- 2020-03-13 10:01:50
- ការអប់រំ
ទំនោរនៃការចាប់ដៃហាក់ថមថយ ងាកមកសំពះកើនឡើង ខណៈជំងឺកូរ៉ូណា កំពុងផ្ទុះជាសកល
- 2020-03-13 10:01:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនោរនៃការចាប់ដៃហាក់ថមថយ ងាកមកសំពះកើនឡើង ខណៈជំងឺកូរ៉ូណា កំពុងផ្ទុះជាសកល
ចន្លោះមិនឃើញ
ជំងឺរលាកផ្លូវដង្ហើម វីរ៉ុសកូរ៉ូណា (Covid-19) បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភអំពីការឆ្លងរាលដាលជាសកល ម៉្លោះហើយ ថ្នាក់ដឹកនាំ និងប្រជាជននៅបណ្ដាលពីភពលោក បានផ្លាស់ប្ដូរទម្លាប់ដូចជាការចាប់ដៃ ថើប ងាកមកការគោះកែងដៃ និងសំពះ ជាកិច្ចស្វាគមន៍។
កាលពីថ្ងៃទី ៤ ខែមីនា នៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យប្រជាពលរដ្ឋនៅពេលជួបគ្នា គឺត្រូវលើកដៃសំពះគ្នា ជាជាងការចាប់ដៃគ្នា ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព្រះអង្គម្ចាស់នៃប្រទេសវែល Prince Charles បានផ្លាស់ប្តូរទម្លាប់ពីការចាប់ដៃ មកជាការសំពះវិញ នៅពេលស្វាគមន៍គ្នា នៅឯកម្មវិធី Prince's Trust Awards នៅឯទីក្រុង London។ បើតាមខ្សែវីដេអូខ្លី ដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ Prince Charles លើកដៃសំពះ ដើម្បីជាការស្វាគមន៍គ្នាទៅវិញទៅមក ដើម្បីចៀសវាងពីការបះពាល់គ្នា៕
លោក សំបូរ ម៉ាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលនិយាយនៅក្នុងកម្មវិធី «កៅអីក្ដៅ» កាលពីពេលកន្លងទៅ បានបញ្ជាក់ថា ផ្អែកតាមរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ ឬរបាំអប្សរា និង សម័យហ្វូណន និងរឿងព្រេង ព្រះថោង នាងនាគ មានពិធីមង្គលការ ដែលបានប្រើប្រាស់ការសំពះតាំងពីពេលនោះមក។ ដូច្នេះចង់មិនចង់ប្រវត្តិនៃការសំពះនេះបានកើតលើទឹកដីកម្ពុជា មិនតិចជាង២ពាន់ឆ្នាំមកនោះទេ។ កត្តានេះហើយ ដែលសបញ្ជាក់ឲ្យឃើញថា ទម្លាប់នៃការសំពះ បានកើតមុនប្រទេសផ្សេងៗ ដូចជា ប្រទេសថៃ ឡាវ និងភូមា ជាដើម។
ការសំពះត្រូវបានគេចែកចេញជា ៥ របៀបគឺ ៖
ការសំពះដាក់ដៃត្រឹមដើមទ្រូងជាការសំពះទៅកាន់មនុស្សដែលបានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិ។
ការសំពះដាក់ដៃត្រឹមមាត់ជាការសំពះទៅកាន់មនុស្សដែលមានវ័យចាស់ជាង ឬចៅហ្វាយនាយ។
ការសំពះដាក់ដៃត្រឹមចុងច្រមុះជាការសំពះទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ។
ការសំពះដាក់ដៃត្រឹមចិញ្ចើមជាការសំពះទៅកាន់ព្រះមហាក្សត្រ និង វត្ថុសក្ដិសិទ្ធជាទីសក្ការៈ។
ការសំពះដាក់ដៃត្រឹមថ្ងាសជាការសំពះគោរពដល់ព្រះរតនត្រ័យ និងការបួងសួងនានា។
នៅអំឡុងការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម Covid-19 នេះ ការសំពះ គឺជាវិធានដ៏ល្អម្យ៉ាង ដែលជាផ្នែកមួយ ជួយការពារដល់សុខភាពយើងមិនឲ្យឆ្លងពីជំងឺខាងលើនេះផង និងចូលរួមលើកស្ទួយប្រពៃណី វប្បធម៌ខ្មែរ។
យ៉ាងណាក៏ដោយ ដើម្បីការពារពីការឆ្លងជំងឺ Covid-19 នេះ ប្រជាជនក៏មិនគួរភ្លេចឡើង ការរស់នៅអនាម័យ ដោយលាង ដៃ និងប្រើម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងការថែរក្សាសុខភាពឲ្យបានល្អ ដើម្បីប្រឆាំងនឹងការឆ្លង នៃជំងឺខាងលើនេះ៕
ចូលរួមទាំងអស់គ្នាដើម្បីការពារជម្ងឺកូរ៉ូណា