគេ មានការពន្យល់ ផ្សារភ្ជាប់ជាមួយ និងជីវិតជាក់ស្តែង»
សៀវភៅពេលវេលាជាចំណងជើងទីពីររបស់តម្រា ដែលចេញក្នុងឆ្នាំនេះចំនួន៣ពាន់ច្បាប់។ សៀវភៅនេះ លក់ដាច់បំផុតក្នុងចំណោមចំណងជើងទាំង៤របស់តម្រា ។លោក ជីព ចិត្ត អះអាងថាគេមិនទាន់មានគម្រោងដាក់ផ្សាយសៀវភៅនេះនៅលើបណ្ដាញអ៊ីនធឺណិតនៅឡើយ ប៉ុន្តែឃ្លីបវីដេអូដែលដកស្រង់ចេញពីមាតិកាខ្លះនិងត្រូវបានផលិតឡើង។
លោកបញ្ជាក់បន្ថែមថា៖ «តម្រាកំពុងរកដៃគូដែលធ្វើឲ្យផ្នែកឌីជីថលកាន់តែរស់រវើកជាងអ្វីដែលយើងបានឃើញក្នុងទីផ្សារបច្ចុប្បន្ន។ យើងមានគម្រោងច្រើនហើយសកម្មភាពនិមួយៗនឹងធ្វើឡើងដោយការទទួលខុសត្រូវចំពោះសង្គមមួយដែលយើងកំពុងរស់នៅ។ យើងជាក្រុមការងារដែលឲ្យតម្លៃលើ ផលប្រយោជន៍សង្គមជាងផ្នែកពាណិជ្ជកម្មហើយយើងសង្ឃឹមថានឹងជួបដៃគូសហការដែលមានគុណតម្លៃដូចឬស្រដៀងគ្នា»
យោងតាមការអង្កេត និងសិក្សាមួយរបស់តម្រា ប្រទេសកម្ពុជាហាក់មានការកើនឡើងយ៉ាងគំហុកនូវបរិមាណសៀវភៅបោះពុម្ពក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប៉ុន្តែសាច់រឿងឬសៀវភៅដែលគ្មានគុណភាពបានបំផ្លាញទៅវិញនូវទីផ្សារដ៏ទន់ខ្សោយជាបន្តបន្ទាប់ទោះបីជារាជរដ្ឋាភិបាលបានបង្កើតនូវចលនាគាំទ្រជាច្រើនក្ដី។
លោកជីព ចិត្ត អធិប្បាយដូច្នេះថា៖ «យើងមើលឃើញពីបញ្ហាច្រើនតែយើងនិយាយអំពីដំណោះស្រាយប្រសើរជាង។ ដំណោះស្រាយចំពោះមុខ គឺសៀវភៅគួរតែថោកជាងនេះហើយមានគុណភាពល្អជាងបច្ចុប្បន្ន។ ដាក់អ្វីមួយដែលមិនល្អ ទៅលើទីផ្សារ ទោះទីផ្សារនោះល្អប៉ុណ្ណា អតិថិជននឹងឈប់មកព្រោះគេលែងជឿទុកចិត្ត។ ការកូពី (ចម្លង) ជារឿងដ៏អាម៉ាស់ និងនាំមកនូវមហន្តរាយដូច្នេះយើងត្រូវការចាប់ផ្តើមជាមួយការរក្សាសិទ្ធិ គោរពសិទ្ធិ និងគោរពខ្លួនឯងជាមុន។»