• 2019-12-19 04:07:59
  • ការអប់រំ

សាស្រ្តាចារ្យ ប្រវត្តិសាស្រ្ត៖ «បើកូនខ្មែរមិនទម្លាប់សំពះ គឺខ្មែរប្រឈមបាត់បង់អត្តសញ្ញាណជាខ្មែរ»

  • 2019-12-19 04:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ប្រសិនបើកូនខ្មែរមិនទម្លាប់ប្រើប្រាស់ការសំពះនោះទេ គឺយើងនឹងបាត់បង់អត្តសញ្ញាណជាខ្មែរ ព្រោះការសំពះនេះមានប្រវត្តិយូរលង់ណាស់មកហើយនៅកម្ពុជា»។ នេះជាការលើកឡើងរបស់ លោក សំបូរ ម៉ាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលនិយាយនៅក្នុងកម្មវិធី «កៅអីក្ដៅ» កាលពីថ្ងៃទី១៨ ខែធ្នូ ២០១៩។

ផ្អែកតាមរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ ឬរបាំអប្សរា និង សម័យហ្វូណន និងរឿងព្រេង ព្រះថោង នាងនាគ មានពិធីមង្គលការ ដែលបានប្រើប្រាស់ការសំពះតាំងពីពេលនោះមក។ ដូច្នេះចង់មិនចង់ប្រវត្តិនៃការសំពះនេះបានកើតលើទឹកដីកម្ពុជា មិនតិចជាង២ពាន់ឆ្នាំមកនោះទេ។ កត្តានេះហើយ ដែលសបញ្ជាក់ឲ្យឃើញថា ទម្លាប់នៃការសំពះ បានកើតមុនប្រទេសផ្សេងៗ ដូចជា ប្រទេសថៃ ឡាវ និងភូមា ជាដើម។ នេះជាការលើកឡើងរបស់ សាស្រ្តាចារ្យសំបូរ ម៉ាណារ៉ា។

ដូនតាខ្មែរបានរក្សាការសំពះនេះបង្ហាញអំពីសុជីវធម៌របស់ខ្មែរ ប៉ុន្ដែមកដល់សម័យបច្ចុប្បន្ន ដោយសារឥទ្ធិពលវប្បធម៌បរទេសវាយលុក ទើបធ្វើឲ្យទម្លាប់ការសំពះមានការធ្លាក់ចុះ។ ការធ្លាក់ចុះ​នៃ​ការ​សំពះ​បណ្ដាល​មក​ពីការបាត់បង់​ភាព​ជាគំរូ នៅផ្ទះ នៅសាលារៀន និង​សង្គម។ លោក​សាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា បន្ថែម។

«ក្មេងៗបច្ចុប្បន្ននេះមិនមែនត្រឹមតែអៀនសំពះមិត្តភក្ដិនោះទេ គឺអៀនមិនហ៊ានសំពះឪពុក ម្ដាយថែមទៀត។ ដូច្នេះហើយខ្ញុំមានកម្មវិធីបណ្ដុះសិស្សរបស់ខ្ញុំ ដាច់ខាតឲ្យចេះសំពះឪពុក ម្ដាយ»។ សាស្រ្តាចារ្យសំបូរ ម៉ាណារ៉ា និយាយ។ «កាលកូនៗនៅក្មេងរៀននៅថ្នាក់ទី ១-៥ កម្មវិធីសិក្សាបានបណ្ដុះឲ្យសិស្សានុសិស្សចេះសំពះ លោកគ្រូ អ្នកគ្រូ ឪពុក ម្ដាយ។ ប៉ុន្ដែរហូតដល់ពេលកូនរៀនចប់ថ្នាក់បឋម កូនៗលែងសំពះ ឯលោកគ្រូ អ្នកគ្រូ និងឪពុក ម្ដាយ ក៏លែងខ្វាយខ្វល់អប់រំកូនអំពីការសំពះ»។

នៅពេលយុវវ័យមិនទម្លាប់ការសំពះ តើសង្គមខ្មែរ រងផលប៉ះពាល់អ្វី? ឆ្លើយតបសំណួររបស់អ្នកសម្របសម្រួលនៅកម្មវិធី «កៅអីក្ដៅ»នេះ លោកស្រាស្រ្តាចារ្យ បានបញ្ជាក់ «យើងនឹងបាត់បង់អត្តសញ្ញាណជាខ្មែរ»។

ទន្ទឹមនឹងការបាត់បង់អត្តសញ្ញាណខ្មែរ លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា បានសម្ដែងអារម្មណ៍មួយទៀតថា «នៅពេលខ្ញុំទៅបរទេស ខ្ញុំឃើញសកម្មភពប្រទេសដែលមានវប្បធម៌សំពះ រក្សាបានល្អជាងយើង ខ្ញុំខ្មាសគេ។ តែអារម្មណ៍ខ្ញុំខ្មាសមិនមែនអារម្មណ៍គិត ទុដ្ឋិនិយមនោះទេ តែខ្ញុំនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យកូនខ្មែរ មើលឃើញពីតម្លៃសុជីធម៌ខ្មែរ តាមរយៈការសំពះនេះឡើងវិញ។ ខ្ញុំធ្វើជាគំរូ នៃការសំពះ និងខ្ញុំបណ្ដុះសិស្សានុសិស្សរបស់ខ្ញុំឲ្យមានទម្លាប់សំពះឡើងវិញ»។

ពាក់ព័ន្ធនឹងភាពវ័យចំណាស់នៃវប្បធម៌ដ៏ចំណាស់របស់កម្ពុជា លើកិច្ចការសំពះនេះ លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា បានបញ្ជាក់ថា ការសំពះរបស់ខ្មែរ មានភាពខុសប្លែកពីបណ្ដាប្រទេសផ្សេងៗ ដោយការសំពះខ្មែរ មានការបិទបាំង ដោយដៃប្រណុំម្រាមដៃ១០ បិតក្លៀកជិត ហើយមានភាពទន់ភ្លន់ ដូចរបាំអប្សារា ដែលបង្ហាញអំពីសុជីវធម៌ ថ្លៃថ្នូរ ស្លូតត្រង់ ស្មោះត្រង់ និងមានគុណធម៌ នៃតម្លៃសុជីវធម៌របស់ខ្មែរ។

ដោយឃើញពីគុណតម្លៃនៃការសំពះរបស់ខ្មែរ និងការខ្លាចបាត់បង់សុជីវធម៌ តាមរយៈការសំពះនេះ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា ចង់ឲ្យមានកម្មវិធីចាក់ផ្សាយវីដេអូអប់រំឡើងវិញ តាមកញ្ចក់ទូរទស្សន៍ និងការបង្កើតភាពជាគំរូ មានលោកគ្រូ អ្នកគ្រូ ឪពុក ម្ដាយ ដោយផ្ដើមដំបូងបំផុត នៃការសំពះនៅផ្ទះ និងសាលាជាដើម។

សូមរំលឹកផងដែរថា ការសំពះត្រូវបានគេចែកចេញជា 5បែបគឺ:

    1. ការសំពះដាក់ដៃត្រឹមដើមទ្រូងជាការសំពះទៅកាន់មនុស្សដែលបានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិ។
    1. ការសំពះដាក់ដៃត្រឹមមាត់ជាការសំពះទៅកាន់មនុស្សដែលមានវ័យចាស់ជាង ឬចៅហ្វាយនាយ។
    1. ការសំពះដាក់ដៃត្រឹមចុងច្រមុះជាការសំពះទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ។
    1. ការសំពះដាក់ដៃត្រឹមចិញ្ចើមជាការសំពះទៅកាន់ព្រះមហាក្សត្រ និង វត្ថុសក្ដិសិទ្ធជាទីសក្ការៈ។
    1. ការសំពះដាក់ដៃត្រឹមថ្ងាសជាការសំពះគោរពដល់ព្រះរតនត្រ័យ និងការបួងសួងនានា។

សូមទស្សនា និងស្ដាប់ប្រសាសន៍​របស់ សាស្រ្តាចារ្យ​ សំបូរ ម៉ាណ្ណារ៉ា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់